
វៀតណាមសន្យាបន្ដពង្រឹងសហប្រតិបត្ដិការឱ្យកាន់តែខ្លាំងក្លាថែមទៀតរវាងរាជធានីភ្នំពេញនឹងរដ្ឋធានីហាណូយ
ដោយ ៖ ហេង សូរិយា ថ្ងៃទី 14 ធ្នូ 2012ម៉ោង 08:53:28
ភ្នំពេញ ៖ លោក ផាម ក្វាងងី (PHAM QUANG NGI) លេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយនិងជាសមាជិក ការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយ នីស្ដវៀតណាមបានសម្ដែងបំណងដើម្បី ពង្រឹងនូវចំណងមិត្ដភាពនិងកិច្ចសហ ប្រតិបត្ដិការជាមួយកម្ពុជា ជាពិសេស ពង្រឹងសហប្រតិបត្ដិការឱ្យកាន់តែខ្លាំងក្លា ថែមទៀតរវាងរាជធានីភ្នំពេញ នឹងរដ្ឋធានីហាណូយ។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអនុញ្ញាតឱ្យ ប្រតិភូវៀតណាមចូលជួបសម្ដែងការគួរ សមនាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២។ លោកប្រធានគណៈប្រតិភូបានបញ្ជាក់ ជូនសម្ដេចប្រធានរដ្ឋសភាថា ដំណើរ ទស្សនកិច្ចរបស់លោកនៅកម្ពុជាក្នុងឆ្នាំ ២០១២នេះ គឺជាឆ្នាំមិត្ដភាព ហើយក៏ជាខួប៤៥ឆ្នាំនៃទំនាក់ទំនងការទូតរវាង ប្រទេសទាំង២ហើយបំណងសំខាន់នៃ ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា នាពេលនេះ លោកនឹងបានជួបពិភាក្សា ផ្លាស់ប្ដូរមតិដើម្បីធ្វើយ៉ាងណាពង្រឹង សហប្រតិបត្ដិការឱ្យកាន់តែខ្លាំងក្លាថែម ទៀតរវាងរាជធានីភ្នំពេញ នឹងរដ្ឋធានី ហាណូយ។ លោកក៏បានលើកសរសើរពី ការរីកចម្រើនរបស់កម្ពុជាគួរជាទីចាប់អារម្មណ៍ តាំងពីលោកមកដល់កម្ពុជា ហើយបានទៅទស្សនកិច្ចនៅខេត្ដសៀម រាបបានពីការអភិវឌ្ឍរបស់ប្រទេស កម្ពុជាទាំងនៅទីក្រុងក៏ដូចនៅជនបទ។ ដោយឡែកនៅក្នុងរាជធានីភ្នំពេញលោក បានឃើញវិថីដ៏ស្អាតៗ អ្វីៗបានបញ្ជាក់ ថារាជធានីភ្នំពេញមានការរីកចម្រើនយ៉ាង ខ្លាំងក្លា ជាពិសេសបានឃើញពីទឹកចិត្ដ ស្និទ្ធស្នាលទទួលភ្ញៀវរបស់ប្រជាជននិង មានជីវភាពរស់នៅសម្បូណ៌សប្បាយ។
ទន្ទឹមនេះដែរក្នុងនាមប្រជាជនវៀតណាម និងដោយឡែកក្នុងនាមប្រជាជន រដ្ឋធានីហាណូយលោកសូមចូលរួមរំលែក ទុក្ខនៃការសោយព្រះទិវង្គតរបស់ព្រះករុណា សម្ដេចព្រះ នរោត្ដម សីហនុ សម្ដេចព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ លោកក៏បានលើកឡើងចំពោះ មនោសញ្ចេតនារបស់សម្ដេចឪដែល កន្លងមកបានគាំទ្រជានិច្ចដល់ការតស៊ូ របស់ប្រជាជនវៀតណាម។ ហេតុដូច្នេះ ហើយនៅពេលដែលលោកទទួលបាន ដំណឹងពីការសោយទិវង្គតរបស់ព្រះ ករុណា លោកបានដឹកនាំគណៈប្រតិភូនៃ រដ្ឋធានីហាណូយទៅដាក់កម្រងផ្កានៅ ស្ថានទូត កម្ពុជាប្រចាំរដ្ឋធានីហាណូយ ភ្លាមផងដែរ។ ឆ្លៀតឱកាសនេះលោក បានញំនាំនូវការសាកសួរសុខទុក្ខពីថ្នាក់ ដឹកនាំបក្សគឺមានលោកអគ្គលេខាធិការ បក្សកុម្មុយនិស្ដវៀតណាមជូនសម្ដេចប្រធានរដ្ឋសភាព្រមទាំងបានសុំអញ្ជើញ សម្ដេចឱ្យទៅបំពេញទស្សនកិច្ចនៅវៀត ណាម ជាពិសេសនៅរដ្ឋធានីហាណូយ។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងនាមរដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជាបានស្វាគមន៍និងបានចាត់ ទុកវត្ដមានរបស់លោក ផាម ក្វាងងី និង គណៈប្រតិភូនាថ្ងៃនេះបានផ្ដល់កិត្ដិយស ដ៏ធំធេងសម្រាប់កម្ពុជា និងជាពិសេស បានផ្ដល់លទ្ធភាពទ្វេឡើងថែមទៀតក្នុង ការពង្រឹង និងពង្រីកចំណងមិត្ដភាព សាមគ្គីភាពមានលក្ខណៈជាប្រវត្ដិសាស្ដ្រ ដែលធ្លាប់មានតាំងពីយូរយារណាស់មកហើយរវាងប្រទេសតាំងពីរកម្ពុជា-វៀតណាម ជាពិសេសរវាងរាជធានី ភ្នំពេញ និងរដ្ឋធានីហាណូយ។ ទន្ទឹមនេះ សម្ដេចបានសម្ដែងការអបអរសាទរ និងកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរដ្ឋធានីហាណូយ ហើយសម្ដេច ជឿជាក់ថា រដ្ឋធានីហាណូយក្រោមការ ដឹកនាំរបស់បក្សកុម្មុយនីស្ដវៀតណាម នឹងទទួលបានជោគជ័យថ្មីៗថែមទៀត។
សម្ដេចក៏បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះបក្សកុម្មុយនិស្ដវៀតណាម រដ្ឋាភិបាលនិងប្រជាជនវៀត ណាម ដែលបានផ្ដល់នូវការជួយឧបត្ថម្ភ ដ៏ស្មោះសនិងធំធេងដល់ប្រជាជនកម្ពុជា ក្នុងបុព្វហេតុសង្គ្រោះជាតិពីរបបប្រល័យ ពូជសាសន៍ និងការធ្វើឱ្យរស់ឡើងវិញ និងមានការអភិវឌ្ឍរហូតមកដល់ថ្ងៃនេះ ក្នុងនោះរដ្ឋធានីហាណូយបានជួយស្ថាបនា ផ្លូវហាណូយស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញផងដែរ ៕
