វិចារណកថា ៖ ប្រយ័ត្ន​ចាញ់បោក​គេ​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល​

ដោយ​ ៖ នួន នរិន្រ្ទ ថ្ងៃទី 24 ធ្នូ 2012ម៉ោង 10:20:26

​វិទ្យាសាស្ដ្រ​រីក​ចម្រើន​ មិន​ប្រកាន់​ទំនៀមទម្លាប់​ប្រពៃណី​របស់​ជាតិ​សាសន៍​ ណា​នោះ​ទេ​។​ ពេល​នេះ​យុវជន​ យុវនារី​ខ្មែរ​ទាំង​ទីក្រុង​ក៏​ដូច​ជនបទ​កំពុង​តែ​រីករាយ​ នឹង​ប្រពៃណី​ទំនៀមទម្លាប់​ពី​បណ្ដា​ជនជាតិ​អឺរ៉ុប​ គឺ​ពិធីបុណ្យ​ណូអែល​ ឬ​បុណ្យ​គ្រិស្ដ​ ស្មាស​។​ ប្រជាពលរដ្ឋ​ជា​ ពិសេស​យុវវ័យ​មាន​សិទ្ធិ​គោរព​ជំនឿ​សាសនា​ទៅ​តាម​ ចំណង់​ចំណូលចិត្ដ​របស់​ខ្លួន​។​ ប៉ុន្ដែ​យ៉ាងណា​ក៏​ដោយ​ ក៏​គួរ​រក្សា​នូវ​ប្រពៃណី​ទំនៀម​ ទម្លាប់​ខ្មែរ​ ដោយ​មិន​ត្រូវ​ប្រថុយ​ប្រាណ​ឱ្យ​បាត់បង់​កិត្ដិយស​ សេចក្ដី​ថ្លៃថ្នូរ​ផ្ទាល់ខ្លួន​ ក៏​ដូច​ជា​សង្គម​ជាតិ​នៅ​ក្នុង​ថ្ងៃ​ បុណ្យ​ណូអែល​នេះ​ទេ​។​

​បន្ទាប់​ពី​ថ្ងៃ​បុណ្យ​ណូអែល​ បន្ដ​រីករាយ​ហូរហែ​រហូត​ដល់​ឆ្លង​ឆ្នាំ​សកល​ ដែល​យុវវ័យ​ មួយ​ចំនួន​នាំ​គ្នា​អង្គុយ​រាប់​ថយក្រោយ​ (Count​ Down)​ នៅ​តាម​ក្លឹ​ប​កម្សាន្ដ​ ឬ​ កន្លែង​ផឹកស៊ី​នានា​ដែល​សេចក្ដី​ព្រួយបារម្ភ​អាណាព្យាបាល​របស់​យុវវ័យ​ទាំងនោះ​ ភ័យ​ ខ្លាច​ពួក​គេ​គ្មាន​កន្លែង​ទទួលទានដំណេក​ បន្ទាប់​ពី​ឆ្លង​ចូល​ឆ្នាំ​ថ្មី​បាន​ប៉ុន្មាន​នាទី​ មក​នោះ​។​ ពួក​គេ​អាច​នឹង​កក់​បន្ទប់​ផ្ទះសំណាក់​ ឬ​ក៏​មិន​ហ៊ាន​ចូល​ផ្ទះ​ នាំ​គ្នា​ទាំង​ ហ្វូង​ទៅ​ដេក​តាម​ផ្ទះសំណាក់​ ឬ​សណ្ឋាគារ​ ហើយ​ប្រព្រឹត្ដ​អំពើ​មិន​គប្បី​មួយ​ចំនួន​ ប្រាសចាក​សីលធម៌​ ប្រពៃណី​ ទំនៀមទម្លាប់​ ។​ នេះ​ជា​សេចក្ដី​ព្រួយបារម្ភ​របស់​ អាណាព្យាបាល​ មាតាបិតា​ដែល​មាន​កូនចៅ​ឈ្លក់​វង្វេង​នឹង​វប្បធម៌​បរទេស​។​

​និយាយ​យ៉ាង​ដូច្នេះ​មិនមែន​មាន​ន័យ​ថា​ ជា​ការ​រើសអើង​ ប្រកាន់​ពណ៌​សម្បុរ​ ចំពោះ​ការ​ប្រតិបត្ដិ​ឬ​រីករាយ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល​តាម​អ្នក​កាន់​គ្រិស្ដសាសនា​ នោះ​ទេ​ ហើយ​ក៏​មិនមែន​មាន​ន័យ​ថា​ គ្រិស្ដសាសនា​នាំ​មនុស្ស​ឬ​ពង្វក់​យុវវ័យ​ឱ្យ​ នាំ​គ្នា​ប្រព្រឹត្ដ​អំពើ​មិន​គប្បី​នៅ​ក្នុងផ្ទះ​សំណាក់​ឬ​សណ្ឋាគារ​នោះ​ដែរ​។​ ប៉ុន្ដែ​អ្វី​ដែល​ ជា​ការ​ខុសឆ្គង​ គឺ​យុវជន​ខិលខូច​មួយ​ចំនួន​ឆ្លៀតឱកាស​កេង​ចំណេញ​ពី​យុវតី​ដែល​ ភ្លើតភ្លើន​សប្បាយ​ភ្លេចខ្លួន​ សប្បាយ​នឹង​ថ្ងៃ​បុណ្យ​របស់​ពួក​បស្ចិមប្រទេស​។​ យុវជន​ ខិលខូច​មួយ​ចំនួន​រង់ចាំ​ថ្ងៃ​បុណ្យ​ណូអែល​ក្នុង​ការ​ណាត់​ជាមួយ​សង្សារ​ដើម្បី​ចូល​ ក្លឹ​ប​កម្សាន្ដ​ ហើយ​ឆ្លៀតឱកាស​បង្ហួស​ផ្ទះសម្បែង​ បន្ទាប់​ពី​រាប់​ថយក្រោយ​ រង់ចាំ​ ទទួល​ឆ្នាំ​សកល​ថ្មី​ ឬ​ក៏​មានឱកាស​បាន​នាំ​ដៃគូ​ដើរ​កម្សាន្ដ​ថ្ងៃ​បុណ្យ​ណូអែល​ធ្វើ​ឱ្យ​ នាង​ ភ្លេចខ្លួន​ ហើយ​ក៏​ចូល​ផ្ទះសំណាក់​តែ​ម្ដង​ ។​

​បើ​តាម​ក្រុម​អ្នក​សង្កេតការណ៍​ ពិធីបុណ្យ​ណូអែល​ដែល​ចាប់ផ្ដើម​នៅ​អំឡុង​ សបា្ដហ៍​ទី​៣​ ខែធ្នូ​ នៃ​ឆ្នាំ​នីមួយៗ​ ។​ សាលារៀន​ឯកជន​ដែល​មាន​និន្នាការ​ទៅ​រក​គ្រិស្ដ​ សាសនា​បាន​រៀបចំ​ពិធីបុណ្យ​ណូអែល​សម្រាប់​ជា​ការ​ជួបជុំ​ជាមួយ​ឪពុក​ម្ដាយ​អាណា​ ព្យាបាល​សិស្ស​ដើម្បី​ឱ្យ​បាន​ស្គាល់គ្នា​ និង​ដើម្បី​ជា​ឱកាស​ឱ្យ​សិស្សសាលា​ទាំងអស់​ បាន​ជួបជុំ​គ្នា​ផង​។​ ទិដ្ឋភាព​បែប​នេះ​ពិតជា​មិនអាក្រក់​សម្រាប់​យុវវ័យ​កម្ពុជា​ នោះ​ឡើយ​។​ ប៉ុន្ដែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​សាលារៀន​របស់​រដ្ឋ​មួយ​ចំនួន​ក៏​មាន​ សិស្សសាលា​ខ្លះ​មិន​ចូល​ថ្នាក់​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល​នេះ​ដែរ​។​ ពួក​គេ​ណាត់គ្នា​ ទៅ​កាន់​ទីកន្លែង​កម្សាន្ដ​ជាយក្រុង​ ហើយ​មិន​ប្រាកដ​ថា​ ការ​កម្សាន្ដ​របស់​ពួក​ គេ​នឹង​ត្រូវ​បាន​បញ្ចប់​ដោយ​សន្ដិវិធី​ និង​ភាព​ថ្លៃថ្នូរ​នោះ​ទេ​។​ ក្រុម​យុវវ័យ​កេង​ ចំណេញ​កៀកកើយ​ទៅ​លើ​ក្មេង​ស្រីៗ​ ដែល​មើលទៅ​មិន​សម​ភ្នែក​មហាជន​ ជា​ ពិសេស​ឆ្គាំឆ្គង​ចំពោះ​ប្រពៃណី​ទំនៀមទម្លាប់​ ។​
​វា​មិនមែន​ជា​ចំណុច​ដែល​អសកម្ម​ទាំងស្រុង​នោះ​ទេ​ ។​ ប៉ុន្ដែ​ជនខិលខូច​មួយ​ ចំនួន​ឆ្លៀតឱកាស​ប្រព្រឹត្ដ​អំពើ​ផ្ដេសផ្ដាស​នៅ​ក្នុង​ថ្ងៃ​បុណ្យ​នេះ​ ។​

យុវជន​ យុវនារី​ មួយ​ចំនួន​ធំ​ក្រោម​ការ​ណែនាំ​ពី​អាណាព្យាបាល​ និង​មើលឃើញ​អំពី​ចំណុច​អវិជ្ជមាន​ ទើប​ពួក​គេ​ខ្លាចរអា​មិន​សប្បាយ​ ភ្លេចខ្លួន​នៅ​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ណូអែល​នេះ​ ។​ បើ​ ប្រៀបធៀប​នៅ​នឹង​បណ្ដា​ឆ្នាំ​មុនៗ​ យុវជន​ យុវនារី​មួយ​ចំនួន​ធំ​ហាក់ដូចជា​មិន​ជ្រួល​ ជ្រើម​ពេក​នោះ​ទេ​ ។​ មិន​ជ្រួលជ្រើម​ក៏​ព្រោះតែ​ពួក​គេ​មើលឃើញ​ថា​ ការ​សប្បាយ​ រីករាយ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល​នេះ​ គឺជា​ភាព​អាម៉ាស​មួយ​សម្រាប់​ជាតិ​សាសន៍​ របស់​ខ្លួន​ និង​គ្មាន​ផល​ចំណេញ​អ្វី​នោះ​ឡើយ​ ។​

​និយាយ​យ៉ាងនេះ​ មិនមែន​មាន​ន័យ​ថា​ ប្រពៃណី​ទំនៀមទម្លាប់​បរទេស​សុទ្ធតែ​ អាក្រក់​នោះ​ទេ​ ។​ ប៉ុន្ដែ​បណ្ដាជន​ឆ្លៀតឱកាស​មួយ​ចំនួន​បង្ក​ឱ្យ​មាន​បញ្ហា​កេង​ ចំណេញ​ ហើយ​ធ្វើ​ឱ្យ​មាន​បញ្ហា​នៅ​ក្នុង​សង្គម​ ។​ ប្រពៃ​ី​ណី​ទំនៀមទម្លាប់​ជាតិ​សាសន៍​ នីមួយៗ​សុទ្ធតែ​មាន​ប្រយោជន៍​រៀងៗ​ខ្លួន​ ។​ សម្រាប់​នៅ​កម្ពុជា​ យុវជន​ យុវនារី​ខ្លះ​ ឆ្លៀតឱកាស​មិន​ត្រឹមតែ​រំលោភ​បំពាន​នៅ​លើ​ខ្លួនប្រាណ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​មាន​លាយ​ ឡំ​ទៅ​ដោយ​អំពើ​បោកប្រាស​ លួច​ប្លន់​ទៀត​ផង​ ។​ ជនខិលខូច​រក​គ្រប់​វិធី​ដើម្បី​កេង​ ចំណេញ​គ្រប់​សកម្មភាព​ទោះ​ដោយ​វិធី​ណា​ក៏​ដោយ​ ។​

​គេ​រំពឹង​ថា​ យុវវ័យ​កម្ពុជា​ ជា​ពិសេស​អាណាព្យាបាល​ទាំងឡាយ​នឹង​ពិនិត្យ​តាម​ ដាន​ចំពោះ​សកម្មភាព​កូនៗ​របស់​ខ្លួន​នៅ​ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​គ្រិស្ដ​ម៉ាស​ ក៏​ដូច​ ជា​បុណ្យ​ឆ្លង​ឆ្នាំ​សកល​។​ យុវជន​ យុវនារី​ដែល​មិន​បាន​គិត​គ្រប់​ជ្រុងជ្រោយ​ ធ្វើ​ឱ្យ​ ប៉ះពាល់​ដល់​កិត្ដិយស​និង​សេចក្ដី​ថ្លៃថ្នូរ​ក្រុម​គ្រួសារ​ ក៏​ដូច​ជា​ប្រពៃណី​ ទំនៀមទម្លាប់​ ជាតិ​។​ មាន​បញ្ហា​ជា​ច្រើន​ដែល​នឹង​កើត​មាននៅ​ក្នុង​ពិធីបុណ្យ​របស់​បណ្ដាជន​បស្ចិម​ ប្រទេស​សម្រាប់​អ្នក​ដែល​មិនមែន​ជា​អ្នក​កាន់សាសនា​គ្រិស្ដ​ ។​ បើ​ទោះជា​យ៉ាង​ នេះ​ ការ​គោរព​នូវ​ជំនឿ​សាសនា​ ប្រពៃណី​ទំនៀមទម្លាប់​ណាមួយ​ នៅ​តែ​ជា​សិទ្ធិ​ របស់​បុគ្គល​ម្នាក់ៗ​ដែល​គ្មាន​អ្នក​ណា​អាច​បំពារបំពាន​បាន​ឡើយ​។​ ប្រការ​នេះ​ហើយ​ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កំណត់​រួច​ហើយ​ ។​

​លោក​ មហា​ត្មះ​ គ​ន្ធី​ អ្នកនយោបាយ​អហិង្សា​របស់​ឥណ្ឌា​បាន​និយាយ​ទូន្មាន​ទៅ​ កាន់​ប្រជាជាតិ​ឥណ្ឌា​ ខណៈ​ដែល​ប្រទេស​នេះ​ស្ថិត​ក្រោម​អាណានិគម​អង់គ្លេស​អស់​ រយៈពេល​១០០​ឆ្នាំ​ថា​ “​អរិយធម៌​មិនមែន​នាំ​គ្នា​បង្កើត​ការ​សប្បាយ​ទេ​ គឺជា​ការ​ ទប់​សេចក្ដី​សប្បាយ​ កុំឱ្យ​យើង​ភ្លើតភ្លើន​ភ្លេច​ដល់​ករណី​កិច្ច​របស់​យើង​...”​ ៕