កម្ពប់​ប្រេងសាំង​លើ​ចង្កៀង​ឆាបឆេះ​ផ្ទះ​៣​ខ្នង​ទាំង​ព្រលឹម

ដោយ​ ៖ ស៊ាង ​ឡាយ|ថ្ងៃទី 01 មករា 2013 ម៉ោង 13:35:16

​ខេត្តក្រចេះ​ ៖ ​​អគ្គី​ភ​យ័​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​ព្រឹក​ បណ្តាល​ឲ្យ​ផ្ទះក្បឿង​៣​ខ្នង​បាន​ឆាបឆេះ​ខូចខាត​ទាំងស្រុង​ កាលពី​វេលា​ម៉ោង​៥​ នឹង​ ៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​០១​ ខែមករា​ ដើមឆ្នាំ​២០១៣​ ស្ថិត​ក្នុងភូមិ​អញ្ចាញ​ ឃុំ​ដារ​ ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​។​

​ម្ចាស់​លំនៅ​ឋាន​ដែល​ គ្រោះ​អគ្គី​ភ័យ​ឆាបឆេះ​នេះ​ឈ្មោះ​ ផ​ន​ ផូ​ត​ និង​ ប្រពន្ធ​ឈ្មោះ​ សើរ​ ហ៊ាន​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ បាន​បណ្តាល​ឲ្យ​ផ្ទះ​៣​ខ្នង​ប្រក់​ក្បឿង​ និង​រៀប​ថ្ម​ពីក្រោម​ត្រូវ​ឆាបឆេះ​ទាំងស្រុង​ ក្នុង​នោះ​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​ក្នុង​ភ្នក់ភ្លើង​នេះ​ មាន​ ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​ ស៊េរី​ ២០០៤​ លុយ​៤​លាន​រៀល​ ស្រូវ​ចំនួន​ ៩០​បេ​ កង់​២​គ្រឿង​ ប្រេងសាំង​១​កាន​ និង​អីវ៉ាន់​លក់ដូរ​ជា​ច្រើន​ទៀត​។​

​លោក​ ផ​ន​ ផូ​ត​ ជា​ម្ចាស់​លំនៅ​ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​នេះ​ បណ្ដាល​មក​ពី​ភ្លើងចង្កៀង​ឆាប​ជាមួយ​និង​ប្រេងសាំង​ ខណៈ​ដែល​រូប​គាត់​កំពុង​តែ​ច្រក​ប្រេងសាំង​ដាក់​តាម​ដប​នីមួយៗ​ ដើម្បី​ដាក់​លក់​នៅ​ពេល​ព្រឹក​ ស្រប​ពេល​នោះ​ដែល​ស្រាប់តែ​អំ​ពូ​ល​ដែល​ប្រើ​ថាមពលអគ្គីសនី​ត្រូវ​អស់​ភ្លើង​ ហើយ​លោក​ក៏​បាន​ប្រើ​ភ្លើងចង្កៀង​ដើម្បី​បំភ្លឺ​ជំនួស​វិញ​។​ ​លោក​បាន​បន្ត​ថា​ ទន្ទឹម​នឹង​នោះ​ប្រេងសាំង​ក៏​បាន​កម្ពប់​លើ​ភ្លើងចង្កៀង​ បណ្ដាល​ឲ្យ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​តែ​ម្តង​។​

​លោក​ ច្រឹង​ ផ​ល្លី​ ស្នងការ​ង​ទ​ទួ​ក​បន្ទុក​កណ្តាល​ស្ថិតិ​និង​អគ្គី​ភ​យ័​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ក្នុង​ហេតុការណ៍​នេះ​មានការ​ជួយ​ធ្វើ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ខេត្ត​ អាជ្ញាធរ​មូលដ្ឋាន​ កងកម្លាំង​នគរបាល​ឃុំ​ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ជា​ច្រើន​នាក់​ទៀត​បាន​មក​ជួយ​ពន្លត់​ផង​ដែរ​ ។​ លោក​បាន​បន្ត​ថា​ កម្លាំង​នគរបាល​ក្រុម​ពន្លត់​អគ្គី​ភ​យ័​ខេត្ត​បាន​យក​រថយន្ត​ ២​គ្រឿង​ទៅ​ជួយ​បាញ់​ពន្លត់​ ដោយ​ប្រើ​អស់​ទឹក​១០​ឡាន​ និង​បាន​បាញ់​ទឹក​ការពារ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជិតខាង​ មិន​ឲ្យ​អគ្គី​នេះ​ឆាបឆេះ​រាលដាល​បន្ត​ ហើយ​អគ្គី​ភ​យ័​នេះ​ត្រូវ​បាន​រលត់​ទាំងស្រុង​ នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ដដែល​នេះ​៕