រាជរដ្ឋាភិបាល​សម្រេច​ប្រមូល​​ចំណូល​បាន​៧៥,៣%​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​២០១២

ដោយ​ ៖ សាគុណ ថ្ងៃទី 14 ធ្នូ 2012ម៉ោង 09:04:05

​ភ្នំពេញ ៖ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ ក្រុមការងារ​បច្ចេកទេស​កែទម្រង់​ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ក្រោម​អធិបតី​ លោក​ឧ​ប​ នាយក​រដ្ឋមន្ត្រី​ គាត​ ឈ​ន់​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​ សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​ក្រសួង​សេដ្ឋ​ កិច្ច​និង​ហិរញ្ញវត្ថុ​ និង​តំណាង​ក្រុមការងារ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ទាំង​ ៣៨​ក្រសួង​ ស្ថាប័ន​ ព្រមទាំង​តំណាង​ដៃគូ​អភិវឌ្ឍន៍​ ទីប្រឹក្សាបច្ចេកទេស​ និង​មន្ត្រី​ជំនាញ​ ជា​ច្រើន​រូប​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែធ្នូ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ត្រីមាស​ទី​៣​ ឆ្នាំ​២០១២​ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បានការ​ប្រមូល​ចំណូល​ដល់​ទៅ​ ៧៥,៣%​ ដែល​មាន​ភាព​ ប្រសើរ​ជាង​ឆ្នាំ​កន្លង​មក​ ហើយ​ជាមួយ​គ្នា​នេះ​ការ​ចំណាយ​ក៏​ត្រូវ​បាន​គ្រប់គ្រង​និង​អនុវត្ត​ បាន​ប្រសើរ​ផង​ដែរ​ ។​
​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា​ កិច្ចប្រជុំ​នេះ​បាន​ដំណើរការ​តាម​របៀប​ វារៈ​រួម​មានៈ​ ការ​ពិនិត្យ​របាយការណ៍​វឌ្ឍនភាព​ប្រចាំត្រីមាស​ទី​៣​ ឆ្នាំ​២០១២,​ ការ​ធ្វើ​ប​ច្ចុ​ប្ប​ ន្នភា​ពនៃ​ការ​ដាក់​ឲ្យ​អនុវត្ត​យុទ្ធសាស្ត្រ​គម្រោងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ និង​បញ្ហា​ផ្សេងៗ​ ។​
​តាម​ការ​ពិនិត្យ​លើ​របាយការណ៍​វឌ្ឍនភាព​នៃ​ការងារ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ សាធារណៈ​ក្នុង​ត្រីមាស​ទី​៣​ ឆ្នាំ​២០១២​ យើង​ក៏​ត្រៀម​រៀបចំ​ដាក់​អនុវត្ត​យុទ្ធសាស្ត្រ​គម្រោង​ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ ដែល​គ្រោង​ដាក់​ដំណើរការ​នៅ​ ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​ ។​ ទាំង​ភាគី​រដ្ឋាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​បាន​បង្ហាញ​នូវ​ការ​យល់​ ស្របគ្នា​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ការងារ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ សាធារណៈ​ដែល​សម្រេច​បាន​ ក្នុង​នោះ​ភាព​ជឿ​ទុកចិត្ត​បាន​នៃ​ថវិកា​ដែល​ជា​ស្នូល​គ្រឹះ​នៃ​ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​តែ​រក្សា​បាន​ផ្អែក​តាម​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ជាមួយនឹង​ សូចនាករ​របស់​កម្មវិធី​កែទម្រង់​ ។​
​សកម្មភាព​កែទម្រង់​ដែល​គាំទ្រ​ដល់​ការ​បង្កើន​គណនេយ្យ​ភាព​ហិរញ្ញវត្ថុ​ និង​ការ​គាំ​ ទ្រ​ដល់​គម្រោង​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ បាន​និង​កំពុង​អនុវត្ត​ ព្រមទាំង​បាន​រៀបចំ​ផែនការ​សកម្មភាព​ការងារ​ដ៏​ច្បាស់លាស់​បង្កើត​បានជា​មូលដ្ឋាន​រឹង​មាំ​ សម្រាប់​ត្រៀម​អនុវត្ត​គម្រោង​ផង​ដែរ​ ។​
​លោក​ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈ​ន់​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ជា​ដៃគូ​រវាង​រាជ​ រដ្ឋាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​ដែល​បាន​បំពេញការងារ​ជាមួយ​គ្នា​បាន​ល្អ​ប្រសើរ​ គាំទ្រ​កម្មវិធី​ កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ព្រមទាំង​បាន​ស្វាគមន៍​រាល់​មតិយោបល់​ក្នុង​ ស្មារតី​ស្ថាបនា​របស់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ និង​ថ្លែងអំណរគុណ​ចំពោះ​ដៃគូ​អភិវឌ្ឍន៍​ ដែល​បាន​ សម្តែង​នូវ​ឆន្ទៈ​ច្បាស់លាស់​ក្នុង​ការ​គាំទ្រ​កម្មវិធី​កែទម្រង់​និង​ផ្តល់​ការ​គាំទ្រ​បន្ថែម​ទៀត​ទាំង​ ផ្នែក​បច្ចេកទេស​និង​ហិរញ្ញវត្ថុ​ ដើម្បី​ឲ្យ​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ មានដំណើរ​ការ​ទៅ​មុខជា​លំដាប់​និង​ទទួល​បាន​ជោគជ័យ​ជា​ផ្លែផ្កា​សម្រេច​បាន​គោលដៅ​ អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​វៃ​ឈ្លាស​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕​