
ក្រុមបាល់ទាត់ស្ថាបនាលីមីធីតឡើងទៅកាន់វគ្គផ្តាច់ព្រ័តដណ្តើមពានរង្វាន់សមាគមន៏មីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)
ដោយ ៖ ថ្ងៃទី 20 វិច្ឆកា 2012ម៉ោង 13:43:39
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២កន្លងទៅនេះ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ដណ្តើមពានរង្វាន់ សមាគមន៏មីក្រូហិរញ្ញវត្ថុ កម្ពុជា រវាង ក្រុមបាល់ទាត់ ស្ថាបនា លីមីតធីត និងក្រុមអម្រិត បានទាក់ទាញចំណាប់អារម្មណ៏អ្នកទស្សនាខ្លាំងបំផុត។ អ្នកគាំទ្រក្រុមទាំង២នេះ ស្ទើរតែគាំងបេះដូង ម្តងៗទៅហើយ ជាពិសេសនៅពេលបាល់រំកិលទៅកៀកទីម្ខាងៗ។
ការប្រកួតរវាងក្រុមទាំង២នេះ មានភាពស្វិតស្វាញជាងការប្រកួតនាពេលកន្លងមក ព្រោះនេះជា ការប្រកួតឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត។ ក្រុមទាំង ២ សុទ្ធតែមានជំនឿចិត្តរៀងៗខ្លួនថា នឹងដណ្តើមបានជោគជ័យក្នុងការប្រកួតនេះ។
ក្រុមស្ថាបនា លីមីតធីត មានឳកាសគ្រប់គ្រងបាល់បានច្រើនជាង ក្រុមអម្រិត ប៉ុន្តែមិនមានឳកាស បញ្ជូនគ្រាប់បាល់បញ្ចូលទីខាងក្រុមអម្រិតឡើយ ពីព្រោះក្រុមអម្រិត ក៏មានខ្សែការពារដ៏រឹងមាំផងដែរ។
ទោះជាក្រុមទាំង ២ មានការវាយបកទៅវិញទៅមកយ៉ាងខ្លាំងក្លាយ៉ាងណាក៏ដោយ លទ្ធផលបាន ត្រឹមតែ ០ ទល់នឹង ០ តែប៉ុណ្ណោះសំរាប់រយៈពេល ៩០ នាទី។
ការប្រកួតនេះមិនមានការបន្ថែមម៉ោងនោះទេ ដូច្នេះអាជ្ញាកណ្តាលសំរេចសេចក្តី ដោយតំរូវឲ្យក្រុម ទាំង ២ទាត់បាល់១១ ម៉ែត្រចំនួន ៥ គ្រាប់។ ជាលទ្ធផល ក្រុមស្ថាបនា លីមីតធីត ទាត់បាល់បញ្ចូលទីបាន ទាំង ៥ គ្រាប់ រីឯក្រុម អម្រិតវិញ ទាត់បាល់បញ្ចូលទីបានតែ ៤ គ្រាប់តែប៉ុណ្ណោះ។ ដូច្នេះក្រុមបាល់ទាត់ ស្ថាបនា លីមីតធីត ជាក្រុមមួយដែលឡើងទៅរង់ចាំការប្រកួតវគ្គផ្តាច់ព្រ័តរួចជាស្រេច។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមស្ថាបនា ទទួលជ័យជំនះចំនួន ៤ ប្រកួតជាប់ៗគ្នា ដោយទាត់បាល់បញ្ចូលទី គូប្រកួតបានចំនួន ៧គ្រាប់ និងរបូតវិញចំនួនតែ១គ្រាប់:
1-ស្ថាបនាលីមីតធីត 2 - 0 ខេម កាពីតាល់,
2-ស្ថាបនាលីមីតធីត 2 - 0 AMK,
3-ស្ថាបនាលីមីតធីត 3 – 1 ហត្ថាកសិករ,
4-ស្ថាបនាលីមីតធីត 5 – 4 អម្រិត គ្រាប់បាល់ ១១ ម៉ែត្រ។
សូមទស្សនិកជនទាំងអស់ រង់ចាំមើលថាតើក្រុមប្រាសាក់ ឬ ក្រេឌីត ដែលអាចឡើងទៅវគ្គផ្តាច់ព្រ័តជាមួយក្រុមស្ថាបនា លីមីតធីត៕
