
ព្យុះបុបា្ពបក់បោកចូលដីគោកចូលហ្វីលីពីនពលរដ្ឋជាង៤ម៉ឺននាក់ត្រូវភៀសខ្លួន
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 04 ធ្នូ 2012ម៉ោង 16:08:54
កាលពីព្រឹកថ្ងៃទី៤ ធ្នូ ខ្យល់មួយដែល មានឈ្មោះថា“បុបា្ព”បានបក់បោកចូលដី គោកតំបន់ភាគខាងត្បូងហ្វីលីពីន បណ្ដាលឱ្យពលរដ្ឋ៤១ពាន់នាក់ត្រូវភៀស ខ្លួនជាបន្ទាន់ទៅកាន់តំបន់សុវត្ថិភាព ។ នេះជាខ្យល់ព្យុះទ្រង់ទ្រាយធំបំផុតបក់ បោកចូលប្រទេសហ្វីលីពីន ។
ក្រសួងព្យាករណ៍ឧតុនិយមបានឱ្យដឹង ថា ខ្យល់ព្យុះបុបា្ព មានល្បឿនខ្យល់ដល់ ទៅ២១០គីឡូម៉ែត្រក្នុង១ម៉ោង អមទៅ ដោយភ្លៀងធ្លាក់ខ្លាំងវាយប្រហារចូល ទៅតំបន់ភាគខាងកើតកោះមីនដាណាវ ដែលមានពលរដ្ឋជាង១០លាននាក់រស់ នៅ ។ ខ្យល់ព្យុះបុបា្ពបានធ្វើឱ្យជើងហោះ ហើរជាង៨០ត្រូវលុបចោល និងនាវា ដឹកអ្នកដំណើរជាច្រើនត្រូវជាប់គាំងនៅ កំពង់ផែ ។ មជ្ឈមណ្ឌលពាណិជ្ជកម្ម Cagayan de Oro ជាទីក្រុងធំបំផុតនៅ លើកោះមីនដាណាវ រងការលិចលង់ ដោយភ្លៀងធ្លាក់ខ្លាំង ហើយសាលារៀន ជាច្រើនត្រូវបិទទ្វារ ។ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ស្ដីពីការខូចខាត ទ្រព្យសម្បត្ដិ និងអាយុជីវិតនៅឡើយ ។
កន្លងមកកាលពីថ្ងៃទី៣ ធ្នូ ប្រធានាធិបតីហ្វីលីពីន ប៊េនណីកណូ អាគីណូ បាន កោះប្រជុំជាបន្ទាន់នៅវិមានប្រធានា ធិបតី ពិភាក្សាទៅលើការទប់ទល់ជាមួយ ខ្យល់ព្យុះបុបា្ព ។ រដ្ឋាភិបាលហ្វីលីពីន បាន បង្កើតទឹកប្រាក់៤២លានប៉េសូ ស្មើនឹង ១លានដុល្លារ សម្រាប់ផ្ដល់ជំនួយបន្ទាន់ ដល់តំបន់រងគ្រោះ ។ មន្ដ្រីរដ្ឋាភិបាលក្នុង តំបន់បានអំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ហើយភៀស ខ្លួនទៅកាន់តំបន់មានសុវត្ថិភាពនៅ ពេលចាំបាច់ ទន្ទឹមនឹងនោះត្រូវរក្សា ស្បៀងអាហារ ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត កើតឡើងនៅប្រទេសចិន គឺព្យុះព្រិល បានគ្របដណ្ដប់នៅតំបន់ស្វយ័តជនជាតិ អ៊ុយហ្គ័រ បណ្ដាលឱ្យអាកាសយានដ្ឋាន យូរ៉ាមគី ត្រូវបិទទ្វារកាលពីថ្ងៃទី៣ ធ្នូ ធ្វើ ឱ្យជើងហោះហើរចំនួន៧០ ត្រូវបានផ្អាក ។
ព្យុះព្រិលបានវាយប្រហារតំបន់នោះ រយៈពេល៣ថ្ងៃកន្លងមក ដោយមានព្រិល ធ្លាក់កម្រាស់ដល់ទៅ៩០សង់ទីម៉ែត្រ ។ ព្យុះព្រិលនោះបានប៉ះពាល់ដល់ជីវិតរស់ នៅរបស់ពលរដ្ឋជាង១២ពាន់នាក់ និងមនុស្សម្នាក់បាត់បង់ជីវិតផងដែរ ។ ក្រៅពីនេះមានពលរដ្ឋ១.៧៧៦នាក់ ត្រូវភៀស ខ្លួនទៅកាន់តំបន់សុវត្ថិភាព ។ ផ្ទះជាង៤០០ខ្នង និងរោងចិញ្ចឹមសត្វ៦១១ខ្នង ត្រូវបំផ្លាញដោយព្យុះព្រិល ៕
