សេចក្តី​ប្រកាស​ព័ត៌មាន​​ស្តី​ពី​លទ្ធផល​ប្រជុំ​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​(​ថ្ងៃ​ទី​ ០៤​ ខែ​ មក​រា​ ឆ្នាំ​ ២០១២)

ដោយ​ ៖ |ថ្ងៃទី 04 មករា 2013 ម៉ោង 14:43:23

ភ្នំពេញ​ ៖​ ​ថ្ងៃ​ទី​០៤​ ខែ​មក​រា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​៨​និង​៣០​នាទី​ នៅ​វិមាន​សន្តិភាព​ មាន​បើក​អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​អាណត្តិ​ទី​ ៤​ ដើម្បី​ឆ្លង​ ៖

១-​សេចក្តីព្រាងច្បាប់​ ស្តី​ពី​វិសោធនកម្ម​មាត្រា​ ៩​ និង​មាត្រា​ ១០​ នៃ​ច្បាប់​ស្តី​ពី​ សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

២-​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​ ស្តី​ពី​ការ​ផ្តល់​ឋានៈ​សាស្ត្រាចារ្យ​ ។​

៣-​សេចក្តី​ព្រាង​អនុក្រឹត្យ​ ស្តី​ពី​ក្រមសីលធម៌​ឆ្មប​ ។​

៤-​បញ្ហា​ផ្សេងៗ​

​ក្រោយ​ពី​បាន​ស្តាប់​របាយការណ៍​ និង​មតិ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​រួច​មក​ កិច្ចប្រជុំ​ពេញ​ អង្គ​គណៈរដ្ឋមន្ត្រី​បាន​សម្រេច​អនុម័ត​នូវ​ ៖

១-​ សេចក្តីព្រាងច្បាប់​ ស្តី​ពី​វិសោធនកម្ម​មាត្រា​ ៩​ និង​មាត្រា​ ១០​ នៃ​ច្បាប់​ស្តី​ពី​សហ​ លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
សេចក្តី​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​មាត្រា​ ៩​ និង​មាត្រា​ ១០​ នៃ​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រី​ រាជការ​ស៊ី​វិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​រដ្ឋលេខាធិការដ្ឋាន​មុខងារ​ សាធារណៈ​ ក្នុង​គោលបំណង​ ៖

-​ចង់​ឲ្យ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​មន្ត្រីរាជការ​ស៊ី​វិល​ មាន​ភាព​រលូន​ជាមួយ​ច្បាប់​ ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​មន្ត្រី​ក្រុម​នីតិបញ្ញត្តិ​ ។

-​ចង់​រក្សា​លក្ខណៈ​ត្រឹមត្រូវ​នៃ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ មន្ត្រីរាជការ​ស៊ី​វិល​ដែល​មាន​ស្រាប់​ ហើយ​ដែល​បាន​ចែង​ឡើង​ក្នុង​គោលដៅ​អនុវត្ត​ខ្លឹមសារ​នៃ​ មាត្រា​ដែល​ត្រូវ​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​នេះ​ ។​

-​បើកផ្លូវ​ដល់​ការ​កសាង​ និង​កែសម្រួល​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​មួយ​ចំនួន​ទៀត​ ដែល​ ពាក់ព័ន្ធ​នឹង​ខ្លឹមសារ​នៃ​មាត្រា​ដែល​ត្រូវ​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​នេះ​ផង​ដែរ​ ។​

២-​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​ ស្តី​ពី​ការ​ផ្តល់​ឋានៈ​សាស្ត្រាចារ្យ​ ៖

អនុលោម​តាម​ស្មារតី​ច្បាប់​ស្តី​ពី​ការ​អប់រំ​ ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​តាម​ព្រះរាជក្រម​ លេខ​ ន​ស​/​រកម​/១២០៧/០៣២​ ចុះ​ថ្ងៃ​ទី​ ០៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៧​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​រៀបចំសេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​ ស្តី​ពី​ការ​ផ្តល់​ឋានៈ​សាស្ត្រាចារ្យ​ មាន​គោលបំណង​លើក​ កម្ពស់​គុណវុឌ្ឍិ​របស់​គ្រួ​បង្រៀន​ ដើម្បី​រួមចំណែក​ អភិវឌ្ឍ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ នៅ​តាម​គ្រឹះស្ថានឧត្តមសិក្សា​ឲ្យ​មានគុណ​ភាព​ខ្ពស់​ ក៏​ដូច​ជា​មាន​គោលដៅ​ រៀបចំ​នីតិវិធី​ និង​ យន្តការ​សម្រាប់​ការ​ប្រឡង​ជ្រើសរើស​សាស្ត្រាចារ្យ​ និង​កំណត់​លក្ខខណ្ឌ​របស់​បេក្ខជន​ដែល​ អាច​ប្រឡង​ជ្រើសរើស​ជា​សាស្ត្រាចារ្យ​ផង​ដែរ​ ។​

​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​ ស្តី​ពី​ការ​ផ្តល់​ឋានៈ​សាស្ត្រាចារ្យ​ មាន​ចំនួន​ ០៦​ជំពូក​ និង​ ២៧​ មាត្រា​ មាន​វិសាលភាព​អនុវត្ត​ចំពោះ​គ្រូបង្រៀន​នៅ​តាម​គ្រឹះស្ថានឧត្តមសិក្សា​ ដែល​មាន​ បំណង​ទទួល​ឋានៈ​ជា​សាស្ត្រាចារ្យ​ជំនួយ​ សាស្ត្រាចារ្យ​រង​ និង​សាស្ត្រាចារ្យ​/​សាស្ត្រាចារ្យ​មហា​ បរិ​ញ្ញា​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ស្ថាន​ប័ន​នានា​របស់​រដ្ឋ​លើកលែងតែ​វិស័យ​ យោធា​-​សន្តិសុខ​ និង​វិស័យ​សាសនា​ ។​

៣-​ សេចក្តី​ព្រាង​អនុក្រឹត្យ​ ស្តី​ពី​ក្រមសីលធម៌​ឆ្មប​ ៖
​រាជរដ្ឋាភិបាល​បាន​ខិតខំ​យកចិត្តទុកដាក់​លើកកំពស់​ការ​ការពារ​ និង​ថែទាំ​សុខភាព​ ជូន​ប្រជាពលរដ្ឋ​ទាំង​នៅ​ជនបទ​ដាច់​ស្រយាល​ និង​ទីប្រជុំជន​ ។​ ទន្ទឹម​នឹង​ការ​រីក​ចំរើន​នៃ​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​បុគ្គលិក​ សុខាភិបាល​ ចំនួន​ឆ្មប​ក៏​បាន​កើនឡើង​ ព្រមទាំង​មាន​គណៈ​ វិជ្ជាជីវៈ​គ្រប់​ជំនាញ​ផង​នោះ​ ស្ថានភាព​សុខភាព​របស់​ប្រជាជន​កម្ពុជា​ត្រូវ​បាន​ប្រសើរ​ឡើង​ និង​ លើកកម្ពស់​ជា​បន្តបន្ទាប់​ ជា​ពិសេស​សុខភាព​មាតា​ ទារក​ និង​កុមារ​ ។​ មក​ដល់​ពេល​នេះ​ ឆ្មប​ក្នុង​ក្រប​ខណ្ឌ​រដ្ឋ​នៃ​ក្រសួង​ សុខាភិបាល​ កំរិត​មធ្យម​មាន​ចំនួន​ ២៤២៥​នាក់​ និង​បឋម​ចំនួន​ ២១៦៥​នាក់​ គិត​ត្រឹម​ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១២​ ។​ យោង​តាម​តួលេខ​ដែល​បាន​មក​ពី​ការ​អង្កេត​ សុខភាព​ និង​ប្រជាសាស្ត្រ​នៅ​កម្ពុជា​ អត្រា​នៃ​ការ​ពិនិត្យ​ថែទាំ​ស្ត្រី​ក្នុង​ពេល​មានគភ៌​បាន​កើន​ ឡើងជា​បន្តបន្ទាប់​ ក្នុង​នោះ​អត្រា​នៃ​ការ​ ពិនិត្យ​លើក​ទី​មួយ​បាន​កើន​ពី​ ៣៨%​ នៅ​ឆ្នាំ​ ២០០០​ ដល់​ ៨៩%​ នៅ​ឆ្នាំ​ ២០១០​ ។​ អត្រា​នៃ​ការ​ ពិនិត្យ​លើក​ទី​ ២​ កើន​ពី​ ២២%​ នៅ​ឆ្នាំ​ ២០០០​ ដល់​ ៨៤%​ នៅ​ឆ្នាំ​ ២០១០​ ។​ អត្រា​នៃ​ការ​ពិនិត្យ​ ថែទាំ​ក្រោយ​សម្រាលកូន​រួច​ក៏​មានការ​កើនឡើង​ ផង​ដែរ​ ក្នុង​នោះ​ការ​ពិនិត្យ​ពីរ​ដង​មុន​សម្រាល​ បាន​កើនឡើង​ដល់​ ៨០%​ នៅ​ឆ្នាំ​ ២០១០​ ដល់​ ៨៦%​ នៅ​ឆ្នាំ​ ២០១១​ ។​ ការ​អប់រំ​ដល់​ស្ត្រី​ និង​គ្រួសារ​ និង​ការ​កែ​លំអ​ស្ថានភាព​ផ្តល់​សេវា​ សង្គ្រោះ​បន្ទាន់​ផ្នែក​សម្ព​ព​ និង​ការ​ថែទាំ​ទារក​ទើប​ នឹង​កើត​បាន​នឹង​កំពុង​បន្ត​ធ្វើ​ជា​ប្រចាំ​ ។​ អត្រា​ មរណភាព​មាតា​បាន​ថយ​ចុះ​ពី​ ៤៧២​ ក្នុង​ចំណោម​ កំណើត​រស់​ ១០០​ពាន់​នាក់​ នៅ​ឆ្នាំ​ ២០០៥​ មក​នៅ​ ២០៦​ ក្នុង​ចំណោម​កំណើត​រស់​ ១០០​ពាន់​នាក់​ នៅ​ឆ្នាំ​ ២០១០​ ។​ ឯ​អត្រា​មរណភាព​ ទារក​អាយុ​ក្រោម​ ១​ឆ្នាំ​ បាន​ថយ​ចុះ​ពី​ ៩៥​ ក្នុង​ចំណោម​ កំណើត​រស់​ ១០០០​នាក់​ នៅ​ក្នុង​ឆ្នាំ​ ២០០០​ មក​នៅ​ ៤៥​ ក្នុង​ចំណោម​កំណើត​រស់​ ១០០០​នាក់​ ក្នុង​ឆ្នាំ​ ២០១០​ ។​

​ដើម្បី​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ និង​ពង្រឹង​ការ​អនុវត្ត​ក្រមសីលធម៌​ នៅ​ ក្រោម​ការ​ឧបត្ថម្ភ​ គាំទ្រ​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​ការ​យកចិត្តទុកដាក់​ ពី​លោក​ជំទាវ​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ គណៈ​ឆ្មប​កម្ពុជា​ក៏​បាន​បង្កើត​ឡើង​តាម​ ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៩០៦/៣៨៩​ ចុះ​ថ្ងៃ​ទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៦​ ។​

​អនុវត្ត​តាម​ស្មារតី​នៃ​ព្រះរាជក្រឹត្យ​ ស្តី​ពី​ការ​បង្កើត​គណៈ​ឆ្មប​កម្ពុជា​នេះ​ ក្រុមការងារ​របស់​ ក្រសួងសុខាភិបាល​ និង​គណៈ​ឆ្មប​កម្ពុជា​ បាន​សហការ​គ្នា​រៀបចំសេចក្តី​ព្រាង​ក្រមសីលធម៌​ឆ្មប​ ដែល​មាន​គោលបំណង​លើកកម្ពស់​សីលធម៌​ សេចក្តី​ថ្លៃថ្នូរ​ គុណធម៌​ ភាព​សុច្ចរិត​ ប្រសិទ្ធភាព​ មាន​វិន័យ​ការងារ​ និង​អ​កប្ប​កិរិយា​ល្អ​ ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ​ឆ្មប​ ជា​ពិសេស​គឺ​លើកកម្ពស់​ គុណភាព​ និង​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​ថែទាំ​ក្នុងអំឡុងពេល​មានគភ៌​ ពេល​សម្រាលកូន​ ក្រោយ​ពេល​សម្រាលកូន​ និង​ការ​អប់រំ​ពិគ្រោះ​យោបល់​ពី​បញ្ហា​សុខភាព​ ដើម្បី​កាត់​បន្ថយ​អត្រា​ មរណៈ​ដល់​កុមារ​ និង​ទារក​ ។​

​សេចក្តី​ព្រាង​អនុក្រឹត្យ​ ស្តី​ពី​ក្រមសីលធម៌​ឆ្មប​មាន​ ០៧​ ជំពូក​ និង​ ៣៨​ មាត្រា​ ។​

៤-​បញ្ហា​ផ្សេងៗ​

បន្ទាប់​ពី​អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ និង​អាជ្ញាធរ​ដែនដី​ខេត្ត​-​រាជធានី​ កម្លាំង​ ប្រដាប់​អាវុធ​ដែល​ចូលរួម​ប្រជុំ​តាម​រយៈ​វី​ដេ​អូ​ខន​ហ្វឺ​រឺ​ន​ ស្មឹង​ស្មា​ធ​គោរព​ព្រះ​វិញ្ញាណ​ខ័​ន្ធ​ ព្រះ​ បរមសព​ ព្រះ​មហា​វីរក្សត្រ​ នរោត្តម​ សីហ​នុ​  ព្រះ​វរៈរាជ​បី​តា​ជាតិ​ “​ព្រះ​បរម​រតន​កោដ្ឋ​”​ រួច​មក​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​កោតសរសើរ​ និង​ថ្លែង​ អំណរ​គុណ​ជូន​ចំពោះ​មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ ដែល​បាន​ចូលរួម​សម្រេច​ភារកិច្ច​ របស់​រាជរដ្ឋាភិបាល​បាន​ជោគជ័យ​ក្នុង​ឆ្នាំ​ ២០១២​ កន្លង​មក​ និង​បាន​ជូនពរ​ សូម​ឲ្យ​មាន​សុខភាព​ ល្អ​ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​ នា​ឆ្នាំ​២០១៣​ បន្ត​ទៀត​ ។​

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ណែនាំ​ឲ្យ​ក្រុមប្រឹក្សា​កំណែទម្រង់រដ្ឋបាល​ និង​ក្រសួង​  សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ពិភាក្សា​កែសម្រួល​តម្លើង​បៀវត្ស​ជូន​មន្ត្រីរាជការ​ដែល​ស្ថិត​ក្នុង​ក្រប​ ខ័​ណ្ឌ​ “​ឃ​”​ ឲ្យ​បាន​ខ្ពស់​ជាង​សព្វថ្ងៃ​ ដើម្បី​កាត់​បន្ថយ​គម្លាត​ជាមួយ​បៀវត្ស​មន្ត្រី​ រាជការ​ក្នុង​ក្រប​ ខ័​ណ្ឌ​ “​ក​”​ ឲ្យ​បាន​តិច​ ។​

​អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ បាន​បិទ​សម័យប្រជុំ​នៅ​វេលា​ម៉ោង​ ១១​ និង​ ៣០​នាទី​ ។​

​                                                    រាជធានី​ភ្នំពេញ​,​ ថ្ងៃ​ទី​ ០៤​ ខែ​ មក​រា​ ឆ្នាំ​ ២០១៣