
នួន ភិរម្យ និងភរិយាជួលផ្ទះគេបើកក្លិបរកាខ្នុរគុនខ្មែរបង្ក្រាបគ្រឿងញៀនទាំងត្រដាបត្រដួស
ដោយ ៖ សារីម ថ្ងៃទី 02 មករា 2013ម៉ោង 15:43:57
ខេត្ដកណ្ដាល ៖ ក្នុងដំណើរស្វែងរក ការពិតអំពីជីវភាពជាគ្រូប្រដាល់ក្បាច់ គុនខ្មែរម្នាក់នៅជនបទយើងបានធ្វើ ដំណើរតាមផ្លូវជាតិលេខ២ចេញពីរាជ ធានីភ្នំពេញឆ្ពោះទៅក្រុងតាខ្មៅ ហើយនៅពេលធ្វើដំណើរហួសក្រុងតាខ្មៅបន្ដិចយើងបត់ស្ដាំចូលទៅតាមផ្លូវលំដ៏តូច មួយអមដោយដើមឈើហូបផ្លែ ព្រម ទាំងផ្ទះអ្នកជិតខាងជាច្រើនក្នុងចម្ងាយ ជាង៣០០ម៉ែត្រទើបទៅដល់ផ្ទះ២ខ្នង សង់អំពីបេតុងក្រោមឈើ លើដំបូល ប្រក់ក្បឿង ជញ្ជាំងក្ដារពណ៌ខៀវ ហ៊ុមព័ទ្ធ ដោយរបងឥដ្ឋក្រហមនិងទ្វារដែកចាស់ៗ ២ផ្ទាំង ។ ផ្ទះ២ខ្នងនេះហើយដែលជាផ្ទះ លោក នួន ភិរម្យ គ្រូប្រដាល់ក្បាច់គុនបុរាណខ្មែរជួលសម្រាប់បង្ហាត់បង្រៀន សិស្សគុនស្ថិតក្នុងភូមិក្រពើហា សង្កាត់ ក្រពើហា ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
ពេលទៅដល់ភ្លាមយើងសង្កេតឃើញ មានបាវសាក់៣ព្យួររណេងរណោងរួម នឹងឧបករណ៍ប្រើប្រាស់សម្រាប់ហាត់ កីឡាជាច្រើនទៀត ។ តាមរយៈសកម្ម ភាពទាំងនេះទើបគេដឹងថា នេះគឺជាក្លិប រកាខ្នុរគុនខ្មែរបង្ក្រាបគ្រឿងញៀនដែល លោក នួន ភិរម្យ ជួលផ្ទះគេស្នាក់នៅ ជាមួយក្រុមគ្រួសាររបស់គាត់ និងដើម្បី បើកក្លិបប្រដាល់សម្រាប់ជាថ្នាលបណ្ដុះបណ្ដាលសិស្សមកពីគ្រប់ទិសទីរួមមាន ទាំងក្មេងញៀនថ្នាំ ក្មេងកំព្រា ក្មេងដើរ លេងប៉ោឡែ ក្មេងលែងស្ដាប់ពាក្យទូន្មាន ឪពុកម្ដាយក៏លោកទទួលបង្ហាត់ ដោយ មិនគិតថ្លៃឡើយ ។
នៅក្រោមសំយាបផ្ទះជួលតម្លៃ៧០ ដុល្លារក្នុងមួយខែដែលលោក នួន ភិរម្យ អតីតកីឡាករប្រដាល់ក្បាច់គុនខ្មែរក្នុង ទសវត្សឆ្នាំ៩០ និងភរិយាបានជួលសម្រាប់ ស្នាក់នៅបណ្ដោះអាសន្ន និងសម្រាប់ឱ្យ កូនសិស្សហ្វឹកហាត់ប្រដាល់ដើម្បីរក្សា កេរដំណែលដ៏រុងរឿងនោះ គឺមានសិស្ស អ្នកស្រឡាញ់វិស័យនេះប្រមាណជាង១០នាក់កំពុងហាត់ក្បាច់គុនទាំងបែកញើសជោកខ្លួនដោយអ្នកខ្លះរត់ អ្នកខ្លះលោត ទាត់ វាយបាវសាក់ និងអ្នកខ្លះទៀត កំពុងត្រូវបានគ្រូបង្វឹកវាយឆ្វេងស្ដាំទាត់ធាក់តាមបច្ចេកទេសរួមផ្សំនឹងសំឡេង ឈូចឆាចៗដូចសំឡេងពស់ស្ដាប់ទៅដូច ទីនេះជាកន្លែងសង្វៀនប្រដាល់ពិតៗ ។
ការពិតសកម្មភាពនេះតែងកើត មានជាប្រចាំគឺពេលព្រឹកចាប់ពីម៉ោង៦ ដល់ម៉ោង៩ និងពេលល្ងាចចាប់ពីម៉ាង ២រសៀលដល់៥និង៣០នាទីល្ងាចលោក នួន ភិរម្យ តែងតែបង្វឹកហាត់ដល់កូន សិស្សរបស់លោកឱ្យយកចិត្ដទុកដាក់ ហាត់សមបច្ចេកទេសគ្រប់បែបយ៉ាងតាម អ្វីដែលលោកធ្លាប់មានបទពិសោធន៍ ខណៈដែលលោកកំពុងមានកេរ្ដិ៍ឈ្មោះ បោះសំឡេងជាកីឡាប្រដាល់ល្បីនៅលើសង្វៀនប្រដាល់ក្នុងទសវត្សឆ្នាំ៩០ និង ឡុងឆ្នាំ២០០០នោះ ។
ទោះជាយ៉ាងណាកន្លែងហ្វឹកហាត់នេះគេពុំឃើញមានសង្វៀនប្រដាល់សម្រាប់ហាត់សមមុនឡើងប្រកួតតាមស្ថានីយទូរទស្សន៍ដូចជាក្លិបដទៃទេក្រៅតែពី មានកម្រាលព្រំពណ៌ប្រផេះ២ទៅ៣ផ្ទាំង ដែលលោក នួន ភិរម្យ ទុកសម្រាប់ ក្រាលលើបេតុងដើម្បីកុំឱ្យរអិលនោះ ឡើយ ។ ក្រៅពីនេះនៅមានបំពង់ដែកទីប មូលប្រវែង៣ម៉ែត្រកន្លះកម្ពស់២ម៉ែត្រចងព្យួរបាវសាក់៣ និងមានក្ដារតូច មួយសរសេរកាលវិភាគហ្វឹកហាត់ប្រចាំ ថ្ងៃ និងកាលបរិច្ឆេទរបស់កីឡាករ ដែល បានចាប់គូប្រកួតនៅតាមសង្វៀនទូរ ទស្សន៍ផ្សេងៗនោះ ។ ដោយឡែកតែ បាវសាក់១ក្នុងចំណោមបាវសាក់៣ដែលចងព្យួរនៅរនួតផ្ទះនោះដូចជាថ្មីជាងគេបន្ដិច រីឯស្រោមដៃ(ហ្គង់)សម្រាប់ពាក់ ពេលប្រកួត ឬហាត់មានប្រហែល៤ទៅ ៥គូប៉ុណ្ណោះ ។
ក្រឡេកមកខាងឆ្វេងដៃបន្ដិច យើងឃើញបុរសម្នាក់អាយុប្រមាណជា៤០ឆ្នាំ សម្បុរខ្មៅស្រអែម សក់ខ្មៅរួញអង្គាដី មានកាយសម្បទាមាំមួនទឹកមុខញញឹមរួសរាយ ពាក់អាវយឺត ស្លៀកខោជើងខ្លី ពណ៌ខៀវចាស់ឆ្នូតសមានសរសេរអក្សរ ថា “ក្បាច់គុនបុរាណខ្មែរ” ព្រមទាំងមាន ត្រារូបកីឡាករប្រដាល់ទៀតផង ។ បុរសម្នាក់នោះកំពុងបង្ហាញក្បាច់គុនបុរាណ ខ្មែរដល់សិស្សមួយ ព្រមមទាំងបែកញើស គឃៀរ ។ នោះហីយគឺលោក នួន ភិរម្យ ជាគ្រូបង្ហាត់របស់ក្លិបប្រដាល់រកាខ្នុរគុនខ្មែរបង្ក្រាបគ្រឿងញៀន។
ថ្វីបើលោកកំពុងមមាញឹកក្នុងកិច្ចការ បង្ហាត់ក្បាច់គុនយ៉ាងណាក៏ដោយក៏លោក នួន ភិរម្យ នៅតែញញឹមរាក់ទាក់ស្ទុះ មកស្វាគមន៍យើងជាអ្នកកាសែត ព្រមទាំងផ្ដល់ឧិកាសឱ្យធ្វើបទសម្ភាសន៍អំពី ជីវិតផ្ទាល់ខ្លួននិងមូលហេតុផ្សេងៗដែលលោកបង្កើតក្លិបប្រដាល់រកាខ្នុរគុនខ្មែរបង្ក្រាបគ្រឿងញៀននេះឡើង ។
លោក នួន ភិរម្យ បានរៀបរាប់ ដំណើរជីវិតដ៏ត្រដាបត្រដួសនិងការតស៊ូសព្វបែបយ៉ាងរបស់លោកជាមួយប្រពន្ធ លោកដូច្នេះថា បច្ចុប្បន្ននេះលោក និង ភរិយាខំប្រឹងតស៊ូផ្គត់ផ្គង់ក្លិបប្រដាល់ មួយនេះក៏ព្រោះតែស្រឡាញ់វិស័យប្រដាល់ ខ្លាំងពេក ។ ម្យ៉ាងវិញទៀតលោកចង់ ប្រមូលផ្ដុំក្មេងៗកំព្រា និងយុវជនមួយ ចំនួនទៀតឱ្យពួកគេងាកមករកវិស័យ កីឡា លេងកីឡា និងហាត់កីឡាដើម្បី សុខភាពដើម្បីជៀសឱ្យផុតពីគ្រឿងញៀនជាដើម ។
លោក ភិរម្យ បន្ដថា ផ្ទះដែលលោក ស្នាក់នៅសព្វថ្ងៃនេះលោកជួលគេទេគឺ ជួលក្នុងតម្លៃ៧០ដុល្លារក្នុងមួយខែ ហើយ ១ឆ្នាំធ្វើកុងត្រាម្ដង ។ ប្រសិនបើឆ្នាំ ២០១៣នេះម្ចាស់ផ្ទះគាត់ដំឡើងថ្លៃផ្ទះ បន្ថែមខ្ពស់ជាងនេះទៀតក្លិប និងគ្រួសារ របស់លោកប្រឈមនឹងការរើចេញទៀត ហើយនឹងទៅកាន់តែឆ្ងាយជាងនេះ ព្រោះបើនៅទីនេះតទៅទៀតលោកគ្មានលទ្ធភាពបង់់ថ្លៃផ្ទះឡើយ ។
ដោយឡែកស្ដ្រីម្នាក់កំពុងអង្គុយផ្អែកមាត់ទ្វារយកដាក់ដៃទាំង២ឱបក្បាលជង្គង់ បួងសក់ទៅក្រោយ និងមានវ័យជាង៤០ ឆ្នាំដែលគេដឹងថាគាត់ជាអ្នកស្រី ឌី ចាន់ ថុន ត្រូវជាភរិយារបស់លោក នួន ភិរម្យ បានរៀបរាប់ពីទុក្ខលំបាកប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្ដថា ពួកខ្ញុំទាំង២នាក់ ពិតជាជួបការខ្វះខាតខ្លាំងណាស់មិនថា ការស្នាក់នៅ ឬក៏ការហូបចុកប្រចាំថ្ងៃនោះទេ ។ យើងត្រូវការការចំណាយ ច្រើនដើម្បីផ្គត់ផ្គង់ក្លិបហើយ ទើបតែ មួយរយៈពេលនេះសិស្សនៅតិចតួច ដោយពួកគេបានសុំទៅលេងឪពុកម្ដាយ នៅឯស្រុកកំណើត ឯខ្លះទៀតទៅហូបការ បងប្អូនអស់មួយចំនួនទៅហើយ បើពួក គេនៅជុំគ្នាវិញគឺច្រើនណាស់រកកន្លែងដេក ពួនមិនចង់បានទេព្រោះផ្ទះតូចចង្អៀត ។
អ្នកស្រី ឌី ចាន់ថុន បន្ដថា ហេតុតែ ប្ដីអ្នកស្រីជាអ្នកប្រដាល់និងស្រឡាញ់ វិស័យនេះ ម្ល៉ោះហើយការលំបាកទាំង ឡាយចេះតែទ្រាំទៅ ។ ម្យ៉ាងទៀតដោយ សារកូនសិស្សដែលមកហាត់រៀនក្បាច់ ប្រដាល់សេរីនៅក្លិបរកាខ្នុរគុនខ្មែរចេះ តែអង្វរឱ្យប្ដីអ្នកស្រីជួយបង្ហាត់បង្រៀន ទើបមិនដាច់ចិត្ដចោលពួកគេ ។ សម្រាប់ ប្រាក់ចំណូលប្រចាំថ្ងៃនោះគ្មានទេចំណូលដែលបានមកពីការធ្វើជាចៅក្រម និង អាជ្ញាកណ្ដាលចំនួន៣ថ្ងៃក្នុងមួយសបា្ដហ៍មាន៤កម្មវិធីក្នុងម្នាក់បាន៤០ដុល្លារ ដែរ ប៉ុន្ដែនៅតែមិនអាចទប់ទល់ជីវភាព ប្រចាំថ្ងៃបាន ពីព្រោះសមាជិកគ្រួសារ រួមនឹងសិស្សគុនផងនោះមានចំនួនច្រើន រីឯចំណូលមានតែប៉ុណ្ណឹងធ្វើម៉េចចាយ វាយឱ្យគ្រប់ទៅ?
លោកគ្រូ នួន ភិរម្យ បានលូកមាត់ កាត់ភរិយាថាកូនសិស្សរបស់ខ្ញុំទាំងអស់ពួកគេតែងមានច្បាប់ទម្លាប់ត្រឹមត្រូវ ដោយលោកបានកំណត់ពេលវេលាហ្វឹកហាត់ច្បាស់លាស់ គឺម៉ោងសម្រាកយប់ ត្រូវចូលកន្លែងដេករៀងៗខ្លួននៅវេលា ម៉ោង៨យប់ និងហាមដាច់ខាតមិនឱ្យ បង្កការរំខានដល់អ្នករស់នៅជិតខាង និង សមត្ថកិច្ចឡើយ ។ បើទោះបីអតីត សិស្សខ្លះធ្លាប់គាត់ធ្លាប់ញៀនថ្នាំ សិស្ស ខ្លះដើរលេងប៉ោឡែ និងសិស្សខ្លះជាក្មេង កំព្រាយ៉ាងណាក៏ដោយក៏នៅពេលដែល ពួកគេចូលមកហាត់នៅក្នុងក្លិបនេះ ពួក គេតែងតែជៀសផុតពីល្បែងអបាយមុខ គ្រប់បែបយ៉ាងដែលពួកគេប្រព្រឹត្ដកន្លងមកដើម្បីប្រែក្លាយទៅជាកីឡាករល្អ ទៀតផង ។
ចំពោះការហ្វឹកហាត់វិញលោកតែង តែបង្ហាត់ដោយផ្ទាល់ពុំធ្វេសប្រហែសឡើយ ។ គ្រប់សកម្មភាព បច្ចេកទេស ទ្រឹស្ដី ចិត្ដសាស្ដ្រ ជាពិសេសគឺហាត់ កម្លាំងកាយសម្បទាទៅដល់សិស្សគ្រប់ៗគ្នាតែម្ដង ។ ទន្ទឹមនឹងការហ្វឹកហាត់ ដោយភាពម៉ឺងម៉ាត់នេះលោក នួន ភិរម្យ មិនចេះត្អូញត្អែរទេ បើទោះបីលោក និងគ្រួសារនឿយហត់ប៉ុនណាក៏ដោយ ។
លោក នួន ភិរម្យ បានប្រាប់ពីប្រវត្ដិ ខ្លះៗមុនពេលលោកបានក្លាយជាគ្រូបង្វឹកក្បាច់គុនប្រដាល់ខ្មែរបុរាណយ៉ាងដូច្នេះថា ដំបូងឡើយខ្ញុំបានហាត់រៀនក្បាច់ ប្រដាល់នេះជាមួយលោក ជ្រន គង់ហុង នៅក្លិបអប់រំកាយខេត្ដបន្ទាយមានជ័យ តាំងពីលោកមានអាយុ១៣ឆ្នាំ ប៉ុន្ដែមិន ទាន់ឡើងប្រកួតលើសង្វៀននៅឡើយទេ គឺគ្រាន់តែធ្លាប់ទៅដកពិសោធន៍នៅ តាមបណ្ដាខេត្ដមួយចំនួននៅជាប់ព្រំដែន ខ្មែរ-ថៃ ប៉ុណ្ណោះ ។ មកដល់ឆ្នាំ១៩៩០ លោកបានមកភ្នំពេញបន្ដការហ្វឹកហាត់ក្បាច់គុននេះជាមួយលោកគ្រូ មាស សុខគ្រី បន្ថែមទៀត ។ ក្រោយមកក៏បាន ឡើងប្រកួតជាបន្ដបន្ទាប់ ហើយទស្សនិក ជនក៏ដាក់រហស្សនាមឱ្យលោកថា ខ្លាកំណាច នួន ភិរម្យ ។ នៅអំឡុងឆ្នាំ១៩៩៦ លោកគ្រូ មាស សុខគ្រី បាននាំលោក ចូលរួមប្រកួតជាមួយកីឡាករមួយចំនួនទៀតដូចជា អេ ភូថង ជាដើមគឺទៅ ប្រកួតនៅប្រទេសថៃក្នុងព្រឹត្ដិការណ៍ King’s Cup ១៩៩៦ ទទួលបានមេដាយ ប្រាក់១គ្រឿង និងលើកទី២មិនចាំព្រឹត្ដិ ការណ៍ទទួលបានមេដាយសំរឹទ្ធិ១គ្រឿង ទៀតនាឆ្នាំ១៩៩៧ ។ លោក នួន ភិរម្យ បញ្ជាក់ថា នៅឆ្នាំដដែលនោះលោក ទទួលចំណាត់ថ្នាក់លេខ១ក្នុងព្រឹត្ដិការណ៍ ប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរដណ្ដើមពានរង្វាន់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីទី២កាលពីឆ្នាំ១៩៩៧ ដោយទទួលបានមេដាយមាស១គ្រឿង លើប្រភេទទម្ងន់៥៤គីឡូក្រាម និងទទួល បានប័ណ្ណចំណាត់ថ្នាក់លេខ១ពីថ្ងៃទី៦ដល់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៩៨ ព្រមទាំង ប័ណ្ណចំណាត់ថ្នាក់លេខ១ឆ្នាំ១៩៩៤ ប័ណ្ណ ចំណាត់ថ្នាក់ប្រកួតជ្រើសរើសជើងឯក ទូទាំងប្រទេស១សន្លឹកទៀតផង ។ ដោយឡែកលោកក៏ធ្លាប់ទទួលតំណែងជើងឯកទូរទស្សន៍ប៉ុស្ដិ៍លេខ៥ផងដែរ ។
ក្រោយបញ្ចប់អាជីពជាកីឡាករប្រដាល់ លោកបានសុំច្បាប់ពីសហព័ន្ធកីឡ្រា បដាល់កម្ពុជាស្ម័គ្រចិត្ដបើកក្លិបប្រដាល់ ផ្ទាល់ខ្លួនមួយ ប៉ុន្ដែដោយសារតែស្ថាន ភាពគ្រួសារជួបប្រទះការខ្វះខាត ណា មួយផ្ទះជួលគេផង ទើបសហព័ន្ធបាន អនុញ្ញាតឱ្យធ្វើជាចៅក្រម និងអាជ្ញា កណ្ដាលរហូតដល់បច្ចុប្បន្នតែម្ដងទៅ ។
លោក នួន ភិរម្យ ឱ្យដឹងទៀតថា រូបលោកនិងភរិយាធ្លាប់បានចូលរៀនវគ្គរដ្ឋបាលកីឡានៅទីស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិកចំនួន២វគ្គទាំង២នាក់ប្ដី ប្រពន្ធក្នុងឆ្នាំ២០១០ ចំណែកឯវគ្គសិក្សា គ្រូបង្វឹករៀនជាមួយគ្រូបរទេសនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១១ ។
សិស្សគុនរបស់លោក នួន ភិរម្យ ម្នាក់បានលើកសរសើរអំពីការបង្ហាត់ បង្រៀនក្បាច់ប្រដាល់ខ្មែរបុរាណថា លោកគ្រូភិរម្យ មានអំណត់ព្យាយាម តស៊ូការលំបាកក្នុងជីវភាពដើម្បីធ្វើ យ៉ាងណាឱ្យសិស្សមានបច្ចេកទេសល្អ បានឡើងសង្វៀន ។
ទោះយ៉ាងណាលោក នួន ភិរម្យ និង ភរិយាបានអំពាវនាវសុំឱ្យស្ថានីយទូរ ទស្សន៍ទាំងអស់ដែលកំពុងតែមានកម្ម វិធីប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណ ខ្មែរសូមមេត្ដាជួយចាប់គូឱ្យកូនសិស្ស របស់លោកបានឡើងរេញដូចគេដូច ឯងដើម្បីពួកលោកបានកម្រៃក្លិប គ្រាន់ យកមកជួយផ្គត់ផ្គង់ជីវភាពកីឡាករ ។ ប្រសិនបើមាន សម្តេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលស្រឡាញ់វិស័យ ក្បាច់គុនបុរាណខ្មែរ ហើយមានបំណង បើកក្លិបប្រដាល់ទទួលសិស្សមកហ្វឹក ហាត់នោះក៏សូមទទួលយករូបលោកធ្វើ ជាគ្រូបង្វឹកផង ព្រោះបច្ចុប្បន្ននេះលោក មានសមត្ថភាព និងបទពិសោធន៍បង្ហាត់ បង្រៀនសិស្សលើផ្នែកវិស័យកីឡាប្រដាល់ ក្បាច់គុនបុរាណខ្មែរច្រើនឆ្នាំមកហើយ។
ទន្ទឹមគ្នានេះដែរលោក នួន ភិរម្យ បានសំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូបសូមចូលរួមលេងកីឡាទាំងអស់គ្នា ជាពិសេសប្អូនៗយុវជន យុវនារីជាទំញំង ស្នងឫស្សីគួរនាំគ្នាបោះបង់ចោលរាល់ ល្បែងអបាយមុខគ្រប់បែបយ៉ាងដែល សង្គមជាតិស្អប់ខ្ពើម និងកំពុងតែលុប បំបាត់នោះ ហើយនាំគ្នាមកលេងកីឡាហាត់ កីឡា ព្រោះកីឡានាំមកនូវសុខ ភាពល្អ កីឡានាំមកនូវទំនាក់ទំនងល្អ កីឡាជា ចលករមួយនាំមកនូវសុខសន្ដិភាព និង សម្បូរណ៍សប្បាយរុងរឿង ៕
