អ្នក​ស្លាប់​ដោយ​ខ្យល់ព្យុះ​បុ​បា្ព​នៅ​ហ្វី​លី​ពី​ន​ដល់​ទៅ​១០២០​នាក់

ដោយ​ ៖ ម៉ែវ ​សាធី ថ្ងៃទី 17 ធ្នូ 2012ម៉ោង 13:37:27

​របាយការណ៍​ចុង​ក្រោយ​បំផុត​ស្ដី​ពី​ អ្នក​ស្លាប់​ដោយ​ខ្យល់ព្យុះ​បំផុត​នៅ​ភាគ​ ខាងត្បូង​ហ្វី​លី​ពី​ន​ កើនឡើង​ដល់​១.០២០​ នាក់​ ។​  ​លោក​បែន​នី​តូ​ រ៉ា​ម៉ូ​ស​ ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ជាតិ​ហ្វី​លី​ពី​ន​ បានឱ្យ​ដឹង​ថា​ គិត​មក​ដល់​ថ្ងៃ​ ទី​១៦​ ខែធ្នូ​ បាន​រក​ឃើញ​សាកសព​ ១.០២០​នាក់​និង​នៅ​មាន​ពលរដ្ឋ​៨៥០​នាក់​ ទៀត​បាត់​ខ្លួន​ ហើយ​អ្នក​ស្លាប់​អាច​នឹង​ កើនឡើង​ថែម​ទៀត​ ។​

​លោក​ រ៉ា​ម៉ូ​ស​ បាន​និយាយ​ប្រាប់​ សារព័ត៌មាន​ AFP​ ថា​ ចំនួន​អ្នក​ស្លាប់​ អាច​នឹង​កើនឡើង​ ដោយពេល​កន្លង​មក​ យើង​បាន​រក​ឃើញ​សាកសព​ជា​ច្រើន​ កប់​ក្រោម​គំនរ​អគារ​បាក់បែក​និង​សង្កត់​ ដោយ​ដើមឈើ​បាក់​ពីលើ​ ។​

​ព្យុះ​បុ​បា្ព​បាន​វាយប្រហារ​ចូល​ភាគ​ ខាងត្បូង​ហ្វី​លី​ពី​ន​នៅ​ថ្ងៃ​ទី​៤​ ធ្នូ​ ដែល​ មាន​ល្បឿន​ខ្យល់​ដល់​ទៅ​១៤០​គីឡូម៉ែត្រ​ ក្នុង​១​ម៉ោង​ ពេល​ខ្លះ​ល្បឿន​ខ្យល់​កើនឡើង​ ដល់​ទៅ​១៧០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ បាន​ បក់​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ ដើមឈើ​ តូច​ធំ​រួម​ទាំង​បង្គោល​ភ្លើង​ក៏​ត្រូវ​ដួល​រលំ​  ផង​ដែរ​ ។​ នៅ​តំបន់​ទំនាប​មាន​ភ្លៀង​ធ្លាក់​ ខ្លាំង​បង្ក​ឱ្យ​លិចលង់​ បាក់​ដី​ និង​សម្លាប់​ មនុស្ស​ជា​ច្រើន​ទៀត​ផង​ ។​

​កោះ​មីន​ដា​ណា​វ​ជា​តំបន់​ដែល​រង​ការ​ បំផ្លិចបំផ្លាញ​ច្រើន​ជាងគេ​បំផុត​ដោយ​ ព្យុះ​បុ​បា្ព​ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​សិប​ពាន់​ នាក់​ត្រូវ​ភៀសខ្លួន​និង​បំផ្លាញ​ទ្រព្យសម្បត្ដិ​ អាយុជីវិត​ជា​ច្រើន​ ។​ មក​ដល់​ពេល​នេះ​ សកម្មភាព​រុករក​អ្នក​បាត់​ខ្លួន​និង​ផ្ដល់​ជំនួយ​ សង្គ្រោះ​ដល់​អ្នក​បាត់បង់​ផ្ទះសម្បែង​នៅ​ តែ​បន្ដ​ ។​ បច្ចុប្បន្ន​ពលរដ្ឋ​២៧​ពាន់​នាក់​ រស់នៅ​ក្នុង​ជំរុំ​តង់​បណ្ដោះអាសន្ន​ ដោយ​ ផ្ទះសម្បែង​របស់​ពួក​កាត់​នៅ​សល់​តែ​ កម្ទេច​ឈើ​-​ថ្ម​បាក់បែក​តែ​ប៉ុណ្ណោះ​ ៕