
ជំនួបរវាងលោក ចម ប្រសិទ្ធ និងរដ្ឋមន្ដ្រីពាណិជ្ជកម្មញូវហ្សេឡែនដើម្បីពន្លឿនវិស័យពាណិជ្ជកម្មរវាងប្រទេសទាំង២
ភ្នំពេញ ៖ ជំនួបរវាងលោកទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយលោក HONOURABLE TIMCROZER រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មប្រទេសញូវហ្សេឡែន ដើម្បីពន្លឿនវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីឱ្យមានភាពល្អប្រសើរនៅពេលនាគត និងពិភាក្សាលើបញ្ហាទ្វេភាគីក្នុងកិច្ចការក្នុងអាស៊ាន នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១២ នេះនៅក្រសួងពាណិជ្ជកម្ម ។
ក្រោយពីជំនួបនេះ លោកទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ មានសាសន៍ថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១២ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធថ្នាក់ដឹកនាំនៃបញ្ហាប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូបានប្រកាសបើកដំណាក់កាលនៃការចរចា ដើម្បីកសាងនូវភាពជាដៃគូខាងផ្នែកសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយមួយនៅក្នុងតំបន់ ។
លោកបន្ដថា នេះគឺជាការខិតខំប្រឹងប្រែងរបស់ប្រទេសទាំង១០បូក៦ ដើម្បីធ្វើឱ្យមានក្របខណ្ឌខាងផ្នែកគតិយុត្ដ ផ្នែកបច្ចេកទេស ដើម្បីឱ្យការងារវិនិយោគ និងការចរាចរទំនិញចេញ ចូលមានភាពងាយស្រួលនាពេលអនាគត ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់យើងឆ្ពោះទៅរកភាពកសាងតំបន់មួយ ដែលមានសក្ដានុពលមួយធំ អាចថា ធំជាងសហរដ្ឋអាមេរិកបូកជាមួយសហគមន៍អ៊ឺរ៉ុបទៅទៀត ព្រោះថា ចំនួនប្រជាជនអាស៊ានបូកជាមួយចិន និងឥណ្ឌា គឺច្រើនជាងពាក់កណ្ដាលនៃប្រជាជនពិភពលោកទៅទៀត ហើយកម្លាំងសេដ្ឋកិច្ចក្នុងតំបន់នេះក៏ខ្លាំងក្លាដែរ ។
លោក ចម ប្រសិទ្ធ បានបន្ដថា ញូវហ្សេឡែន គឺជាប្រទេសមួយដែលមានការយោគយល់ច្រើនចំពោះកម្ពុជា និងសមាជិកថ្មីថ្មោង របស់អាស៊ានដែលធ្វើឱ្យបានសម្រេចនូវការចរ ចាមានការព្រមព្រៀងក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ជាមួយឮនឹងអូស្ដ្រាលី ញ៉ូវហ្សេឡែន ទទួលបានជោគជ័យដោយងាយស្រួល ហើយជាឯកសារមួយមានលណ្ខៈគ្រប់ ជ្រុងជ្រោយជាងកិច្ចព្រមព្រមព្រៀងពាណិជ្ជកម្មសេរី ដែលយើងបានធ្វើជាមួយដៃគូដទៃទៀតផង ។ ចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងញ៉ូវហ្សេឡែន គឺញូវហ្សេឡែនបានជួយបណ្ដុះ បណ្ដាលធនធាន មនុស្សរបស់កម្ពុជា ច្រើននាក់ ។
លោកទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានបញ្ជាក់ទៀតថា លោកនិងស្នើឱ្យភាគីញូវហ្សេឡែន ជួយបណ្ដុះបណ្ដាលសមត្ថភាពនៃមន្ដ្រី របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីមានលទ្ធភាពចេញទៅចរចាជាមួយប្រទេសដទៃទៀតនៅក្នុងក្របខ័ណ្ឌអាស៊ានក្ដី ទៅក្រៅក្របខ័ណ្ឌអាស៊ានក្ដី ដើម្បីឱ្យមន្ដ្រីកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ។ លោកបន្ដថា ក្រសួងពាណិជ្ជកម្ម នឹងបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលខាងផ្នែកពាណិជ្ជកម្មមួយ សម្រាប់មន្ដ្រីក្រសួងពាណិជ្ជកម្ម និងក្រសួងផ្សេងៗទៀត ឱ្យមករៀនធ្វើកិច្ចការផង រៀនសូត្រទ្រឹស្ដីផង ហើយសម្រាប់នៅទីនេះតែម្ដង ដែលទីនេះភាគីញូវហ្សេឡែនថា ខ្លួននឹងពិនិត្យលទ្ធភាពផ្ដល់ជាគ្រូបង្រៀន នឹងសម្ភារ បច្ចេកទេស និងបរិក្ខា មកមជ្ឈ មណ្ឌលនៅទីនេះតែម្ដង ៕
