ជំនួប​រវាង​លោក​ ចម​ ប្រសិទ្ធ​ និង​រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម​ញូ​វ​ហ្សេ​ឡែ​ន​ដើម្បី​ព​ន្លឿ​ន​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២

ដោយ​ ៖ សំរិត|ថ្ងៃទី 21 វិច្ឆកា 2012 ម៉ោង 15:24:42

​ភ្នំពេញ​ ៖​ ជំនួប​រវាង​លោក​ទេស​រដ្ឋមន្ដ្រី​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ជាមួយ​លោក​ HONOURABLE​ TIMCROZER​  រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន​ ដើម្បី​ព​ន្លឿ​ន​វិ​ស័យពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពី​ឱ្យ​មាន​ភាពល្អ​ប្រសើរ​នៅ​ពេល​នាគ​ត​ និង​ពិភាក្សា​លើ​បញ្ហា​ទ្វេភាគី​ក្នុង​កិច្ចការ​ក្នុង​អាស៊ាន​ នា​ព្រឹក​ថ្ងៃ​ទី​ ២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ នេះ​នៅ​ក្រសួងពាណិជ្ជកម្ម​ ។​   

​ក្រោយ​ពី​ជំនួប​នេះ​ លោក​ទេស​រដ្ឋមន្ដ្រី​ ចម​ ប្រសិទ្ធ​ មាន​សាសន៍​ថា​ កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១២​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ថ្នាក់ដឹកនាំ​នៃ​បញ្ហា​ប្រទេស​ជា​សមាជិក​អាស៊ាន​ និង​ប្រទេស​ដៃគូ​បាន​ប្រកាស​បើក​ដំណាក់កាល​នៃ​ការ​ចរចា​ ដើម្បី​កសាង​នូវ​ភាព​ជា​ដៃគូ​ខាង​ផ្នែក​សេដ្ឋកិច្ច​  គ្រប់​ជ្រុងជ្រោយ​មួយ​នៅ​ក្នុង​តំបន់​ ។​ 

​លោក​បន្ដ​ថា​ នេះ​គឺជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ទាំង​១០​បូក​៦​ ដើម្បី​ធ្វើ​ឱ្យ​មាន​ក្រប​ខណ្ឌ​ខាង​ផ្នែក​គតិ​យុ​ត្ដ​ ផ្នែក​បច្ចេកទេស​ ដើម្បី​ឱ្យ​ការងារ​វិនិយោគ​ និង​ការ​ចរាចរ​ទំនិញ​ចេញ​ ចូល​មាន​ភាព​ងាយស្រួល​នា​ពេល​អនាគត​ ។​ នេះ​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ឆ្ពោះទៅ​រក​ភាព​កសាង​តំបន់​មួយ​ ដែល​មាន​សក្ដានុពល​មួយ​ធំ​ អាច​ថា​ ធំ​ជាង​សហរដ្ឋអាមេរិក​បូក​ជាមួយ​សហគមន៍​អ៊ឺ​រ៉ុ​ប​ទៅ​ទៀត​  ព្រោះថា​ ចំនួន​ប្រជាជន​អាស៊ាន​បូក​ជាមួយ​ចិន​ និង​ឥណ្ឌា​ គឺ​ច្រើន​ជាង​ពាក់កណ្ដាល​នៃ​ប្រជាជន​ពិភពលោក​ទៅ​ទៀត​ ហើយ​កម្លាំង​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ​ក៏​ខ្លាំងក្លា​ដែរ​ ។​

លោក​ ចម​ ប្រសិទ្ធ​  បាន​បន្ដ​ថា​  ញូ​វ​ហ្សេ​ឡែ​ន​ គឺជា​ប្រទេស​មួយ​ដែល​មានការ​យោគយល់​ច្រើន​ចំពោះ​កម្ពុជា​ និង​សមាជិក​ថ្មីថ្មោង​ របស់​អាស៊ាន​ដែល​ធ្វើ​ឱ្យ​បាន​សម្រេច​នូវ​ការ​ចរ​ ចា​មានការ​ព្រមព្រៀង​ក្នុង​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ ជាមួយ​ឮ​នឹង​អូស្ដ្រាលី​ ញ៉ូ​វ​ហ្សេ​ឡែ​ន​  ទទួល​បាន​ជោគជ័យ​ដោយ​ងាយស្រួល​ ហើយ​ជា​ឯកសារ​មួយ​មាន​ល​ណ្ខៈ​គ្រប់​ ជ្រុងជ្រោយ​ជាង​កិច្ច​ព្រម​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ដែល​យើង​បាន​ធ្វើ​ជាមួយ​ដៃគូ​ដទៃ​ទៀត​ផង​ ។​ ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​ និង​ញ៉ូ​វ​ហ្សេ​ឡែ​ន​ គឺ​ញូ​វ​ហ្សេ​ឡែ​ន​បាន​ជួយ​បណ្ដុះ​ បណ្ដាល​ធនធាន​ មនុស្ស​របស់​កម្ពុជា​ ច្រើន​នាក់​ ។​  

​លោក​ទេស​រដ្ឋមន្ដ្រី​ ចម​ ប្រសិទ្ធ​ បាន​បញ្ជាក់​ទៀត​ថា​  លោក​និង​ស្នើ​ឱ្យ​ភាគី​ញូ​វ​ហ្សេ​ឡែ​ន​ ជួយ​បណ្ដុះបណ្ដាល​សមត្ថភាព​នៃ​មន្ដ្រី​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​មាន​លទ្ធភាព​ចេញ​ទៅ​ចរចា​ជាមួយ​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ក្ដី​ ទៅ​ក្រៅ​ក្របខ័ណ្ឌ​អាស៊ាន​ក្ដី​  ដើម្បី​ឱ្យ​មន្ដ្រី​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ ។​ លោក​បន្ដ​ថា​ ក្រសួងពាណិជ្ជកម្ម​ នឹង​បង្កើត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ខាង​ផ្នែក​ពាណិជ្ជកម្ម​មួយ​ សម្រាប់​មន្ដ្រី​ក្រសួងពាណិជ្ជកម្ម​ និង​ក្រសួង​ផ្សេងៗ​ទៀត​ ឱ្យមក​រៀន​ធ្វើ​កិច្ចការ​ផង​  រៀនសូត្រ​ទ្រឹស្ដី​ផង​ ហើយ​សម្រាប់​នៅ​ទី​នេះ​តែ​ម្ដង​ ដែល​ទី​នេះ​ភាគី​ញូ​វ​ហ្សេ​ឡែ​ន​ថា​ ខ្លួន​នឹង​ពិនិត្យ​លទ្ធភាព​ផ្ដល់​ជា​គ្រូបង្រៀន​ នឹង​សម្ភារ​ បច្ចេកទេស​ និង​បរិក្ខា​ មក​ម​ជ្ឈ​ មណ្ឌល​នៅ​ទី​នេះ​តែ​ម្ដង​ ៕