យក្ស​ កោះ​យ៉​ឈ្នះ​ Vo​ Va​ ក៏​គ្មាន​តម្លៃ​ដែរ​នៅ​សង្វៀន​ស្ដា​ត​ចាស់​

ដោយ​ ៖ សារីម|ថ្ងៃទី 31 ធ្នូ 2012 ម៉ោង 14:26:16

​ភ្នំពេញ​ ៖​ ការ​ប្រកួត​កីឡាប្រដាល់​ ក្បាច់គុន​បុរាណ​ខ្មែរ​ប្រចាំ​ខែធ្នូ​ ឆ្នាំ​២០១២​ របស់​ទូរទស្សន៍​អប្សរា​ប៉ុស្ដិ៍​លេខ​១១​ កាលពី​រសៀល​ថ្ងៃ​សៅរ៍​ ទី​២៩​ ខែធ្នូ​ ឆ្នាំ​ ២០១២​ ដែល​មាន​កីឡាករ​បរទេស​២​ គូ​ ក្នុង​នោះ​មាន​គូ​វាយ​ដណ្ដើម​ខ្សែក្រវាត់​ ១​គូ​និង​គូ​ទី​៥​មួយគូ​ត្រូវ​បាន​ទស្សនិកជន​ការ​រិះគន់​ ព្រោះ​ការ​ផ្គូផ្គង​ហាក់បីដូចជា​ មិន​ស័ក្ដិសម​ឬ​ក៏​មិន​ពេញ​លក្ខណៈ​ដែល​ទស្សនិកជន​ចង់បាន​ឡើយ​ ។​

ប្រភព​ព័ត៌មាន​គួរ​ឱ្យ​ទុកចិត្ដ​បាន​ បង្ហើប​ប្រាប់​ភ្នាក់ងារ​យក​ព័ត៌មាន​នគរ​ វត្ដ​មុន​ពេល​ចាប់ផ្ដើម​ការ​ប្រកួត​ថា​ គូ​ ពិសេស​ទី​៥​កីឡាករ​ យក្ស​ កោះ​យ៉​ មក​ពី​ សមាគម​កីឡាប្រដាល់​ខេត្ដកោះកុង​ ជា​កូនសិស្សលោក​ អេ​ ភូ​ថង​ និង​លោក​ ងួ​ន​ និ​ត​ ដែល​ដើម​ឡើយ​ត្រូវ​គណៈ​កម្ម​ ការ​រៀបចំ​ការ​ប្រកួត​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ យ៉ា​ ស៊ី​ន​ ជនជាតិ​បែ​ល​ហ្ស៊ិ​ក​ក្នុង​ប្រភេទ​ ទម្ងន់​១១០​គីឡូក្រាម​នោះ​ ត្រូវ​អាក់ខាន​ វិញ​ដោយសារ​តែ​កីឡាករ​ យ៉ា​ ស៊ី​ន​មាន​ បញ្ហា​លិខិតឆ្លងដែន​ ។​ នេះ​បើ​តាម​ពិធី​ ករ​របស់​សង្វៀន​ប៉ុស្ដិ៍​អប្សរា​ប្រកាស​ជា​ សាធារណៈ​ប្រាប់​ដល់​ទស្សនិកជន​ ។​ ប៉ុន្ដែ​ មាន​ប្រភព​មួយ​ផ្សេង​ទៀត​បាន​បញ្ជាក់​ ថា​ អ្វី​ដែល​ទស្សនិកជន​អស់សង្ឃឹម​ទៅ​  លើ​អ្នក​ផ្គូផ្គង​និង​ថ្លឹង​ទម្ងន់​នោះ​ គឺ​ដោយ​ សារ​តែ​យក​កីឡាករ​ Vo​ Va​ ជនជាតិ​ រុ​ស្ស៊ី​មក​ជំនួស​ យ៉ា​ ស៊ី​ន​ ដើម្បី​បំភ័ន្ដ​ ភ្នែក​ប្រិ​យ​មិត្ដ​ដែល​តែងតែ​និយម​គាំទ្រ​វិស័យ​កីឡាប្រដាល់​សេរី​របស់​ស្ថានីយ​ ទូរទស្សន៍​អប្សរា​ទៅ​វិញ​ដោយ​អ្នក​ផ្គូផ្គង​ ទាំងនោះ​យល់​ឃើញ​ថា​ Vo​ Va​ មាន​លក្ខណ​ សម្បត្ដិ​អាច​បន្លំ​ភ្នែក​អ្នក​ទស្សនា​បាន​ ។​

ប្រភព​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា​ កីឡាករ​យក្ស​ កោះ​យ៉​ និង​កីឡាករ​ Vo​ Va​ នេះ​ទម្ងន់​របស់​ពួក​គេ​ទាំង​២​នាក់​មិន​ស្មើ​ គ្នា​ដូច​អ្វី​ដែល​ទស្សនិកជន​បានឃើញ​ តាម​រយៈ​កញ្ចក់​ទូរទស្សន៍​អប្សរា​បាន​ បង្ហាញ​ឱ្យ​ឃើញ​នោះ​ទេ​ តាម​ពិត​ទម្ងន់​ របស់​យក្ស​ កោះ​យ៉​ មាន​រហូត​ដល់​១១២​ គីឡូក្រាម​ឯណោះ​ ។​ ចំណែកឯ​កីឡាករ​ Vo​ Va​ វិញ​ទម្ងន់​ពិត​របស់​គេ​បាន​ត្រឹម​ តែ​៨៩​គីឡូក្រាម​ប៉ុណ្ណោះ​ ។​

ដូច្នេះ​ហើយ​បានជា​កីឡាករ​ទាំង​២​នាក់​ នេះ​ប្រកួត​គ្នា​ហាក់បីដូច​គ្មាន​ភាព​ជក់​ ចិត្ដ​ ហើយដោយ​សារ​ទម្ងន់​មិន​ស្មើគ្នា​ នោះ​ទើប​ធ្វើ​ឱ្យ​កីឡាករ​ យក្ស​ កោះ​យ៉​ មាន​លទ្ធភាព​យកឈ្នះ​ពិន្ទុ​ Vo​ Va​ រហូត​ ដល់​ទៅ​៥​ទឹក​ បើ​ទោះបី​ Vo​ Va​ ប្រើ​ កណ្ដាប់ដៃ​វាយ​ម៉ាត់​ចំ​ផ្ទៃមុខ​យក្ស​ កោះ​ យ៉​ស្ទើរតែ​អ្នក​ធ្វើ​អត្ថាធិប្បាយ​បាត់​មាត់​បាត់​ក​អស់​ទៅ​ហើយ​ក៏​ដោយ​ក៏​យក្ស​ កោះ​យ៉​ ដីរ​ពើងទ្រូង​ធ្វើ​ព្រងើយ​ដដែល​ ៕