
ខិត្ដប័ណ្ណដែលគណបក្សនយោបាយមួយបោះនៅខេត្ដពោធិ៍សាត់មានចេតនារំលាយរបបរាជានិយម
ដោយ ៖ ថ្ងៃទី 31 ធ្នូ 2012ម៉ោង 17:49:25
ភ្នំពេញ ៖ នៅក្នុងសេចក្ដីថ្លែងការណ៍ បញ្ចប់ឆ្នាំចាស់ឆ្នាំ២០១២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ថា ខិត្ដប័ណ្ណរបស់គណបក្សមួយដែលសម្ដេចមិនបាន បញ្ចេញអត្ដសញ្ញាណនោះមាននិន្នាការ ទៅរករបបសាធារណរដ្ឋ ព្រោះតែគេបាន និយាយថា គេឈ្នះឆ្នោតនិងរៀបចំ“រដ្ឋាភិបាល” ជាអ្វីដែលសម្ដេចប្រមុខរាជរដ្ឋា ភិបាលបានគូសបញ្ជាក់ថា ជាចេតនា រំលាយរបបរាជានិយមនោះហើយ។
នៅក្នុងសង្កថាក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីជូនប្រជាជននៅក្នុងស្រុកត្រាំកក់ ខេត្ដតាកែវ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ សម្ដេចតេជោនាយករដ្ឋ មន្ដ្រីមានប្រសាសន៍ថា នៅក្នុងខិត្ដប័ណ្ណ នៅខេត្ដពោធិ៍សាត់គណបក្សមួយបាន និយាយថា គេឈ្នះឆ្នោតហើយរៀបចំ “រដ្ឋាភិបាល” ដើម្បីដោះស្រាយបញ្ហា ផ្សេងៗប្រហែលពួកគេជាក្រុមសាធា រណរដ្ឋហើយ ។
សម្ដេចតេជោថ្លែងថា យើងជារាជ រដ្ឋាភិបាល ព្រោះប្រទេសរបស់យើងជា ប្រទេសរាជានិយមដែលយើងកំពុងកាន់ទុក្ខព្រះបរមសព ហើយប្រទេសយើង មានព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ។ គេថាគេជា“រដ្ឋាភិបាល” ឯយើងជា“រាជ រដ្ឋាភិបាល”ដែលជាចំណុចនេះដែលត្រូវពិនិត្យឱ្យច្បាស់ ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីដែល ជារឿយៗបានប្រកាសយ៉ាងដាច់ខាតការពាររបបរាជានិយមនៅព្រះរាជាណា ចក្រកម្ពុជានោះ បានមាន ប្រសាសន៍ថា “ខ្ញុំគិតថា វាជាចេតនារបស់ពួកគេ ព្រោះអ្នកធ្វើខិត្ដប័ណ្ណនេះមិនមែនជា មនុស្សតូចតាចទេ ហើយមេដឹកនាំ របស់ពួកគេបានអនុញ្ញាតឱ្យធ្វើបែបនេះ ដោយប្រើពាក្យត្រឹមតែរដ្ឋាភិបាលជា ចេតនារំលាយចោលរាជានិយម ដែលយើងអាចនិយាយថា គេអាចធ្វើ ទៅរួច ព្រោះគេធ្លាប់ធ្វើហើយក្រុមនេះក៏ជាក្រុមធ្វើរដ្ឋប្រហារកាលពីឆ្នាំ ១៩៧០មកដែរ”។
ការបោះឆ្នោតសកលអាណត្ដិទី៥ នឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ដែលសម្ដេចតេ ជោមានប្រសាសន៍ថា វាអាស្រ័យលើ ប្រជាពលរដ្ឋថាតើសម្រេចបោះឱ្យអ្នកសន្យាឬបោះឆ្នោតជូនអ្នកដែលធ្វើពិត ប្រាកដនោះ ៕
