
បណ្តឹងរបស់ប្រធានចលនាយុវជនគណបក្សសមរង្ស៊ីនឹងត្រូវបានប្តឹងបកដោយសម្តេចហ៊ុនសែន
ដោយ ៖ ថ្ងៃទី 03 ធ្នូ 2012ម៉ោង 09:49:20
ខេត្តព្រះសីហនុ ៖ បណ្តឹងរបស់លោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជនគណបក្សសមរង្ស៊ីនឹងត្រូវបាន ប្តឹងបកដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ប្រសិនបើ តុលាការរកមិនឃើញកំហុស ដែលបានចោទថា លោកបានជាប់ពាក់ព័ន្ធទៅនឹងការស្លាប់ប្រជាពលរដ្ឋ ខ្មែរនៅស្ពានពេជ្រ កាលពីយប់ថ្ងៃបង្ហើយនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ២០១០ នោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ក្នុងពិធីចែកព័ណ្ណកម្មសិទ្ធិដីធ្លីនៅភូមិស្វាយ ឃុំ ជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុថា ខ្ញុំជាពលរដ្ឋម្នាក់ ដូច្នេះបើសិនមិនអាចរកឃើញកំហុសរបស់ ខ្ញុំៗមានសិទ្ធិប្តឹងបក ដែលករណីនេះជាការចាំបាច់ ដើម្បីការពារកិត្តិយសសេចក្តីថ្លៃថ្នូររបស់ខ្លួនខ្ញុំផ្ទាល់ ផង និងកិត្តិយសសេចក្តីថ្លៃថ្នូររបស់រាជរដ្ឋាភិបាលផងដែរ ហើយពេលនោះកុំនិយាយថា គាបសង្កត់ ខាងនយោបាយនោះ។សម្តេចតេជោថ្លែងថា ពេលនោះសូមកុំនិយាយថា គាបសង្កត់ខាងនយោបាយ សូមកុំយកនយោបាយមកឡូកឡំ។
សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា ឥឡូវវាច្បាស់ណាស់ថា នយោបាយនៅកម្ពុជាគ្មានការ គាបសង្កត់អ្វីទាំងអស់ ព្រោះសូម្បីតែយុវជនអាយុជាង ២០ ម្នាក់ឆ្នាំដែលជាប្រធានយុវជនគណបក្ស នយបាយមួយប្តឹងនាយករដ្ឋមន្ត្រីរបស់ប្រទេសបាន តើសិទ្ធិប៉ុណ្ណាទៀតយុវជនរបស់យើង វាច្រើន ណាស់ទៅហើយ។សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា ប៉ុន្តែសិទ្ធិរបស់អ្នកក៏ត្រូវទៅទល់ជាមួយសិទ្ធិរបស់អ្នក ដទៃដែរ។សម្តេចតេជោថ្លែងថា ខ្ញុំមិននិយាយអ្វីទេកុំឲ្យប៉ះពាល់ឯករាជភាពរបស់តុលាការ ខ្ញុំទុកឲ្យ តុលាការដោះស្រាយរឿងនេះ ព្រោះគេបានប្តឹងខ្ញុំ ប្តឹងសម្តេចចៅហ្វាវាំង គង់ សំអុល ប្តឹង លោក កែប ជុតិមា និងប្តឹងលោក ទូច ណារ៉ុថ អំពីអ្នកដែលរត់ជាន់គ្នានៅលើកោះពេជ្រ ដែលគេចោទថាជាឃាតកម្មគិតទុកជាមុន។
សម្តេចតេជោបានថ្លែងតាមរបៀបឌឺដងថា បន្តិចទៀតមន្ត្រីជាន់ខ្ពស់ដែលនៅខាងក្រោយខ្នង លោកក្នុងវេទិកា គណៈអធិបតីនោះ នឹងជាប់ពន្ធនាគារ ទាំងអស់គ្នាហើយ ព្រោះបើ ហ៊ុន សែន ជាប់ពន្ធ នាគារហើយគ្មានអ្នកណាមួយរួចខ្លួនទេ ហើយអ្នកដែលជាប់ពន្ធនា គារមុនគេគឺរដ្ឋមន្ត្រី ក្រសួងមហារដ្ឋ ផ្ទៃមន្ត្រីក្រសួងការពារជាតិ មេទាហាន មេប៉ូលីសគឺជាប់ទាំងអស់ ។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ទុកឲ្យតុលាការចុះ ប៉ុន្តែខ្ញុំរក្សាសិទ្ធិក្នុងឋានៈជាពលរដ្ឋ ប្តឹងវិញក្នុងឋានៈជាពលរដ្ឋមួយរូប បើតុលាការមិនអាច រកឃើញកំហុសរបស់ខ្ញុំៗសុំសិទ្ធិប្តឹងបកវិញ ដែលនេះជាសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋហើយកុំចោទថា ជាការគម្រាមកំហែងខាងនយោបាយ ហើយសិទ្ធិនយោបាយត្រូវបានបង្ហាញយ៉ាងច្បាស់នៅពេលនេះ ព្រោះពលរដ្ឋកម្ពុជាមានសិទ្ធិប្តឹង នាយករដ្ឋមន្ត្រី ដែលអស់លោកទាំងនៅក្រៅប្រទេស និងនៅក្នុងប្រទេសពិនិត្យមើលទៅ តើសិទ្ធិដល់ ណាទៀត បើផ្តាច់ការមែនមិនចាំបាច់ទុកឲ្យឡើងដល់តុលាការធ្វើអី ហើយ ប៉ុល ពត មានដែលទុកឲ្យ អ្នកណាប្តឹងឬទេ ហើយ ប៉ុល ពត គ្រាន់តែយើងរអ៊ូថា ហូបបាយមិនឆ្ងាញ់ក៏រកប្រជាពលរដ្ឋទៅសម្លាប់ ចោលដែរ។សម្តេចតេជោថ្លែងថា ខ្ញុំមិន និយាយច្រើនទេកុំឲ្យគេថាជះឥទ្ធិពលទៅលើតុលាការ ទុកឲ្យ តុលាការគេរកទៅចុះ។សម្តេច ហ៊ុន សែន មានប្រសាសន៍ថា យុវជនសម័យ នេះមានសិទ្ធិគ្រប់បែបយ៉ាងទាំងអស់រាប់ទាំងសិទ្ធិប្តឹងនាយករដ្ឋមន្ត្រីទៅកាន់តុលាការ ហើយសិទ្ធិនេះវាផ្តើមចេញពីថ្ងៃទី ២ ធ្នូ កាលពី ៣៤ ឆ្នាំមុន ហើយផ្តើមចេញពីការរស់រានមានជីវិតនៃថ្ងៃរំដោះ ៧ មករាឆ្នាំ ១៩៧៩ បានជា ឪពុកម្តាយ ជីដូនជីតារបស់គរស់រានមានជីវិត ហើយបង្កើតរូបគេឡើង ៕
