
អគ្គិភ័យឆេះសណ្ឋាគារម៉ាចេកស្ទីគអូរៀនថលក្រុងសៀមរាបជាន់ទី៣ទាំងកណ្តាលអធ្រាត្រ
ដោយ ៖ ថ្ងៃទី 15 វិច្ឆកា 2012ម៉ោង 11:13:57
ខេត្តសៀមរាប ៖ មានការភ្ញាក់ផ្អើលមួយដោយជាន់ទី៣នៃសណ្ឋាគារម៉ាចេកស្ទីគអូរៀនថល ស្ថិតក្នុងភូមិក្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានអគ្គីភ័យឆាបឆេះកាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០១២ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងការឆាបឆេះនេះ បណ្តាលឱ្យខូចខាតអស់៥បន្ទប់ និងរូបចម្លាក់ធ្វើអំពីឈើ ជាច្រើនត្រូវបានឆេះរោលខ្មៅដោយផ្សែងភ្លើង តែមិនបណ្តាលឲ្យនរណា ម្នាក់រងរបួសក្នុងហេតុការណ៍នេះឡើយ ។
តាមការឱ្យដឹងពីអ្នកគ្រប់គ្រងសណ្ឋាគារបាននិយាយថា ការឆេះនេះអាចបណ្តាលមកពីជនជាតិរុស្ស៊ីម្នាក់ ស្នាក់នៅបន្ទប់៣០៤ នៃសណ្ឋាគារខាងលើផឹកស្រវឹងទំនងជាបោះកន្ទុយបារីលើកម្រាលព្រំ ទើបបង្កឱ្យមានភ្លើងឆាបឆេះបែបនេះ ។ ក្នុងពន្លត់អគ្គិភ័យនោះនគរបាលបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តបានប្រើរថយន្ត៣គ្រឿងមកបាញ់ពន្លត់ទាន់ពេល មិនឲ្យភ្លើងឆេះរាលដាលដល់ជាន់ផ្សេងទៀត ៕
