ទៅ​មើល​ការ​ប្រកួត​ហែល​ទឹក​បាន​ឆ្នោត​ផ្សងសំណាង​!

ដោយ​ ៖ យឺន​ ពន្លឺ ថ្ងៃទី 15 វិច្ឆកា 2012ម៉ោង 09:05:38

​ភ្នំពេញ ​៖​ ព្រឹត្តិការណ៍​ប្រកួត​កីឡាហែលទឹក​បាន​ចាប់ផ្ដើម​ហើយ​ ដោយ​បាន​បើក​ការ​ពី​ល្ងាច​ថ្ងៃ​ទី​១៤​ វិច្ឆិកា​កន្លង​ ទៅ​នេះ​ នៅ​ឯ​ពហុ​កីឡាដ្ឋាន​ជាតិ​ ដោយ​ការ​ប្រកួត​នេះ​សហព័ន្ធ​បាន​រៀបចំ​នូវ​កម្មវិធី​ពិសេស​ សម្រាប់​អ្នក​ ដែល​ចូល​មក​ទស្សនាការ​ប្រកួត​នេះ​ដោយ​សេរី​ នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​ សម្រាប់​ធ្វើការ​ផ្សងសំណាង​នៅ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​ ទី​១៧​ វិច្ឆិកា​ ចុង​ស​ប្ដា​ហ៍​នេះ​ ។​

​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ស្ម័គ្រចិត្ត​ លោក​ ហែម​ ថុ​ន​ ឲ្យ​ដឹង​ថា​ រៀងរាល់ថ្ងៃ​ប្រកួត​ សហព័ន្ធ​នឹង​ចែក​ឆ្នោត​ផ្សងសំណាង​ឲ្យ​អ្នកចូលរួម​ទស្សនា​បំពេញ​ ដើម្បី​ចាប់​យក​រង្វាន់​នៅ​ថ្ងៃ​ចុង​ក្រោយ​គឺ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ថ្ងៃ​ទី​១៧​ វិច្ឆិកា​នេះ​។​ “​យើង​នឹង​ចែក​ម្នាក់​ មួយ​សន្លឹក​រាល់ថ្ងៃ​ ចាប់ពី​ម៉ោង​៣​រសៀល​ទៅ​ ដើម្បី​លើកទឹកចិត្ត​ឲ្យ​មាន​អ្នក​មើល​កាន់តែ​ច្រើន​ ទៅ​មួយ​ថ្ងៃ​ បាន​១​សន្លឹក​ ទៅ​២​ថ្ងៃ​ បាន​២​សន្លឹក​ រង្វាន់​មិន​ទាន់​ប្រាប់​ថា​ ជា​អ្វី​ទេ​ តែ​ខាង​ក្រុមហ៊ុន​ ខេ​ ស៊ី​ មេន​ បាន​ត្រៀម​អស់ហើយ​។​

​ជើងឯក​យុវជន​ ខេ​ស៊ី​មេន​ ឆ្នាំ​នេះ​មាន​ ១៤០​នាក់​ ក្នុង​នោះ​មាន​៣៦​នាក់​ជា​កីឡាការិនី​ មក​ពី​ក្លិប​ហែល​ទឹក​ចំនួន​១៣​ក្លិប​។​ “​មាន​ទាំង​ជន​ពិការ​ កុមារ​ តូចៗ​អាយុ​៩​ឆ្នាំ​១១​ឆ្នាំ​ និង​អ្នក​ហែល​ជំនាញ​ដែរ​ ហើយ​ក្នុង​ចំណោម​នេះ​មាន​ជាង​៥០​នាក់​ ស្ថិត​ក្នុង​កម្រិត​អាយុ​យុវជន​ដែល​សហព័ន្ធ​កំពុង​ត្រូវការ​ពង្រឹង​ខ្លាំង​”​ ។​

​ដោយឡែក​សម្រាប់​ការ​ប្រកួត​ហែល​ទឹក​ យុវជន​ពានរង្វាន់​ ខេ​ស៊ី​មែន​ ឆ្នាំ​២០១២​ ថ្ងៃ​ដំបូង​នេះ​បាន​ចេញ​លទ្ធផល​មក​ខ្លះៗ​ហើយ​ ក្នុង​នោះ​មាន​វិញ្ញាសារ​ ហែល​របៀប​សេរី​នារី​អាយុ​ក្រោម​ ១៦​ឆ្នាំ​ចំណាត់ថ្នាក់​លេខ​១​ បាន​ទៅ​កីឡាការិនី​ នេន​ សុ​ម៉ា​លី​ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ហែល​ក្នុង​ថិរវេលា​៣៧​វិនាទី​០២​ លេខ​ ២​កីឡា​ ការិនី​ទេស​ ល​ក្ខិ​ណា​ ខេត្តកំពង់ចាម​ហែល​ក្នុង​ថិរវេលា​៤១​វិនាទី​០៥​ និង​ ចំណាត់ថ្នាក់​លេខ​៣​កីឡាការិនី​ ឃិ​ន​ ស្រី​ល័ក្ខណ៍​វិទ្យាល័យ​ជម្ពូរ​វ័​ន្ដ​ហែល​ក្នុង​ថិរវេលា​៤២​វិនាទី​១៤​ ។​

​វិញ្ញាសា​ហែល​៥០​ម៉ែត្រ​របៀប​សេរី​កុមា​រា​អាយុ​ក្រោម​១៤​ឆ្នាំ​ ចំណាត់ថ្នាក់​លេខ​១​ កុមា​រា​ ប៊​ន​ កៅ​លាង​ មក​ពី​ខេត្តកំពង់ចាម​ ថិរវេលា​៣៦​វិនាទី​៩៤,​ ចំណាត់ថ្នាក់​លេខ​២​ កុមា​រា​ សាន​ វារៈ​ មក​ពី​ខេត្តកំពង់ចាម​ ថិរវេលា​ ៣៧​ វិនាទី​៩៥​ និង​លេខ​៣​ កុមា​រា​ ជា​ វ​ណ្ណា​ មក​ពី​ក្លិប​អង្គការ​មិត្តសម្លាញ់​ ថិរវេលា​៤៥​វិនាទី​១១​ ៕