
សប្ដាហ៍នេះ ពេជ្រ សីហា ឬ ឡៅ ស៊ីណាតជាអ្នកឈ្នះកីឡាករបរទេស
ដោយ ៖ យឺន ពន្លឺ ថ្ងៃទី 20 វិច្ឆកា 2012ម៉ោង 09:57:23
ភ្នំពេញ ៖ នៅសប្ដាហ៍នេះ ស្ថានីយ៍ទូរទស្សន៍ប៉ុស៌្ត៍លេខ៣ បានចាប់ផ្ដើមប្រកួតប្រដាល់ជាលក្ខណៈអន្តរជាតិម្ដងទៀតហើយ នៅល្ងាចថ្ងៃទី២៤ វិច្ឆិកា ខាងមុខនេះ ដោយមានគូបរទេសពីរគូ ក្នុងនោះមានកីឡាករ ពេជ្រ សីហា អ្នកប្រដាល់មកពីសមាគមនកីឡាប្រដាល់ក្រសួងការពារជាតិ ប៉ះអ្នកខ្លាំងមកពីប្រេស៊ីល ឈ្មោះ Gustavo ខណៈដែលកីឡាករឡៅ ស៊ីណា ជួបប្រកួតជាមួយនឹង San Chai Noiy មកពីប្រទេសថៃ។
កីឡាករប្រេស៊ីល Gustavo នេះធ្លាប់បានមកប្រកួតជាមួយនឹងកីឡាករកម្ពុជាម្ដងរួចទៅហើយ កាលពីខែឧសភា ឆ្នាំ២០១២ ដោយកាលណោះគេបានប្រកួតចាញ់ជើងខ្លាំងរបស់កម្ពុជា នួន សូរិយា ។
អ្នកផ្គផ្គងប្រចាំសង្វៀនTV3បានត្អូញត្អែរថា ការផ្គូផ្គងកីឡាករបរទេសមានការពិបាកណាស់ ពិសេសការផ្គូរជាមួយពួកអឺរ៉ុបតែម្តង កីឡាករអឺរ៉ុបមានកម្ពស់ខ្ពស់ៗ ឯកីឡាករខ្មែរតូចហើយទាបជាងគេថែមទៀត ។ អ្នកផ្គូរផ្គងនោះរអ៊ូទៀតថា បើយកបរទេសល្អមក យើងពិបាកសង្ឃឹមឈ្នះ តែបើយកបរទេសអន់ៗមកវ៉ៃគេជេរដូច្នេះការផ្គូរផ្គងមានការពិបាកណាស់ ។ ប៉ុន្តែគូរបស់ ពេជ្រ សីហា លើកនេះ មិនដូចជាគូ លើកមុននោះទេ ។
Gustavo ធ្លាប់ប្រកួតចាញ់ជាមួយនឹងកីឡាករខ្មែរមែន តែការចាញ់នោះ គឺចាញ់ដោយអស់សមត្ថភាពតែម្ដង ហើយក៍បានធ្វើឲ្យគូប្រកួតឈឺសាច់មិនស្ទើរដែរ។ សីហា និង ស៊ីណាត សុទ្ធតែជាកំពូលជើងខ្លាំងមានល្បិចប្រយុទ្ធនៅលើសង្វៀន ក្រាស់ឃ្មឹកដូចគ្នា ទាំងស្នៀតកែងនិងជង្គង់ល្អដូចគ្នាទៀត ប៉ុន្តែ សីហា ចិត្តគេមិនសូវសឿងឡើយ ។ មួយរយៈមកនេះ សីហា មានយីអ៊ុនដូចជាឡើងខ្ពស់សម្បើមណាស់ ហើយសម្រាប់ការជាមួយនឹងអ្នកប្រដាល់ សញ្ជាតិប្រេស៊ីលនេះ គេមាន សង្ឃឹមឈ្នះ៧០%ទៅហើយ។ ទោះជាយ៉ាងណា សម្រាប់គូនេះ គេមិនហ៊ានអះអាងថា អ្នកណាឈ្នះ អ្នកណាចាញ់នោះទេ ?
រីឯឡៅ ស៊ីណាត វីញ គេនៅមិនទាន់ហ៊ានធានាថា យ៉ាងណានោះទេ ព្រោះកន្លងមក គេមិនសូវជាប្រកួត ប៉ះជាមួយនឹងកីឡាករថៃនោះទេ ជួបតែជាមួយនឹងកីឡាករអ៊ឺរ៉ប ។ ឡៅ ស៊ីណាត ជាជើងខ្លាំងរបស់កម្ពុជា ដែលធ្លាប់ផ្តួលយកឈ្នះអ្នកប្រដាល់បរទេសអស់មិនតិចនាក់ទេកន្លងមក ។ ប្រកួតជាមួយបរទេសលើកចុងក្រោយនេះ ស៊ីណាត បានបំបាក់ Forest Gregory ជនជាតិបារាំងអោយចុះចាញ់នៅក្នុងទឹកទី២ ។ ស្នៀតទាត់ ជង្គង់ និងកែង របស់ស៊ីណាត គឺទុកចិត្តតែម្តង ព្រោះគេបញ្ចេញគ្រប់ស្នៀតបានល្អ ។
ទោះបីយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគប្រដាល់គេពុំទាន់មានជំនឿមួយរយភាគរយលើ ឡៅ ស៊ីណាត នោះឡើយ ដោយសារតែយោងទៅតាមវ័យរបស់ ស៊ីណាត រាងជ្រេបន្តិចទៅហើយនោះ៕
