
ស្លាប់៤៥នាក់ដោយអាកាសធាតុត្រជាក់នៅរុស្ស៊ី
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 21 ធ្នូ 2012ម៉ោង 10:35:47
រុស្ស៊ីប្រឈមនឹងអាកាសធាតុត្រជាក់ បំផុតមិនធ្លាប់មានរយៈពេល៧០ឆ្នាំកន្លងមក ដោយពេលនេះសីតុណ្ហភាព ធ្លាក់ចុះក្រោមសូន្យអង្សាដល់ទៅ៥០អង្សាសេ បណ្ដាលឱ្យមនុស្ស៤៥នាក់បាត់បង់ជីវិត និង២៦០នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ក្រសួងព្យាករណ៍ឧតុនិយមរុស្ស៊ីបាន ប្រកាសឱ្យដឹងថា អាកាសធាតុត្រជាក់ និងអូសបន្លាយរយៈពេលយូរ ហើយ ត្រជាក់ជាងគេបំផុតមិនធ្លាប់ចាប់តាំងពីឆ្នាំ១៩៣៨ ។ ជារៀងរាល់ឆ្នាំ រដូវរងារ មានសីតុណ្ហភាពធ្លាក់ចុះត្រឹម១០និង ១៥អង្សាប៉ុណ្ណោះ ។
ចាប់តាំងពីថ្ងៃទី១៩ ខែធ្នូ មកនៅទី ក្រុងមូស្គូសីតុណ្ហភាពធ្លាក់ចុះ-១៧-១៨ អង្សាសេ ហើយអាកាសធាតុត្រជាក់ នោះនឹងបន្ដជាច្រើនថ្ងៃខាងមុខទៀត ។ ចំណែកនៅតំបន់សៃបូរី សីតុណ្ហភាព ធ្លាក់ចុះរហូតដល់-៥០អង្សាសេ។ ក្រសួង គ្រប់គ្រងគ្រោះមហន្ដរ៉ាយរុស្ស៊ីបាន ប្រកាសអាសន្ននៅតំបន់ចំនួន១៥ដែល អាចប្រឈមនឹងការកាត់ផ្ដាច់បណ្ដាញ អគ្គិសនី និងបណ្ដាញទូរស័ព្ទទំនាក់ទំនង ទៀតផង ។
ជំរំបណ្ដោះអាសន្នដើម្បីជួយកាត់ បន្ថយសីតុណ្ហភាពត្រជាក់នោះក៏ត្រូវបាន បំផ្លាញដោយត្រជាក់ខ្លាំងពេកធ្វើឱ្យពល រដ្ឋរាប់រយនាក់ត្រូវត្រជាក់ស្ទើរតែកក ។ សាលារៀនជាច្រើនក៏ត្រូវបានបិទទ្វារផងដែរ ។
អាកាសធាតុត្រជាក់អមទៅដោយ ព្យុះព្រឹលបានធ្វើឱ្យជើងហោះហើរអន្ដរ ជាតិជាច្រើនត្រូវលុបចោល និងចរាចរ នានាក៏ត្រូវកកស្ទះផងដែរ ។ ផ្លូវថ្នល់ជា ច្រើនត្រូវហាមចរាចរដោយព្រឹលធ្លាក់ យ៉ាងក្រាស់មិនអាចបើកបរបាន ។ តាមការព្យាករណ៍នៅចុងសបា្ដហ៍នេះ សីតុណ្ហភាពនៅទីក្រុងមូស្គូនឹងធ្លាក់ចុះ បន្ថែមទៀតរហូតដល់-២៥អង្សាសេ ហើយនិងមានព្រឹលធ្លាក់យ៉ាងក្រាស់បន្ដ គ្របដណ្ដប់នៅទីនេះ ៕
