អគ្គិភ័យ​ឆេះ​សណ្ឋាគារ​ម៉ា​ចេក​ស្ទី​គ​អូ​រៀន​ថ​ល​ក្រុងសៀមរាបជាន់​ទី​៣​ទាំង​កណ្តាលអធ្រាត្រ​

ដោយ​ ៖ ថ្ងៃទី 15 វិច្ឆកា 2012ម៉ោង 11:13:57

​ខេត្តសៀមរាប​ ៖​ មានការ​ភ្ញាក់ផ្អើល​មួយ​ដោយ​ជាន់​ទី​៣​នៃ​សណ្ឋាគារ​ម៉ា​ចេក​ស្ទី​គ​អូ​រៀន​ថ​ល​ ស្ថិត​ក្នុងភូមិ​ក្រួស​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ឆ្នាំ​២០១២​ ។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ការ​ឆាបឆេះ​នេះ​ បណ្តាល​ឱ្យ​ខូចខាត​អស់​៥​បន្ទប់​ និង​រូបចម្លាក់​ធ្វើ​អំពី​ឈើ​ ជា​ច្រើន​ត្រូវ​បាន​ឆេះ​រោល​ខ្មៅ​ដោយ​ផ្សែងភ្លើង​ តែ​មិន​បណ្តាល​ឲ្យ​នរណា​ ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍​នេះ​ឡើយ​ ។​

​តាម​ការ​ឱ្យ​ដឹង​ពី​អ្នកគ្រប់គ្រង​សណ្ឋាគារ​បាន​និយាយ​ថា​ ការ​ឆេះ​នេះ​អាច​បណ្តាល​មក​ពី​ជនជាតិ​រុ​ស្ស៊ី​ម្នាក់​ ស្នាក់​នៅ​បន្ទប់​៣០៤​ នៃ​សណ្ឋាគារ​ខាងលើ​ផឹក​ស្រវឹង​ទំនងជា​បោះ​កន្ទុយបារី​លើ​កម្រាលព្រំ​ ទើប​បង្ក​ឱ្យ​មាន​ភ្លើង​ឆាបឆេះ​បែប​នេះ​ ។​ ក្នុង​ពន្លត់​អគ្គិភ័យ​នោះ​នគរបាល​បង្ការ​និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រើ​រថយន្ត​៣​គ្រឿង​មក​បាញ់​ពន្លត់​ទាន់​ពេល​ មិន​ឲ្យ​ភ្លើង​ឆេះ​រាលដាល​ដល់​ជាន់​ផ្សេង​ទៀត​ ៕