ចាំ​អ៊ុត​មើល​ថា​អ្នក​ប្រដាល់​ថៃ​អាច​ស៊ូ​ជាមួយ​កីឡាករ​ខ្មែរ​បាន​ប៉ុន្មាន​ទឹក​នៅ​ថ្ងៃ​សៅរ៍​នេះ​

ដោយ​ ៖ យឺន​ ពន្លឺ ថ្ងៃទី 27 វិច្ឆកា 2012ម៉ោង 09:56:44

ភ្នំពេញ ៖ ​ជើង​ខ្លាំង​ទាំង​៣​របស់​កម្ពុជា​ នឹង​មក​អង្រួន​សង្វៀន​ប៉ុ​ស៌្ត៍​លេខ​៥​ ម្ដងទៀត​ហើយ​ នា​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​១​ ខែធ្នូ​ ចុង​ស​ប្ដា​ហ៍​នេះ​ នៅ​​កីឡដ្ឋាន​ស្តា​ត​ចាស់​ ដោយ​ក្នុង​នោះ​មាន​កីឡាករ​ ឡុ​ង​ សុ​ភី​ ត្រូវ​ប្រកួត​ជាមួយនឹង​ កីឡាករ​  CHORM​ PRAB​ មក​ពី​ប្រទេស​ថៃ​ ឯ​លៀង​ ស៊ី​ពេជ្រ​ ត្រូវ​ជួប​ PHAR​ NOIY​ មក​ពី​ថៃ​និង​កីឡាករ​ ប៉ឺ​ត​ ខាំ​ ត្រូវ​ប៉ះ​អ្នក​ខ្លាំង​មក​ពី​ថៃ​ដូច​គ្នា​ ឈ្មោះ​ SEN​ CHHAY​ NOIY​ ។​

​គូ​អន្តរជាតិ​ទាំង​៣​នេះ​ សុទ្ធតែ​ត្រូវ​បាន​អ្នក​ទស្សនា​ស្គាល់​ថា​ជា​អ្នក​ប្រដាល់​ខ្លាំង​ប្រចាំ​ប្រទេស​ ។​ ឡុ​ង​ សុ​ភី​ អ្នក​ប្រដាល់​មក​ពី​ក្លឹ​ប​សាល​វ័​ន្ត​កីឡា​ ត្រូវ​ប្រកួត​ជាមួយនឹង​កីឡាករ​ថៃ​ លើក​នេះ​ មិន​ទាន់​ធានា​ថា​ អាច​ស៊ូ​បាន​ ដល់​ទឹក​ ចុង​ក្រោយ​ឬក៍​អត់​នោះ​ទេ​ ព្រោះថា​មួយ​រយៈ​នេះ​ សុ​ភី​ មិនសូវ​ជា​មាន​វត្ត​មាននៅ​ លើ​រេញ​ប្រដាល់​ឡើយ​ ដោយសារ​តែ​ជាប់រវល់​កិច្ចការផ្ទាល់ខ្លួន​។​

​ឡុ​ង​ សុ​ភី​ អ្នក​ណា​ក៍​ស្គាល់​កីឡាករ​រូប​នេះ​ដែល​ ដែល​មាន​ប្រវត្តិ​ប្រកួត​រាប់​មិន​អស់​នៅ​លើ​សង្វៀន​ប្រកួត​ មិន​ថា​ កីឡាករ​បរទេស​ ឬ​កីឡាករ​ខ្មែរ​ដូច​គ្នា​នោះ​ទេ​ សុទ្ធតែ​ធ្លាប់​សន្លប់​ក្រោម​ថ្វី​កែង​របស់​ សុ​ភី​ ទាំងអស់​ ។​ រីឯ​ដៃគូ​ប្រ​គួ​តរប​ស់ឡុង​ សុ​ភី​នោះ​ គឺ​កីឡាករ​សញ្ជាតិ​ថៃ​ CHORM​ PRAB​ ដែល​មាន​ប្រវត្តិ​ប្រកួត​ទើបតែ​បាន​ ៣៦​ដង​ប៉ុណ្ណោះ​ ក្នុង​នោះ​ឈ្នះ​បាន​២៥​ដង​ ចាញ់​១១​ដង​ មិន​ដែល​ស្មើ​ ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​បាន​១២​ដង​។​ អ្នក​ប្រដាល់​ជនជាតិ​ថៃ​រូប​នេះ​ បើ​តាម​ការ​បញ្ជាក់​ពី​លោក​ សេង​ ក​ដិ​កា​ អ្នកគ្រប់គ្រង​កីឡាប្រដាល់​TV៥​ បាន​ឲ្យ​ដឹង​ថា​  អ្នក​ប្រដាល់​ CHORM​ PRAB​ នេះ​ដ្បិតតែ​ការ​ប្រកួត​របស់​គេ​តិច​ជា​ឡុ​ង​ សុ​ភី​ មែន​ តែ​កម្លាំង​ ស៊ូ​ហ្វ​ របស់​គេ​វាយ​បាន​ប្រាំ​ទឹក​ពេញ​ មិន​ងាយ​ចុះចាញ់​គូសត្រូវ​ងាយៗ​ឡើយ​ ហើយ​កីឡាករ​ដែល​ ធ្លាប់​បាន​យកឈ្នះ​ នឹង​ចាញ់​គេ​នោះ​សុទ្ធតែ​ឈឺ​សាច់​មិន​ស្ទឺ​នោះ​ទេ​។​ លោក​បន្ថែម​ថា​ សម្រាប់​ការ​ប្រកួត​លើក​ នេះ​ឡុ​ង​ សុ​ភី​ គួរតែ​ប្រយ័ត្នប្រយែង​បន្តិច​ទៅ​ កុំ​ស្ទុះ​វាយ​ទាំង​បង្ខំ​។​

​លៀង​ ស៊ី​ពេជ្រ​ អ្នក​ប្រដាល់​មក​ពី​ក្លឹ​ប​ អ​ប្សា​រា​គុន​ខ្មែរ​ ជា​អ្នក​ប្រដាល់​ចាស់​ដែរ​ តែ​មិនសូវ​ជា​បាន​ ឡើង​ប្រកួត​ នោះ​ទេ​ តាំងពី​ ឆ្នាំ​ចុងឆ្នាំ​២០១០​មក​ម្ល៉េះ​ ទើបតែ​នៅ​ឆ្នាំ​ ២០១២​ នេះ​ឈ្មោះ​របស់​គេ​ក៍​ចាប់​ ផ្ដើម​ល្បី​ដោយសារ​ វិជ្ជា​ គុន​ដ៍​អស្ចារ្យ​របស់​គេ​ ហើយ​នៅ​គ្រប់​ស្ថានីយ៍​ប្រដាល់​ទាំងអស់​បាន​យក​គេ​ឡើង​ប្រកួត​ជា​រៀង​រាល់​ខែ​ ។​ អ្នក​ប្រដាល់​រូប​នេះ​ មិនសូវ​ជា​បាន​ឡើង​ប្រកួត​ជាមួយនឹង​កីឡាករ​បរទេស​ឡើយ​ គឺ​ទើបតែ​ជួប​អ្នក​ប្រដាល់​ ថៃ​បាន​២​ ដង​ប៉ុណ្ណោះ​ ដោយ​ក្នុង​នោះ​មាន​ឈ្នះ​១​ និង​ចាញ់​១​។​

​ដៃគូ​ប្រកួត​របស់​លៀង​ ស៊ី​ពេជ្រ​ នោះ​ គឺ​កីឡាករ​ PHAR​ NOIY​ ដែល​មាន​ប្រវត្តិ​ប្រកួត​គួ​សម​ អាច​ស៊ីសង​ជាមួយ​ នឹង​ ស៊ី​ពេជ្រ​ បាន​ គឺ​ទើបតែ​បាន​២៧​ដង​ប៉ុណ្ណោះ​ ឈ្នះ​បាន​២២​ដង​ ចាញ់​៥​ដង​ មិន​ដែល​ស្មើ​ ធ្លាប់​ផ្ដួល​គូប្រកួត​ ឲ្យ​សន្លប់​បាន​៨​ដង​។​

​ចំណែក​គូ​អន្តរជាតិ​ចុង​ក្រោយ​ អ្នក​ប្រដាល់​មិន​ដែល​ចាញ់​កីឡាករ​បរទេស​ ប៉ឺ​ត​ ខាំ​ មក​ពី​ក្លឹ​ប​ សាល​វ័​ន្ត​កីឡា​ ត្រូវ​ប្រកួត​ប៉ះ​ អ្នក​ប្រដាល់​សញ្ជាតិ​ថៃ​ខ្លាំង​គួ​សម​ដែរ​ ឈ្មោះ​ SEN​ CHHAY​ NOIY​ ដែល​មាន​ប្រវត្តិ​ប្រកួត​ ៤៥​ដង​ ឈ្នះ​ ៣០​ដង​ ចាញ់​១៣​ដង​ ស្មើ​២​ដង​ និង​ផ្ដួល​គូប្រកួត​ង​ឲ្យ​សន្លប់​បាន​៧​ដង​។​ ចាំ​មើល​ថា​ តើ​ការ​ប្រកួត​លើក​ នេះ​ អ្នក​ប្រដាល់​ថៃ​អាច​តស៊ូ​ត​ជាមួយ​ម្ចាស់​ក្បាច់គុន​បាន​ប៉ុន្មាន​ទឹក​នា​ថ្ងៃ​សៅរ៍​ ចុង​បស​ប្ដា​ហ៍​នេះ​?​ ៕​