សេង​ កំសត់​ ឡើង​សងសឹក​ អ៊ុ​ង​ ស៊ី​ណា​ នៅ​ស្វៀ​ន​TV3​ល្ងាច​នេះ

ដោយ​ ៖ យឺន​ ពន្លឺ ថ្ងៃទី 16 វិច្ឆកា 2012ម៉ោង 10:41:11

​ភ្នំពេញ​ ៖​ សេង​ កំសត់​ អ្នក​ប្រដាល់​ក្លិប​ខេ​ម​រិ​ន្ទ​មាន​ឫទ្ធិ​ នឹង​ឡើង​ប្រកួត​សងសឹក​ អ៊ុ​ង​ ស៊ី​ណា​ អ្នក​ប្រដាល់​ក្លិប​បឹង​ទំពុន​ កីឡា​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៣​នា​ល្ងាច​នេះ​ ខណៈ​កីឡាករ​ទាំង​២​ធ្លាប់​ជួប​គ្នា​ពីរ​ដង​ហើយ​ តែ​ កំសត់​ បាន​ត្រឹម​ស្មើ​ និង​ចាញ់​តែ​ប៉ុណ្ណោះ​។​

​ អ៊ុ​ង​ ស៊ី​ណា​ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ សេង​ កំសត់​ ទេ​ ប៉ុន្តែ​ អ៊ុ​ង​ ស៊ី​ណា​ មាន​ស្នៀត​ប្រដាល់​ល្អ​ទាំង​កណ្តាប់ដៃ​ ទាំង​ស្នៀត​ជើង​ ហើយ​កម្លាំង​ស៊ុ​ហ្វ​របស់​គេ​ក៏​ខ្លាំង​រឹង​មាំ​ដែរ​ ។​ ឯ​សេង​ កំសត់​ វិញ​ ស្នៀត​ប្រដាល់​របស់​គេ​មិន​អន់​ទេ​ និង​វ៉ៃ​កាច​ថែម​ទៀត​ ។​ ប៉ុន្តែ​ភាព​ខ្លាំង​របស់​ កំសត់​ បាន​តែ​មួយ​ប្រាវ​ប៉ុណ្ណោះ​ ព្រោះ​គេ​មាន​កម្លាំង​ស៊ុ​ហ្វ​មិន​គ្រប់គ្រាន់​ ដោយសារ​វ័យ​របស់​គេ​រាង​ជ្រេ​បន្តិច​ទៅ​ហើយ​។​ ទោះជា​យ៉ាងណា​ ពីរ​បី​ទឹក​ដំបូង​ ស៊ី​ណា​ វ៉ៃ​ខ្លាំង​ដូច​ព្យុះ​ តែ​លើស​ពី​ហ្នឹង​ទៅ​គេ​ប៉ក់​ល្វើយ​ហើយដោយ​សារ​អស់​ស៊ុ​ហ្វ​ ។​

​អ៊ុ​ង​ ស៊ី​ណា​ ប្រកួត​ចុង​ក្រោយ​នេះ​ គេ​វាយ​ស្មើ​ជាមួយ​ ឈាន​ រស្មី​ អ្នក​ប្រដាល់​ក្លិប​ប្រដាល់​ខេត្តរតនគិរី​។​  សេង​ កំសត់​ មិនដឹង​ថា​អាច​សងសឹក​ អ៊ុ​ង​ ស៊ី​ណា​ បាន​សំរេច​ឬ​អត់​ទេ​ ?​ ព្រោះថា​ កំសត់​ មានចិត្ត​ប្រដាល់​តូច​ មិនសូវ​ហ៊ាន​ប្តូរ​ឡើយ​ ។​

​ឱម​ សំរេច​ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ឆ័​ត្រ​យោង​៩១១​ នឹង​ឡើងសាក​កណ្តាប់ដៃ​ជាមួយ​រិ​ន​ មុន្នី​ អ្នក​ប្រដាល់​ក្លិប​កងទ័ពជើងគោក​ ។​ អ្នក​ប្រដាល់​ទាំង​ពីរ​នាក់​នេះ​ ពុំ​ធ្លាប់​ដែល​ជួប​គ្នា​ទេពី​មុន​មក​។​ ឱម​ សំរេច​ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ ក្បាច់គុន​ល្អ​គួរសម​ តែ​ទាស់​ត្រង់​វ៉ៃ​រាង​ឆេវឆាវ​បន្តិច​ ធ្វើ​អោយ​ការ​ប្រកួត​ភាគច្រើន​ទទួល​បរាជ័យ​ ។​ អ្នក​ប្រដាល់​រូប​នេះ​ ប្រកួត​ចាញ់​៥​ប្រកួត​ជាប់ៗ​គ្នា​ដែល​ចុង​ក្រោយ​គេ​វ៉ៃ​ចាញ់​ភី​រម្យ​ ភក្តី​ អ្នក​ប្រដាល់​ក្លិប​រការ​ខ្នុរ​គុន​ខ្មែរ​ដោយ​ពិន្ទុ​។​ សំរេច​ តាម​មើល​ប្រហែលជា​មិន​អាច​ឈ្នះ​រិ​ន​ មុន្នី​បាន​ឡើយ​ ។​

​រិ​ន​ មុន្នី​ ជា​អ្នក​ប្រដាល់​ជើង​ចាស់​ដែល​ពី​មុន​មានឈ្មោះ​ថា​ នួន​ មុន្នី​។​ ក្រោយ​ពី​បាត់​មុខ​មួយ​រយះ​យូរ​មក​ គេ​បាន​វិល​មក​សង្វៀន​វិញ​ ដោយ​ដូរ​ឈ្មោះ​ ដូរ​ក្លិប​ហើយ​ចុង​ក្រោយមក​ក្លិប​ដើម​វិញ​ដដែល​ ។​ អ្នក​ណា​ប្រកួត​ជាមួយ​ មុន្នី​ គឺ​ពិបាក​ហើយ​ ព្រោះ​អ្នក​ប្រដាល់​រូប​នេះ​ វ៉ៃ​មិន​ហ្នឹង​មួយ​កន្លែង​នោះ​ទេ​ គឺ​រត់​ពេញ​រេញ​ ឆាក​ចុះ​ឆាក​ឡើង​ឆ្វេង​ស្តាំ​ ធ្វើ​ឲ្យ​គូប្រកួត​វិល​ ហើយ​ទីបំផុត​ មុន្នី​ គេ​ឆ្មក់​វ៉ៃ​មួយ​ដៃៗ​ យក​ពិន្ទុ​។​ តាំងពី​វិល​មក​សង្វៀន​វិញ​ គេ​ប្រកួត​ឈ្នះ​រហូត​ ដែល​ការ​ប្រកួត​ចុង​ក្រោយ​នេះ​ មុន្នី​ វាយ​ឈ្នះ​ ឆាយ​ មាស​ អ្នក​ប្រដាល់​ក្លិប​តេជៈ​រាជសីហ៍​ខេត្តក្រចេះ​ដោយ​ពិន្ទុ​។​ ចាំ​មើល​ថា​  ឱម​ សំរេច​ អាច​យកឈ្នះ​អ្នក​ប្រដាល់​ រិ​ន​ មុន្នី​ ដែល​ជា​ជើង​ខ្លាំង​ប្រចាំ​សង្វៀន​បាន​ដែរ​ឬទេ​? ៕