
២ធ្នូ ១៩៧៨ ដើមចមនៃការរស់រានមានជីវិតនិងបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ
ដោយ ៖ ថ្ងៃទី 03 ធ្នូ 2012ម៉ោង 13:41:53
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ឡើងវិញថា បើអត់មាន២ធ្នូ ១៩៧៨ វាក៏អត់មាន ៧មករា ១៩៧៩ ដែរ បើគ្មាន ៧មករា ១៩៧៩ ទេ វាក៏អត់មាន២ធ្នូ ១៩៨៧ ហ្វែរអង់តាដឺន័រ សីហនុ-សែន ដែរ ហើយក៏អត់មាន ២៣តុលា ១៩៩១ ដែរ។
នៅក្នុងឱកាស អញ្ជើញចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីនៅភូមិស្វាយ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១២ ដែលត្រូវនឹងថ្ងៃខួបលើកទី៣៤ឆ្នាំ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានចាត់ទុកថា ជាថ្ងៃប្រវត្តិសាស្ត្រនៃការចាប់ផ្តើមរំដោះប្រទេសចេញពីរបបប៉ុលពត សម្តេចតេជោមានប្រសាសន៍ឲ្យដឹងថា សម្រាប់២ធ្នូនេះមានបីចំណុច មួយបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលពេលនោះ ៣៤ឆ្នាំមុន ខ្ញុំកំពុងស្ថិតនៅជាមួយថ្នាក់ដទៃទៀតនៅស្រុកស្នួល ខេត្តក្រចេះ។ ២ធ្នូ មួយទៀត គឺខួបលើកទី២៥ នៃការចរចាស្វែងរកសន្តិភាពរវាងសម្តេចព្រះនរោត្តម សីហនុ និងខ្ញុំ ដែលហៅថា ជំនួបហ៊ុន សែន-សីហនុ ហ្វែរអង់តាដឺន័រ ២ធ្នូ ១៩៨៧។ ២ធ្នូ ១៩៩៨ ជាថ្ងៃប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់រាជរដ្ឋាភិបាល នីតិកាលទី២ នៃរដ្ឋសភា ដែលពេលនោះបានដាក់ចេញនូវមុំទី១ នៃយុទ្ធសាស្ត្រត្រីកោណ ពាក់ព័ន្ធនឹងការធ្វើសន្តិភាវូបនីយកម្មក្នុងប្រទេស ដែលនាំឆ្ពោះទៅដល់ការរលំរលាយអង្គការចាត់តាំងយោធា របស់ខ្មែរក្រហមទាំងស្រុង បន្ទាប់ពីបានធ្វើសមាហរណកម្មនៅក្នុងតំបន់ទាំងឡាយ និងឲ្យមានការបោះឆ្នោតនៅទីតាំងចុងក្រោយរបស់ខ្មែរក្រហមនៅ អន្លង់វែង ឆ្នាំ១៩៩៨។
ទាក់ទងនឹង ការដួលរលំអង្គការចាត់តាំងយោធារបស់ខ្មែរក្រហម សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ឥឡូវតើមាននរណាមកអះអាងលើបញ្ហាហ្នឹងថា យកឈ្នះប៉ុលពតបានដោយគ្រាន់តែធ្វើការគាបសង្កត់ពីខាងក្រៅ ហើយនឹងប្រើមធ្យោបាយការទូត តែអាពតដេញប្រជាជនចេញពីទីក្រុងហើយ តើនរណាធ្វើអ្វីកើត? ។ តើអ្នកណាអាចអះអាងបានពីបញ្ហានេះ?
សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ព្រះករុណា ព្រះអង្គ លោកបានទទួលស្គាល់នៅពេលចរចាជាមួយខ្ញុំថា “ឯកឧត្តម កុំតែមានកងទ័ពឯកឧត្តម និងមានកងទ័ពវៀតណាមមករំដោះខ្ញុំ ខ្ញុំក៏ស្លាប់ដែរ”។
ទាក់ទង នឹងការដួលរលំរបបប៉ុលពតនេះ សម្តេចតេជោបានមានប្រសាសន៍ថា បើសិនជាយើងកុំរំដោះទាន់ តើប៉ុលពតវាទុកជីវិតយើងទេ? ឯខ្លួនខ្ញុំពិតមែនតែទៅកសាងទ័ព តែមិនប្រាកដថា ខ្ញុំរស់ទេ។ ដូច្នោះ តួអង្គពីរដែលធ្វើការចរចានៅ២៥ឆ្នាំមុននេះ គឺសម្តេចព្រះនរោត្តម សីហនុ ដែលព្រះអង្គសោយទិវង្គត់ ហើយយើងកំពុងចូលរួមកាន់មរណទុក្ខ ដែលព្រះនាមព្រះអង្គត្រូវបានប្រកាសជាផ្លូវការ ដោយព្រះរាជក្រឹត្យ គឺព្រះបរមរតនកោដ្ឋ។
សម្តេចតេជោ សែនបានមានប្រសាសន៍បញ្ជាក់ថា “បើគ្មាន ២ធ្នូ ១៩៧៨ វាក៏អត់មាន ៧មករា ១៩៧៩ ដែរ បើគ្មាន ៧មករា ១៩៧៩ ទេ វាក៏អត់មាន ២ធ្នូ ១៩៨៧ ហ្វែរអង់តាដឺន័រ សីហនុ-សែន ដែរ ហើយក៏អត់មាន ២៣តុលា ១៩៩១ ដែរ”។ កុំនរណាមកអះអាង ព្រោះមានសាក្សីរស់ ដូចជា ឯកឧត្តម អៀង មូលី ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម សុទ្ធតែជាអ្នកបានចូលរួមចរចា ហើយជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស។ ប៉ុន្តែមានអ្នកខ្លះអះអាងដូចជា របស់កម្មសិទ្ធិរបស់ខ្លួនអញ្ចឹង លុះដល់ទៅពិនិត្យលើហត្ថលេខីដូចជាអត់មានមុខទៅវិញ!។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣តុលា នៅពេលនោះ មិនទាន់មានការឯកភាពគ្នាចំណុចមួយ។ បញ្ហានេះសម្តេចតេជោបានបញ្ជាក់ថា មានអ្នកដឹងបានដឹង អ្នកមិនដឹងនៅតែមិនដឹងរហូតហ្នឹងក្នុងមួយជីវិតរបស់គេ ទោះបីជាពន្យល់យ៉ាងដូម្តេច ក៏នៅតែមិនដឹងដែរ។ ជួនកាលពន្យល់រហូតដល់៥ម៉ោង ២០នាទី ទៅហើយ ក៏នៅតែអត់យល់ដែរ។
សម្តេចតេជោ បានមានប្រសាសន៍ពន្យល់ថា បញ្ហាដែលមិនទាន់ឯកភាពលើចំណុចមួយរហូតដល់មានការឯកភាពពីព្រះ ករុណា ដែលព្រះអង្គជាប្រធាន SNC ពេញ ច្បាប់ បន្ទាប់ពីប្រជុំនៅទីក្រុងប៉េកាំង ព្រះករុណា ឯកភាពភ្លាម។ នោះហើយដែលខ្ញុំហៅថា “នំរបស់ហ៊ុនសែន ផ្ញើតាមអ្នកដទៃមកឲ្យហ៊ុនសែន ទទួលវិញ”។ ព្រោះខ្មែរក្រហមខៀវ សំផន អ្វីដែលខ្ញុំបានលើកភ្លាម គឺជំទាស់តែម្តង ប៉ុន្តែឲ្យតែព្រះករុណា ព្រះអង្គលើក គឺអត់ហ៊ានទេ។ នៅពេលអង្គប្រជុំរុញរឿងនោះ បារាំងទូលព្រះករុណា ព្រះករុណាមានបន្ទូលថា ប្រទេសធំៗគេយល់ថា ចង់រំសាយ ៧០% នៃកងទ័ព គេអាចទទួលយកបាន។ កាលណោះ ខ្ញុំលើកដៃភ្លាម ទូលបង្គំសូមគាំទ្រហើយ ពេលនោះគាំទ្រតែទាំងអស់ ទីបំផុតនំរបស់ហ៊ុនសែនសោះ។ បញ្ហានេះសម្តេចតេជោបានបញ្ជាក់ថា អញ្ចឹងអ្នកបានដឹងទើបដឹង អ្នកដែលមិនដឹងនៅតែមិនដឹងរហូតហ្នឹង រួចហើយនៅតែអះអាងអញ្ចេះ អញ្ចោះ ប្រវត្តិគឺវាដូច្នេះ…។
ទាក់ទងនឹង ថ្ងៃខួបលើកទី៣៤ឆ្នាំ នៃកំណើតរណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលឈានមករំដោះជាតិនៅថ្ងៃ៧មករា ១៩៧៩ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា តាមរយៈការរស់រានមានជីវិតនៃថ្ងៃ៧មករា ដែលចាប់ផ្តើមពី ២ធ្នូ ១៩៧៨ នោះហើយ ទើបនាំមកនូវការរស់រានទាំងសម្តេចព្រះនរោត្តម សីហនុ ទាំងហ៊ុនសែន មកចរចា ២ធ្នូ ១៩៨៧ ទើបចេញមក២៣តុលា ១៩៩១ សូមពិនិត្យមើលក្នុងការចុះហត្ថលេខាមានអ្នកណាខ្លះ?។ ១៤ឆ្នាំមុន ថ្ងៃនេះដែរ ពេលវេលានេះ គឺជាវេលាប្រជុំកំពុងនិយាយពីបញ្ហាយុទ្ធសាស្ត្រត្រីកោណមុំទី១ នៃយុទ្ធសាស្ត្រត្រីកោណ គឺការធ្វើសន្តិភាពវូបនីយកម្មផ្ទៃក្នុងប្រទេស បញ្ចប់សង្គ្រាមនៅក្នុងប្រទេសឆ្នាំ១៩៩៩ ដែលចាប់ផ្តើមដោយនយោបាយ ឈ្នះ-ឈ្នះ៕
