
ព្រះបច្ឆាមរណនាមអតីតព្រះមហាក្សត្រខ្មែរដែលបានយាងចូលទិវង្គតចាប់ពីព្រះបាទអង្គឌួងរហូតមក
ដោយ ៖ ថ្ងៃទី 03 ធ្នូ 2012ម៉ោង 15:15:22
យោងតាមសេចក្តីជូនដំណឹងរបស់ ព្រះរាជលេខាធិការដ្ឋាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានឲ្យដឹងថា តាមប្រពៃណីដ៏យូរលុង តាំងតែពីសម័យអង្គររហូតមក ដល់ បច្ចុប្បន្នកាលនេះ ប្រជាជាតិតែងតែថ្វាយព្រះមហាក្សត្រកម្ពុជា ដែលយាងចូលទិវង្គតនូវ បរមបច្ឆាមរណនាម ដើម្បីថ្វាយព្រះមហាកិត្តិយស និងការគោរពចំពោះព្រះរាជគុណដ៏ខ្ពង់ខ្ពស់ ជាទីបំផុតនៃអង្គព្រះមហាក្សត្រ។
ព្រះរាជលេខាធិការដ្ឋាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានថ្វាយ និងជម្រាបជូនអំពីព្រះបរមបច្ឆាមរណនាមអតីតព្រះមហាក្សត្រ នៃកម្ពុជាចាប់ពីព្រះករុណា ព្រះបាទ សម្តេចព្រះអង្គឌួង ដូចខាងក្រោម ៖
១. ព្រះបាទសម្តេចព្រះអង្គឌួង ថ្វាយព្រះបរមបច្ឆាមរណនាម ព្រះករុណា ព្រះបរមកោដ្ឋ
២. ព្រះបាទសម្តេចព្រះនរោត្តម ថ្វាយព្រះបរមបច្ឆាមរណនាម ព្រះករុណា ព្រះសុវណ្ណកោដ្ឋ
៣. ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ថ្វាយព្រះបរមបច្ឆាមរណនាម ព្រះករុណា ព្រះរាជានុកោដ្ឋ
៤. ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស ថ្វាយព្រះបរមបច្ឆាមរណនាម ព្រះករុណា ព្រះបរមខត្តិយកោដ្ឋ
៥. ព្រះបាទសម្តេចព្រះនរោត្តម ព្រះសុរាមម្រិត ថ្វាយព្រះបរមបច្ឆាមរណនាម ព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ។
គួររំឭកថា កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១២ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នូវ ព្រះបរម បច្ឆាមរណនាម ព្រះករុណា ព្រះបរមរដ្ឋរតនកោដ្ឋ៕
