
តើ ពុទ្ធ ឆាយរិទ្ធី និងសំរិទ្ធ សុភាព នរណាមានលទ្ធភាពផ្ដួលដៃគូថៃ និងប្រេស៊ីល
ដោយ ៖ សារីម ថ្ងៃទី 05 ធ្នូ 2012ម៉ោង 14:03:08
ភ្នំពេញ ៖ ពុទ្ធ ឆាយរិទ្ធី មកពីក្លិបប្រដាល់ពុទ្ធសេរីវង្សកីឡា ត្រូវបានគណៈកម្មការផ្គូរផ្គងឱ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Ammat Saeng Pahyap ក្នុង ប្រភេទទម្ងន់៦៥គីឡូក្រាម ។ ចំណែក កីឡាករ សំរិទ្ធ សុភាព អ្នកប្រដាល់មក ពីក្លិបក្រសួងកសិកម្ម ត្រូវប៉ះជាមួយ កីឡាករ Cortes de Oliveira Renan មកពីប្រទេសប្រេស៊ីល ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម នារសៀលថ្ងៃសៅរ៍ ទី៨ ខែធ្នូ ឆ្នាំ២០១២ នៅលើសង្វៀនប៉ុស្ដិ៍លេខ៣ ។
ពុទ្ធ ឆាយរិទ្ធី ជាជើងខ្លាំងស្រករ ក្រោយរបស់កម្ពុជាគេធ្លាប់ឡើងប្រកួតជាលក្ខណៈអន្ដរជាតិនេះ៣លើកហើយ ក្នុងឆ្នាំ២០១២ ដែលប្រកួតលើកទី១ (១ ខែមករា ២០១២)បានផ្ដួលអ្នកប្រដាល់ ជនជាតិកេនយ៉ា Leonard Nganga ឱ្យ សន្លប់ដោយកណ្ដាប់ដៃនៅក្នុងទឹកទី២, លើកទី២គេបានយកឈ្នះអ្នកប្រដាល់ ជនជាតិអេស្ប៉ាញ Christian ដោយពិន្ទុ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១២ និង លើកទី៣ប្រកួតឈ្នះអ្នកប្រដាល់ប្រេស៊ីល ឈ្មោះ Wagner Lutena ដោយពិន្ទុ កាល ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១២ ។
សម្រាប់ការជួបជាមួយ Amnat Daeng Phayap អ្នកប្រដាល់ជនជាតិថៃ នេះមិនដឹងថា ពុទ្ធ ឆាយរិទ្ធី អាចយក ឈ្នះបានទៀតដែរឬអត់ទេ ។ Amnat Daeng Phayap មិនដែលមកប្រកួត នៅភ្នំពេញម្ដងណាទេ ហើយក៏ពុំដឹងថា អ្នកប្រដាល់ថៃរូបនេះមានសមត្ថភាព ប៉ុនណាដែរ ព្រោះគេលាក់ប្រវត្ដិមិនឱ្យដឹង ។
ឆាយរិទ្ធី មានស្នៀតប្រដាល់ល្អហើយ ប៉ុន្ដែអ្វីដែលអាចឱ្យគេចាញ់នោះ គឺបញ្ហាកម្លាំងស៊ុហ្វ ។ ប្រកួត២-៣ទឹកដំបូង មិនអីទេ តែចាប់ពីចុងទឹក៣ឬទឹកទី៤ទៅ គេអាចយ៉ាប់ ដោយសារតែកម្លាំងចុះខ្សោយ ។ ឆាយរិទ្ធី ប្រកួតចុងក្រោយចាញ់(សន្លប់) ផាវ ភឿត មកពីក្លិបកងពល ធំអន្ដរាគមន៍លេខ៣ ព្រះវិហារក្នុងទឹកទី៤ ដោយការប្រើកែងបករបស់ ផាវ ភឿត នៅស៊ីធីអិន ។
សំរិទ្ធ សុភាព គេក៏មិនធម្មតាប៉ុន្មាន ដែរ ដោយសារ សុភាព គេមានផ្លែល្អ សំខាន់នោះគឺស្នៀតជើងទាត់របស់គេ កម្រកមានអ្នកណាអាចទប់នឹងសន្ទុះជើងទាត់ របស់គេបានណាស់ ។ សុភាព ធ្លាប់ប្រកួត ជាមួយអ្នកប្រដាល់បរទេសច្រើននាក់ ហើយដែរ ។ អ្វីដែលជាការព្រួយបារម្ភ ចំពោះ សំរិទ្ធ សុភាព នោះ គឺបញ្ហាកម្ពស់ទាបជាងអ្នកប្រដាល់ប្រេស៊ីល ។
ដោយឡែកការប្រកួតរវាងអ្នកប្រដាល់ ខ្មែរនិងខ្មែរនោះ រឿម វណ្ណៈ អ្នកប្រដាល់ សមាគមកីឡាក្រសួងការពារជាតិនឹង ឡើងប្រកួតសងសឹកជាមួយ វ៉ាន់ ចាន់វ៉េត អ្នកប្រដាល់ក្លិបសឹង្ហៈកីឡា ។ ថុល មករា អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាប្រកួត ជាមួយកីឡាករ ផាន់ គ្រាន់ អ្នកប្រដាល់ ក្លិបព្រះខ័នរាជ ៕
