
សម្តេចតេជោ ៖ នាយករដ្ឋមន្ដ្រីប្រទេសមួយមិនមែននៅក្រោមបាតជើងបរទេសឬអង្គការចាត់តាំងណាទេ
ដោយ ៖ ហេង សូរិយា ថ្ងៃទី 14 ធ្នូ 2012ម៉ោង 08:50:25
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបដិសេធក្នុងការទទួលជួបជាមួយលោកសូរិយាស៊ូបឺឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ក៏ព្រោះតែគ្មានពេលវេលា ក៏ប៉ុន្ដែសម្ដេចទទួលខុសត្រូវចំពោះរដ្ឋសភា សម្ដេចមានប្រសាសន៍នៅក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់ សញ្ញាបត្រជូនដល់និស្សិតដែលបញ្ចប់ ការសិក្សានៅសាកលវិទ្យាល័យកម្ពុជា ជំនាន់ទី៨ នៅវិទ្យាស្ថានជាតិអប់រំកាល ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២។
សម្ដេចតេជោមានប្រសាសន៍ថា “ខ្ញុំទទួលខុសត្រូវចំពោះមុខសភាជាតិ កម្ពុជា, ចំពោះមុខប្រជាជនកម្ពុជា, តែ ខ្ញុំមិនទទួលខុសត្រូវចំពោះមុខអ្នកណា ដែលធ្វើរបាយការណ៍អ្វីទាំងអស់ ខ្ញុំអត់ មានពេលវេលាដើម្បីជួបស្ដាប់អនុសាសន៍ ឬក៏អ្នកណាតម្រូវការអ្វីដែរ ឬចង់ជួប ខ្ញុំអត់មានពេលទេ”។
សម្ដេចបានបញ្ជាក់ថា សម្ដេចទទួល ខុសត្រូវចំពោះរដ្ឋធម្មនុញ្ញមុខរដ្ឋសភា តែមិនទទួលខុសត្រូវចំពោះមុខ “ជនបរទេស” ពីព្រោះវាអត់ត្រូវរដ្ឋធម្ម នុញ្ញសភាជាតិកម្ពុជា។ សម្ដេចបានសង្កត់ធ្ងន់ថា អ្នក ឯងចង់និយាយអីនិយាយទៅ, សរសេរអី សរសេរទៅ, អនុសាសន៍អី អនុសាសន៍ ទៅ, ខ្ញុំធ្វើការដើម្បីប្រទេសរបស់ខ្ញុំ ។
សម្ដេចតេជោបានមានប្រសាសន៍បន្ដថា ឥឡូវអនុវត្ដអនុសាសន៍អ្នកដទៃ ឬក៏រដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេសកម្ពុជា? និយាយគ្នាឱ្យច្បាស់ត្រង់កន្លែងហ្នឹង, ខ្ញុំ អត់ចង់ឱ្យមានរឿងរ៉ាវអ្វីទេ ហើយបើ កាត់កងពេលវេលាបានក៏កាត់ទៅ ពីព្រោះ ខ្ញុំអត់មានពេលជួប។
ពាក់ព័ន្ធនឹងរដ្ឋធម្មនុញ្ញ សម្ដេច តេជោបានមានប្រសាសន៍ថា ច្បាប់ តម្រូវឱ្យខ្ញុំត្រូវតែអនុវត្ដរដ្ឋធម្មនុញ្ញ និង ច្បាប់កម្ពុជា មិនបានតម្រូវឱ្យខ្ញុំអនុវត្ដ គំនិតអ្នកផ្សេងទេ។ ត្រង់នេះនិយាយគ្នា ឱ្យច្បាស់ ។ ត្រូវអនុវត្ដអនុសាសន៍ មនុស្សម្នាក់ ឬត្រូវអនុវត្ដច្បាប់កម្ពុជា? ដូចជាគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត គឺប្រព្រឹត្ដទៅមិនមែន តែមនុស្សម្នាក់ចាត់តាំង ឬនាយករដ្ឋ មន្ដ្រីតែងតាំងឯណា ខ្ញុំអត់មានសិទ្ធិលូក ដៃ បញ្ហាហ្នឹង, ក្រសួងមហាផ្ទៃស្នើមក ខ្ញុំបានបញ្ជូនទៅសភា រួចសភាបោះ ឆ្នោតអនុម័ត។ ចំពោះច្បាប់បោះឆ្នោត នេះទៀត គេអត់បានចែងការបោះឆ្នោត របៀបណា? ចុះឈ្មោះបោះឆ្នោតបែប ណា, ដំណាក់កាលរបៀបណា, បែង ចែកគ្នាដំណាក់កាលយុទ្ធនាការយ៉ាង ម៉េច, រហូតដល់ពេលបោះឆ្នោត, ប្រកាស លទ្ធផល នោះជាច្បាប់របស់កម្ពុជា។
សម្ដេចបានមានប្រសាសន៍គូស បញ្ជាក់បន្ថែមថា ចំណែករឿងដីធ្លីសុំកុំ មកឡូកឡំ គឺវាជាគោលការណ៍ចាស់ សកម្មភាពថ្មីលើវិស័យដីធ្លីរបស់រាជរដ្ឋា ភិបាល អត់មានអនុសាសន៍អ្វីទេ។ ភារ កិច្ចបានចែងច្បាស់ណាស់ អស់លោក ក្នុងស្ថាប័នទាំងអស់ ទទួលខុសត្រូវចំពោះ មុខនាយករដ្ឋមន្ដ្រីផង ចំពោះមុខសភា ជាតិផង ។ ចំណែកខ្ញុំនាយករដ្ឋមន្ដ្រី រដ្ឋ ធម្មនុញ្ញកំណត់ឱ្យទទួលខុសត្រូវចំពោះ រដ្ឋសភា សូម្បីតែព្រះភក្ដ្រព្រះមហាក្សត្រ ក៏នាយករដ្ឋមន្ដ្រីអត់ទទួលខុសត្រូវដែរ។
សម្ដេចបានបន្ដថា ខ្ញុំមិនបានដឹងអ្វី ផង ស្រាប់តែមានគេផ្សព្វផ្សាយថា អ្នកនេះមកដល់ហើយជួបព្រះមហាក្សត្រ, ជួបនាយករដ្ឋមន្ដ្រី និងជួប...។ មិនបាច់ ក៏បានដែរ ការងារមានច្រើនណាស់។ បញ្ហានេះគឺមានកូនចៅនៅថ្នាក់ក្រោម របស់គេផ្សព្វផ្សាយ។ ដល់ពេលអ្នកលើ គេមិនដឹង អ្នកក្រោមធ្វើខុស, ថ្ងៃក្រោយ ត្រូវណែនាំអ្នកក្រោម។ បើមិនទាន់ សម្រេចពីនាយករដ្ឋមន្ដ្រីផង សុំកុំអាល ផ្សព្វផ្សាយ។ ខ្ញុំសូមប្រដៅ សុំអ្នកឯងត្រូវ ស្គាល់អំពីអ្វីអធិបតេយ្យ ខ្ញុំអត់បានចំណុះ ឱ្យអ្នកឯងទេ។ សូម្បីតែអគ្គលេខាធិការ អង្គការសហប្រជាជាតិ ក៏មិនអាចចាប់ បង្ខំខ្ញុំបានទេ ផ្ទុយទៅវិញយើងមានសិទ្ធិ បោះឆ្នោតជ្រើសរើសអគ្គលេខាធិការអង្គការសហប្រជាជាតិ។
សម្ដេចនាយករដ្ឋមន្ដ្រីបានមាន ប្រសាសន៍បន្ថែមថា នាយករដ្ឋមន្ដ្រី ប្រទេសមួយមិនមែននៅក្រោមបាតជើង ជនបរទេសណា ឬអង្គការចាត់តាំងណា ដែលវាមិនបានចង្អុលបង្ហាញក្នុងក្រប ខណ្ឌរដ្ឋធម្មនុញ្ញទេ មានតែសភាទេមាន សិទ្ធិហៅខ្ញុំទៅសួរ មានសិទ្ធិសរសេរ សំបុត្រឱ្យខ្ញុំឆ្លើយ, ក្រៅពីនោះ ខ្ញុំអត់ត្រូវ ផ្ដល់ចម្លើយឱ្យអ្នកណាទាំងអស់។
មានអ្នកខ្លះទៀត គេអត់ដឹងថា ខ្ញុំជួប ប្រធានាធិបតីអំពីរឿងអ្វីផង ហ៊ានសរសេរ ប្រដៅទៀតថា “លោកហ៊ុន សែន ឆ្លើយ របៀបហ្នឹងមិនមែនជាការវៃឆ្លាតខាង ការទូតទេ” អុញ ការពិតអ្នកនោះអត់ បានដឹងថាខ្ញុំនិយាយជាមួយប្រធានាធិបតី ឬនាយករដ្ឋមន្ដ្រីប្រទេសក្រៅយ៉ាងម៉េច ផង ស្រាប់តែសរសេរអ៊ីកចឹង។
ដរាបណាប្រធានាធិបតីឬនាយករដ្ឋ មន្ដ្រីជួបជាមួយខ្ញុំ មិនបាននិយាយអ្វី ជាមួយខ្ញុំ ហើយខ្ញុំក៏អត់បាននិយាយដែរ, អ្នកឯងនៅតែមិនដឹងមួយជីវិតហ្នឹង ហើយ អ្នកឯងនិយាយនៅតែខុស។ គេមាន សីលធម៌ជាក់លាក់ណាស់រវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលក្នុងទំនាក់ទំនងជាមួយ គ្នា។
ប៉ុន្ដែមានអ្នកប្រាជ្ញមួយចំនួននោះគេ សរសេរថា លោកហ៊ុន សែន មិនឈ្លាស វៃទេ ឆ្លើយរបៀបហ្នឹង, ម្យ៉ាងទៅ ទំនង របស់គេដែរ, មើលទៅដូចជាខ្លាំងណាស់។
សម្ដេចនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា គួរតែសិក្សារៀនសូត្រឱ្យបានច្រើន ជាងនេះ ហើយអ្នកដែលមានកម្មពិធីចង់ ជួបខ្ញុំ ដកការជួបទៅវិញទៅ ពីព្រោះ ស្អែកត្រូវប្រជុំគណៈរដ្ឋមន្ដ្រីទាំងព្រឹកទាំង ល្ងាច។ សម្ដេចបញ្ជាក់ថា ការពិតហើយ យើងមិនមែនមិនស្ដាប់នូវយោបល់អ្នក ដទៃទេ ក៏ប៉ុន្ដែអ្នកដទៃគួរកុំតាំងខ្លួនជា ចៅហ្វាយរបស់កម្ពុជាឱ្យសោះ ហើយក៏កុំគួរតាំងខ្លួនជាចៅហ្វាយរបស់ហ៊ុន សែន ព្រោះ ហ៊ុន សែន ទទួលខុសត្រូវតែចំពោះ មុខរដ្ឋសភាតែប៉ុណ្ណោះ រដ្ឋសភាសំដៅ ទៅលើប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត មិនបានទទួលខុសត្រូវចំពោះអ្នកដែល ផ្ដល់អនុសាសន៍ទេ។
ខ្ញុំមិនចង់និយាយទេ ប៉ុន្ដែវាជ្រិញពេក ធ្វើហាក់បីដូចជាកូនសិស្ស ប៉ុន្ដែមិនមែន កូនសិស្សសាលាបឋមសិក្សាទេ។ បញ្ហា ការចរចាកន្លែងខ្លះគេឱ្យអ្នកនាំពាក្យចេញ មកនិយាយ ហើយកន្លែងខ្លះ គេនិយាយ មានកន្លែងខ្លះគេត្រូវទុក គេអត់មាន និយាយទេ កុំឆ្ងល់ពេក រួចហើយបែរជាលើក ថាជួបគ្នាមិនឱ្យអ្នកកាសែតចូលរួម... បើភាគីទាំងសង ខាងជួបគ្នាបិទទ្វារ... បើ បិទទ្វារគេឱ្យចូល?
យីម្យ៉ាងរបស់គេដែរ ថាឱ្យរៀន ត្រូវ ប្រឹងរៀន រៀនឱ្យបានច្រើនបង្កើន បើបាន ជ្រុលថា ធ្វើអ្នកវិភាគឯករាជ្យ ឬក៏បញ្ញ វន្ដ បណ្ឌិតអីនឹងគេដែរ ការទូតគេធ្វើ យាងម៉េច... ប៉ុន្ដែពិបាកបន្ទោសគ្នាដែរ ព្រោះសូម្បីតែប្រធាននាយករដ្ឋានគ្នា មិនដែលធ្វើផង។ ប៉ុន្ដែមិនដែលធ្វើនោះ ចង់មកប្រដៅនាយករដ្ឋមន្ដ្រីដែលជា អ្នកចរចាផ្ទាល់ រួចតាំងខ្លួនធ្វើអ្នកចេះ ដល់គេថាត្រូវ តាំងខឹង ហើយតាំងប្រតិ កម្មមកហើយ។
សម្ដេចបន្ដថា ចេះឬមិនចេះ ស៊ីសង ជឿទេ គ្នាវាមិនសូវចេះទេ ប៉ុន្ដែយ៉ាង ហោចអាចរំដោះប្រជាជនពីប៉ុល ពត ទប់ ស្កាត់ការវិលត្រឡប់នៃរបបប៉ុលពត ហើយឈានទៅដល់នាំប៉ុល ពត ឡើង តុលាការកាត់ទោស ធ្វើឱ្យប្រទេសជាតិ មានសន្ដិភាព ពីប្រទេសបែកបាក់ជា ចម្រៀកៗមកផ្គុំគ្នាឱ្យចូលរួមជាមួយគ្នា ហើយដំណើរការលទ្ធិប្រជាធិបតេយ្យ បោះឆ្នោតទៅ។ ឥឡូវមានការប្រកាស ហើយថា គេនឹងធ្វើនាយករដ្ឋមន្ដ្រីឆ្នាំ ២០១៣ ប្រឹងទៅ។
សម្ដេចមានប្រសាសន៍ថា ខ្ញុំនឹង ចេញសេចក្ដីថ្លែងការណ៍បន្ទាន់មួយសុំ ឱ្យមានការស្ងប់ស្ងាត់ នឹងសុំឱ្យបក្សដែល ឈ្នះប្រឹងប្រែងរៀបចំរដ្ឋាភិបាលឱ្យបាន ឆាប់ ខ្ញុំនឹងទៅផ្ទេរតំណែងជូន។ ប៉ុន្ដែត្រូវ សម្រេចចិត្ដជាអ្នកកីឡា កុំថាថ្ងៃនេះថា ឈ្នះ លុះដល់ពេលចាញ់ ឡាំប៉ា...៕
