
យុវជនម្នាក់បានស្លាប់ ក្រោយពីឆ្កែឆ្កួតខាំអស់ពេលជាង២ខែ នៅប៉ៃលិន
ដោយ ៖ ស សារ៉េត ថ្ងៃទី 15 វិច្ឆកា 2012ម៉ោង 08:57:51
ខេត្តប៉ៃលិន៖យុវជនម្នាក់បានស្លាប់ បន្ទាប់ពីរូបដឹងខ្លួនថាមានអាការមិនស្រួលដោយឆ្កែឆ្កួតមួយក្បាលរត់តាមដងផ្លូវខាំពេលដែលរូបគេជិះម៉ូតូប៉ះឆ្កែ ពេលខាំរួចទុករយៈពេលជាង២ខែមិនយកទៅចាក់ថ្នាំវ៉ាក់សាំង ហើយក្រោយមកត្រូវបានឪពុកម្តាយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ក៏ស្លាប់នៅទីនោះ។ យុវជនរងគ្រោះ ឈ្មោះ ណន ភារម្យ អាយុ១៩ឆ្នាំ ជាកសិករ ឪពុក ឈ្មោះ ណន សាវ៉េត អាយុ៥៥ឆ្នាំ ម្តាយ ឈ្មោះ យ៉េន ស៊ីណាត អាយុ៤៥ឆ្នាំ រស់នៅភូមិបយ៉ាខា សង្កាត់បយ៉ាខា ក្រុងប៉ៃលិន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ វិច្ឆិកា ២០១២ នៅក្នុងមន្ទីរពេទ្យខេត្ត។
សាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុយុវជនរងគ្រោះបានជិះម៉ូតូទៅផ្សារ ជិះដល់ពាក់កណ្តាលផ្លូវ មានឆ្កែមួយក្បាល បែកពពុះមាត់ រត់យ៉ាងលឿនទៅបុកត្រូវនឹងម៉ូតូរួចក៏ខាំត្រូវជើងរបស់យុវជនបណ្តាលឱ្យចេញឈាម។ បន្ទា ប់មកដល់ផ្ទះយុវជនរងគ្រោះមិនបានប្រាប់ឪពុកម្តាយទេ ដោយគ្រាន់តែយកក្រណាត់រុំរបួសខ្លួនឯងរួចឈប់ហូរឈាម ក៏ទៅធើ្វការកាច់ពោត ជូនឪពុកតាមធម្មតា។ ប្រភពបន្តទៀតថា លុះមុនថ្ងៃស្លាប់៣ថ្ងៃ យុវជនរងគ្រោះតែងតែពោលថា ចុករោយរាងកាយ ហើយមានចេញជាំពេញខ្លួន ទើបបណ្តាលឱ្យអាការកាន់តែខ្លាំង ដោយឃើញដូច្នេះឪពុកម្តាយរបស់គេក៏ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត អស់រយៈពេល៣ថ្ងៃក៏ស្លាប់បាត់បង់ជីវិតរួចដឹកមកផ្ទះវិញ។
អ្នកស្រី យ៉េន ស៊ីណាត បានឱ្យដឹងថា នៅមុនថ្ងៃកើតហេតុកាលពីខែកញ្ញា កូនប្រុសរបស់គាត់បានជិះម៉ូតូទៅផ្សារ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមាន ឆ្កែមួយក្បាលខាំត្រូវជើងស្តាំកូនប្រុសរបស់គាត់ លុះត្រឡប់មកផ្ទះវិញកូនគាត់បានពោលប្រាប់ដែរថា មានឆ្កែមួយក្បាលខាំតែត្រូវរបួសតិចទេ។ ប្រភពបន្តទៀតថា គាត់ក៏មិនចាប់អារម្មណ៍ថា កូនត្រូវ ឆ្កែឆ្កួតខាំនោះទេ ធ្លោយមិនបាននាំកូនប្រុសរបស់ខ្លួនទៅចាក់វ៉ាក់សាំង ណាមួយដោយគាត់រវល់កិច្ចការនៅឯចម្ការផង។ មុនថ្ងៃកើតហេតុកូនគាត់មានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ឃើញមានស្នាផុសចេញតាមស្បែកពេញទាំងខ្លួន ពេលនោះគាត់សង្ស័យឆ្កែដែលខាំកូនប្រុសគាត់ជាឆ្កែឆ្កួត ប្រញាប់បញ្ជូនទៅមន្ទីរពេទ្យខេត្ត។ តែពិសជ្រាបចូលពេញខ្លួនកូនរបស់គាត់ទើបបណ្តាលឱ្យសា្លប់បាត់បង់ជីវិត៕
