
ប្រធានចលនាយុវជនគណបក្សសម រង្ស៊ី សួង សុភ័ណ្ឌ ប្រកាសអំណួតមិនពឹងមេធាវី និងមិនរត់ចោលស្រុក
ដោយ ៖ ហេង សូរិយា ថ្ងៃទី 08 ធ្នូ 2012ម៉ោង 07:03:48
ភ្នំពេញ ៖ ប្រធានចលនាយុវជនគណបក្សសម រង្ស៊ី លោក សួង សុភ័ណ្ឌ ក្រោយពីចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមដើមបណ្ដឹងប្រឆាំង សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីព្រឹកម្សិលមិញបានអះអាងថា លោកមិនពឹងមេធាវីឱ្យជួយការពារក្ដីក្នុងបណ្ដឹង នេះទេ ពីព្រោះលោកក៏ជាអ្នកច្បាប់ម្នាក់ ដែរ។ ជាមួយនោះ លោកនឹងមិនស្វែង រកសិទ្ធិជ្រកកោនផ្នែកនយោបាយទៅ ប្រទេសទី៣ នោះដែរ។
នៅឯសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសួរនាំរបស់តំណាងអយ្យការ លោក មាស ចន្ទពិសិដ្ឋ រួចមក ដើម បណ្ដឹងសួង សុភ័ណ្ឌ បាននិយាយថា លោកពុំមានការតក់ស្លុត និងពុំមានក្ដី ព្រួយបារម្ភពីសុវត្ថិភាពនោះទេ នៅពេល សម្ដេចនាយករដ្ឋមន្ដ្រីប្រកាសប្ដឹងបក តាមផ្លូវច្បាប់នោះ ហើយអ្វីដែលសំខាន់ លោកនឹងមិនស្វះស្វែងរកសិទ្ធិជ្រកកោន ផ្នែកនយោបាយនោះឡើយ។ ជាងនេះទៅ ទៀតលោកនៅបន្ដក្រាញននៀលប្រើ ប្រាស់ច្បាប់នៅក្នុងប្រទេសកម្ពុជាតតាំង តាមប្រព័ន្ធតុលាការដើម្បីឱ្យមានភាព យុត្ដិធម៌ ។ លោកក៏បានស្នើសុំទៅ សម្ដេចនាយករដ្ឋមន្ដ្រីក្នុងការតតាំង ជាមួយរូបលោកតាមផ្លូវតុលាការដើម្បី បង្ហាញភាពត្រឹមត្រូវ។
នៅពេលដែលសួរថា តើលោកមាន ភស្ដុតាងអ្វីខ្លះក្នុងការចោទប្រកាន់ទៅ លើសម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន នោះ ដើមបណ្ដឹងដែលជាប្រធានចលនា យុវជនគណបក្សសមរង្ស៊ីរូបនេះអះអាង ដោយអំនួតថា លោកមានរូបថត២១ សន្លឹក និងទិដ្ឋភាពរួមនៃការវាយកម្ទេច ស្ពានពេជ្រកាលពី២ឆ្នាំមុន ក៏ដូចជា មានវីដេអូឃ្លីបដើម្បីដាក់បន្ទុកទៅលើ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន។
លោក សួង សុភ័ណ្ឌ ប្រធានយុវជន គណបក្ស សម រង្ស៊ី បានដាក់ពាក្យប្ដឹង សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន ពីបទឃាតកម្មគិតទុកជាមុន លើករណី ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រ នៅ ថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក កាល ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ សកម្មជនគណបក្ស សម រង្ស៊ី រូបនេះ បានដាក់ពាក្យប្ដឹងសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងមន្ដ្រីជាន់ខ្ពស់ មួយចំនួនទៀត ពីបទឃាតកម្មគិតទុក ជាមុន ពាក់ព័ន្ធករណីជាន់គ្នាស្លាប់ និង របួសនៅលើស្ពានកោះពេជ្រ។
យ៉ាងណាក៏ដោយកាលពីថ្ងៃទី២ ខែធ្នូ សម្ដេចតេជោនាយករដ្ឋមន្ដ្រីហ៊ុន សែន បានព្រមានជាសាធារណៈថា លោកនឹង ប្រើសិទ្ធិជាពលរដ្ឋខ្មែរមួយរូបប្ដឹងបកទៅសកម្មជនគណបក្ស សម រង្ស៊ី នោះវិញ ដើម្បីការពារកិត្ដិយស និងសេចក្ដីថ្លៃថ្នូរ របស់លោកផ្ទាល់ផង និងការពារកិត្ដិ យសសេចក្ដីថ្លៃថ្នូររបស់រដ្ឋាភិបាលផង។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីបញ្ជាក់ ថា ប្រសិនបើតុលាការរកមិនឃើញ ពិរុទ្ធភាពណាមួយថា សម្ដេចជាប់ពាក់ ព័ន្ធនឹងករណីមនុស្សឃាតគិតទុកជាមុនទេនោះ សម្ដេចនឹងប្ដឹងបកទៅប្រធាន ក្រុមយុវជនគណបក្សប្រឆាំង ហើយ ពេលនោះកុំមានពាក្យថា សម្ដេចគាប សង្កត់ខាងផ្នែកនយោបាយ។
សម្ដេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា “ខ្ញុំសុំសិទ្ធិប្ដឹងបក នេះជា សិទ្ធិស្របច្បាប់របស់ពលរដ្ឋ ហើយកុំថា នេះជាការគំរាមកំហែងខាងនយោបាយ។ សិទ្ធិនយោបាយត្រូវបានបង្ហាញយ៉ាង ច្បាស់នៅពេលនេះថា ពលរដ្ឋកម្ពុជា មានសិទ្ធិប្ដឹងនាយករដ្ឋមន្ដ្រីហើយ អ៊ីចឹងអស់លោកនៅក្រៅប្រទេសក្នុង ប្រទេសពិនិត្យមើលទៅសិទ្ធិអីទៀត បើផ្ដាច់ការមែនមិនចាំបាច់ឱ្យទៅដល់ តុលាការ ប៉ុល ពត ដែលឱ្យប្ដឹងអ៊ីើចឹង? ប៉ុលពតគ្រាន់តែរអ៊ូថា ស៊ីមិនគ្រប់ គ្រាន់ក៏យកទៅវ៉ៃចោលដែរ។ ខ្ញុំមិន និយាយច្រើនទេ កុំឱ្យថាជះឥទ្ធិពលទៅ តុលាការទុកឱ្យតុលាការរកទៅ ប៉ុន្ដែ គ្រាន់តែបង្ហាញថា យុវជនជាន់នេះមាន សិទ្ធិគ្រប់បែបយ៉ាងទាំងអស់ រាប់ទាំង សិទ្ធិប្ដឹងនាយករដ្ឋមន្ដ្រីទៅតុលាការ”។
បើតាមប្រធានអង្គការក្រុមអ្នកច្បាប់ ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន មានទស្សនៈថា បទចោទដែល ប្ដឹងសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ពីបទឃាតកម្មគិតទុកជាមុននេះ ហាក់ ជាការប្ដឹងបែបនយោបាយ គឺមិនត្រឹម ត្រូវ និងមិនឆ្លើយតបទៅនឹងផ្លូវច្បាប់ នោះទេ។
លោក សុន ឆ័យ មន្ដ្រីជាន់ខ្ពស់ និង ជាអ្នកតំណាងរាស្ដ្រគណបក្សសម រង្ស៊ី បានអះអាងថា បណ្ដឹងរបស់ប្រធានយុវ ជនគណបក្សសម រង្ស៊ី មិនជាប់ពាក់ព័ន្ធ ជាមួយគណបក្សសម រង្ស៊ី នោះឡើយ ។ លោកអះអាងថា បណ្ដឹងរបស់យុវជន សួង សុភ័ណ្ឌ គឺជារឿងបុគ្គល មិនពាក់ ព័ន្ធនឹងការណែនាំរបស់គណបក្សសម រង្ស៊ី នោះទេ។ លោកសុន ឆ័យ ថ្លែងថា “មានការចោទប្រកាន់ថា ប្រហែលជា រឿងនយោបាយរបស់គណបក្ស សម រង្ស៊ី, តុលាការអាចសិក្សាមើលទៅបើថា មិន ត្រឹមត្រូវ ដល់តែថា គាត់ប្ដឹងបកវិញ យើងស្រេចបាត់ទៅហើយៗ បើគាត់ ប្ដឹងតបវិញនោះ សួង សុភ័ណ្ឌ នេះ វាសនាប្រហែលជាធ្ងន់ធ្ងរជាងមូរ សុខ ហួរទៅទៀត”។
ទាំងអ្នកច្បាប់ ទាំងអ្នកវិភាគនយោបាយ និងមន្ដ្រីគណបក្សសម រង្ស៊ីនោះ ផងយល់ថា បណ្ដឹងរបស់ប្រធានយុវជន គណបក្សសម រង្ស៊ី មានចរិតនយោបាយ និងកេងចំណេញមុនពេលបោះឆ្នោតឆ្នាំ២០១៣ខាងមុខ ៕
