
កម្ពប់ប្រេងសាំងលើចង្កៀងឆាបឆេះផ្ទះ៣ខ្នងទាំងព្រលឹម
ដោយ ៖ ស៊ាង ឡាយ ថ្ងៃទី 01 មករា 2013ម៉ោង 13:35:16
ខេត្តក្រចេះ ៖ អគ្គីភយ័បានលេបត្របាក់ផ្ទះប្រជាពលរដ្ឋទាំងព្រឹក បណ្តាលឲ្យផ្ទះក្បឿង៣ខ្នងបានឆាបឆេះខូចខាតទាំងស្រុង កាលពីវេលាម៉ោង៥ នឹង ៣០នាទីព្រឹក ថ្ងៃទី០១ ខែមករា ដើមឆ្នាំ២០១៣ ស្ថិតក្នុងភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
ម្ចាស់លំនៅឋានដែល គ្រោះអគ្គីភ័យឆាបឆេះនេះឈ្មោះ ផន ផូត និង ប្រពន្ធឈ្មោះ សើរ ហ៊ាន បានឲ្យដឹងថា ក្នុងហេតុការណ៍ខាងលើនេះ បានបណ្តាលឲ្យផ្ទះ៣ខ្នងប្រក់ក្បឿង និងរៀបថ្មពីក្រោមត្រូវឆាបឆេះទាំងស្រុង ក្នុងនោះទ្រព្យសម្បត្តិដែលបាត់បង់ក្នុងភ្នក់ភ្លើងនេះ មាន ម៉ូតូ១គ្រឿង ម៉ាកហុងដា ស៊េរី ២០០៤ លុយ៤លានរៀល ស្រូវចំនួន ៩០បេ កង់២គ្រឿង ប្រេងសាំង១កាន និងអីវ៉ាន់លក់ដូរជាច្រើនទៀត។
លោក ផន ផូត ជាម្ចាស់លំនៅឋានបានប្រាប់ឲ្យដឹងថា ហេតុការណ៍ភ្លើងឆេះផ្ទះនេះ បណ្ដាលមកពីភ្លើងចង្កៀងឆាបជាមួយនិងប្រេងសាំង ខណៈដែលរូបគាត់កំពុងតែច្រកប្រេងសាំងដាក់តាមដបនីមួយៗ ដើម្បីដាក់លក់នៅពេលព្រឹក ស្របពេលនោះដែលស្រាប់តែអំពូលដែលប្រើថាមពលអគ្គីសនីត្រូវអស់ភ្លើង ហើយលោកក៏បានប្រើភ្លើងចង្កៀងដើម្បីបំភ្លឺជំនួសវិញ។ លោកបានបន្តថា ទន្ទឹមនឹងនោះប្រេងសាំងក៏បានកម្ពប់លើភ្លើងចង្កៀង បណ្ដាលឲ្យភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្តង។
លោក ច្រឹង ផល្លី ស្នងការងទទួកបន្ទុកកណ្តាលស្ថិតិនិងអគ្គីភយ័ បានប្រាប់ឲ្យដឹងថា ក្នុងហេតុការណ៍នេះមានការជួយធ្វើអន្តរាគមន៍ពីកម្លាំងនគរបាលខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងនគរបាលឃុំ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាច្រើននាក់ទៀតបានមកជួយពន្លត់ផងដែរ ។ លោកបានបន្តថា កម្លាំងនគរបាលក្រុមពន្លត់អគ្គីភយ័ខេត្តបានយករថយន្ត ២គ្រឿងទៅជួយបាញ់ពន្លត់ ដោយប្រើអស់ទឹក១០ឡាន និងបានបាញ់ទឹកការពារផ្ទះប្រជាពលរដ្ឋនៅជិតខាង មិនឲ្យអគ្គីនេះឆាបឆេះរាលដាលបន្ត ហើយអគ្គីភយ័នេះត្រូវបានរលត់ទាំងស្រុង នៅម៉ោង៨ព្រឹកថ្ងៃដដែលនេះ៕
