
សុន្ទរកថាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធី មីទ្ទិញរំព្ញកខួបទី៣៤ នៃទិវាជ័យជំនះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០១៣)
ដោយ ៖ ថ្ងៃទី 07 មករា 2013ម៉ោង 10:31:25
សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះរាជាគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
សម្តេច ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដ៏ឧត្តុង្គឧត្តម
សមាជិក សមាជិកានៃអង្គមីទ្ទិញ និងជនរួមជាតិទាំងអស់ជាទីគោរពស្នេហាដ៏ជ្រាលជ្រៅបំផុត!
ថ្ងៃនេះជាទិវាគម្រប់ខួបលើកទី ៣៤ នៃមហាជ័យជំនះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប៉ុល ពត នាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យមានជីវិតរស់ឡើងវិញ រួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ ដែលរបបដ៏ឃោរឃៅយង់ឃ្នងនេះបានបង្កឡើង។ គឺផ្តើមពីជ័យជំនះ ៧មករានេះហើយ ដែលធ្វើឱ្យប្រជាជនកម្ពុជាមានអ្វីៗនៅថ្ងៃនេះ និងមានអនាគតប្រកបដោយក្តីសង្ឃឹម ។ ខួបលើកទី ៣៤ នៃទិវាជ័យជំនះ ៧ មករា ឆ្នាំនេះ ប្រព្រឹត្តទៅក្នុងស្ថានភាពដែលសភាពការណ៍ទូទៅនៃព្រះរាជាណាចក្រ កម្ពុជា កំពុងមានការវិវត្តន៍ល្អលើគ្រប់វិស័យ ជាអាទិ៍ ជោគជ័យនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៣ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ លទ្ធផលដ៏ល្អប្រសើរនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឆ្នាំ ២០១២ ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាប្រធាន និងស្របពេលដែលប្រទេសជាតិកំពុងឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៥ ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវទុក្ខក្រៀមក្រំជាទីបំផុត ចំពោះការយាងចូលទិវង្គតរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ ។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកអញ្ជលីឧទ្ទិសបួងសួង សូមព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះករុណា ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ បានយាងទៅសោយសុខក្នុងព្រះបរមសុគតិភពជារៀងរហូតទៅ និងសូមឱ្យតេជះបារមីនៃព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គ តាមជួយប្រោះព្រំថែរក្សាទឹកដី និងប្រជារាស្ត្រខ្មែរ បានសុខសន្តិភាព សម្បូរសប្បាយជារៀងដរាប ។
ជាមួយគ្នានេះ យើងទាំងអស់គ្នា សូមលំឱនកាយគោរពដល់វិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិជាង ៣លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងអាណោចអាធម្មបំផុតនៅក្រោមរបបប្រល័យពូជ សាសន៍ ហើយសូមឧទ្ទិសបួងសួង សូមឱ្យដួងព្រលឹងរបស់លោកអ្នកទាំងឡាយនោះ បានទៅកាន់សុគតិភពកុំបីខាន ។ នៅក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រ ខ្មែរគ្រប់ៗរូប។ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះវររាជមាតាជាតិ មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយវឌ្ឍនភាព និងសុភមង្គល ។
អង្គមីទ្ទិញ ជនរួមជាតិជាទីគោរពស្នេហា ! រំព្ញកឡើងវិញអំពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនៃប្រជាជាតិយើងកាល ពីអតីតកាល យើងទាំងអស់គ្នាពិតជាមិនអាចបំភ្លេចបានឡើយនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយរបស់ជាតិ ដែលបណ្តាលមកពីភ្លើងសង្គ្រាមដ៏ឃោរឃៅនៅដើមទសវត្ស ឆ្នាំ ១៩៧០ និងមហាឧក្រិដ្ឋកម្មដែលរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត បានបង្កឡើងក្រោយថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ ។ ពួកឃាតករ ប៉ុល ពត បានប្លន់យកទាំងស្រុងនូវរាល់សមិទ្ធផលនៃការតស៊ូរបស់ប្រជាជន ដើម្បីឯករាជ្យ សន្តិភាព និងសេរីភាព ហើយអនុវត្តនយោបាយប្រល័យពូជសាសន៍មកលើប្រជាជាតិខ្លួនឯងយ៉ាងឃោរ ឃៅព្រៃផ្សៃបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ។ គ្រាន់តែក្នុងរយៈពេលជិត ៤ឆ្នាំប៉ុណ្ណោះ ពួកមេដឹកនាំនៃរបបដ៏យង់ឃ្នងនេះ បាននាំប្រទេសជាតិដែលត្រូវបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតដោយសង្គ្រាម ប្រាំឆ្នាំរួចមកហើយនោះ ឱ្យឈានទៅដល់មាត់រណ្តៅនៃការរលាយសូន្យទាំងស្រុងដែលគ្មានសល់ អ្វីឡើយ។ ប្រជាជនជាង ៣លាននាក់ ត្រូវបានសម្លាប់យ៉ាងអាណោចអាធម្មបំផុត រចនាសម្ព័ន្ធសង្គមជាតិទាំងមូលត្រូវបំផ្លាញខ្ទេចខ្ទីដល់ប្ញសគល់ ទឹកដីកម្ពុជានៅសល់តែគំនរផេះផង់ដែលក្រាលដិតដាមដោយឈាម និងទឹកភ្នែករបស់ប្រជាជន។ ឯអ្នកដែលនៅរស់ ត្រូវរស់ក្នុងភាពជាទាសករ ភ័យរន្ធត់គ្រប់វិនាទី ព្រាត់ប្រាសគ្រួសារ អត់ឃ្លាន ឈឺរ៉ាំរ៉ៃ រង់ចាំតែថ្ងៃត្រូវពួកវាសម្លាប់តែប៉ុណ្ណោះ។ ម្នាក់ៗមានតែការបន់ស្រន់នៅក្នុងចិត្ត សូមទេវតា ឬកម្លាំងដ៏ស័ក្តិសិទ្ធិណាមកជួយសង្គ្រោះឱ្យរួចផុតពីឋាននរក អវចីនេះផង ។
នៅក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ កម្មាភិបាល យុទ្ធជន យុទ្ធនារីស្នេហាជាតិដ៏បរិសុទ្ធស្មោះត្រង់របស់ គណបក្សប្រជាជនកម្ពុជា ដែលនៅរស់រានមានជីវិត គេចផុតពីការកាប់សម្លាប់ ហើយបានភៀសខ្លួនចេញរួចពីការត្រួតត្រារបស់ពួក ប៉ុល ពត បានប្រមូលផ្តុំគ្នាបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានប្រកាសជាសាធារណៈ ចំពោះមតិជាតិ និងអន្តរជាតិ នាថ្ងៃ ២ធ្នូ ឆ្នាំ ១៩៧៨ នៅក្នុងស្រុកស្នួល ខេត្តក្រចេះ។ រណសិរ្សមានគណៈដឹកនាំចំនួន ១៤រូប បានប្រកាសចេញគោលនយោបាយ ១១ ខ សំដៅបំផុស និងចាត់តាំងកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិទាំងមូល វាយផ្តួលរំលំរបប ប៉ុល ពត និងកសាងទឹកដីឡើងវិញ ។ ការប្រកាសចេញមុខនៃរណសិរ្សត្រូវបានទទួលការអបអរសាទរគាំទ្រយ៉ាង ក្លៀវក្លាពីប្រជាជនកម្ពុជាគ្រប់ទិសទី និងការគាំទ្រពីប្រជាជននៃបណ្តាប្រទេស ព្រមទាំងកម្លាំងចម្រើនជឿនលឿននានាដែលស្រឡាញ់សន្តិភាព និងយុត្តិធម៌លើសកលលោក ។ លើមូលដ្ឋាននេះ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយសម្រុកយ៉ាងខ្លាំងក្លាលើកងទ័ពរបស់ពួកប៉ុល ពត ដោយមានការជួយឧបត្ថម្ភដ៏ធំធេងពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀត ណាម ពង្រីកបានតំបន់ត្រួតត្រាជាបន្តបន្ទាប់ រហូតទទួលបានមហាជ័យជំនះជាប្រវត្តិសាស្ត្រ នាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ។
ជ័យជំនះ ៧ មករា ឆ្នាំ ១៩៧៩ បានបញ្ចប់នូវសម័យកាលមួយដ៏ខ្មៅងងឹតបំផុត បានសង្គ្រោះអាយុជីវិត ជាតិឱ្យរស់រានឡើងវិញទាន់ពេលវេលា បានដណ្តើមនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុង មកជូនប្រជាជនវិញ និងបានបង្កើតឡើងនូវមូលដ្ឋានគ្រឹះសម្រាប់ការចាប់ផ្តើមស្តារ និងកសាងមាតុភូមិជាថ្មីឡើងវិញ ។ គឺពិតជាគ្មានក្តីរំភើបរីករាយណា ដែលអាចពណ៌នាឱ្យស្មើនឹងក្តីរំភើបរីករាយនៅក្នុងថ្ងៃជ័យជំនះនេះ បានឡើយ ។ ស្នាមញញឹម និងសំណើចដែលរលាយបាត់អស់ទៅហើយនោះបានកើតមានឡើងវិញ។ ប្រជាជនបានវិលត្រឡប់មករកភូមិស្ថានផ្ទះសម្បែងរបស់ខ្លួនដែលនៅ សល់តែគំនរផេះផង់ ហើយចាប់ផ្តើមស្តារជីវភាពរស់នៅឡើងវិញពីបាតដៃទទេ ជាមួយនឹងភាពទ្រុឌទ្រោមដ៏ធ្ងន់ធ្ងរទាំងផ្លូវកាយ និងផ្លូវចិត្ត។ ប្រជាជនកម្ពុជា ចងចាំជានិច្ចថា “៧ មករា គឺជាថ្ងៃកំណើតទី ២ របស់ខ្លួន បើគ្មានជ័យជំនះថ្ងៃ ៧ មករា ក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ”។ ដូច្នេះ អត្ថន័យដ៏វិសេសវិសាលជ្រាលជ្រៅបំផុតនៃជ័យជំនះ ៧ មករា ត្រូវបានចារទុកនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាជារៀង រហូត។
អង្គមីទ្ទិញ ជនរួមជាតិជាទីគោរពស្នេហា ! លើមូលដ្ឋាននៃជ័យជំនះ ៧ មករា សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលដឹកនាំដោយក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងនាថ្ងៃទី៨ ខែមករា ឆ្នាំ ១៩៧៩ ។ បន្ទាប់មក រដ្ឋអំណាចប្រជាជននេះ បានចាប់ផ្តើមស្តារប្រទេសជាតិឡើងវិញពីចំណុចសូន្យ និងក្នុងស្ថានភាពមានសន្តិភាពផង និងនៅមានសង្គ្រាមផង ព្រោះពួកប៉ុល ពត ដែលពុំទាន់រលំរលាយទាំងស្រុង នៅតែបន្តបង្កអសន្តិសុខប៉ុនប៉ងវិលត្រឡប់មកកាន់អំណាចវិញ។ មិនតែប៉ុណ្ណោះ កម្ពុជាត្រូវទទួលរងនូវការហ៊ុំព័ទ្ធខាងសេដ្ឋកិច្ច និងឯកោខាងនយោបាយ ពីមជ្ឈដ្ឋានខាងក្រៅមួយចំនួនយ៉ាងអយុត្តិធម៌ថែមទៀត។ ប៉ុន្តែ ទោះបីត្រូវប្រឈមនឹងឧបសគ្គច្រើនរាប់មិនអស់យ៉ាងណាក្តី ក៏គ្មានអ្វីអាចមករារាំងដំណើរទៅមុខរបស់ជាតិយើងបានឡើយ។ គណបក្សប្រជាជនកម្ពុជា និងក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា បានបន្តជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិ និងសាមគ្គីអន្តរជាតិ ដឹកនាំប្រជាជនការពារសមិទ្ធផលនៃជ័យជំនះ ៧ មករា ខិតខំស្តារសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជនឱ្យមានស្ថិរភាពជាជំហានៗ ព្រមជាមួយនឹងការប្រឹងប្រែងកសាងពង្រឹងពង្រីកកម្លាំងលើគ្រប់ ផ្នែក ឱ្យឆ្លើយតបទៅនឹងសំណូមពរនៃភារកិច្ចក្នុងដំណាក់កាលនោះ ។
រយៈពេល ១៤ ឆ្នាំនៃអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបន្ទាប់មកបានប្តូរឈ្មោះជា រដ្ឋកម្ពុជា បានកត់ត្រាទុកនូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើន គឺការរស់ឡើងវិញរបស់ប្រជាជាតិ ការទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ ការនាំមកជូនប្រជាជនវិញនូវសិទ្ធិ សេរីភាព កិត្តិយស និងសេចក្តីថ្លៃថ្នូរ ការស្តារ និងកសាងសង្គមជាតិឡើងវិញឱ្យមានស្ថិរភាពជាជំហានៗ និងការផ្សះផ្សារបង្រួបបង្រួមជាតិ គឺឈរលើមូលដ្ឋាននៃបណ្តាសមិទ្ធផលធំៗទាំងនេះហើយ ដែលក្នុងរយៈពេល ២០ឆ្នាំ ចុងក្រោយនេះ ចាប់ពីឆ្នាំ ១៩៩៣ មក កម្ពុជាបានបន្តបោះជំហានទៅមុខប្រកបដោយជោគជ័យលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។ ជាពិសេស ជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យរលំរលាយទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ពួកប៉ុល ពត បង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិនៅទូទាំងប្រទេសជាលើកដំបូង ចាប់ពីចុងឆ្នាំ១៩៩៨ មក ។ សន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិបានផ្តល់កាលានុវត្តភាពដ៏វិសេសវិសាលពុំ ធ្លាប់មានពីមុនមក ដល់ប្រជាជនកម្ពុជាក្នុងការបន្តស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ខ្លួន ។
ជាមួយនឹងភាពអនុគ្រោះទាំងនេះ ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ កម្ពុជាបានធ្វើឱ្យសម្រេចជោគជ័យលើគ្រប់វិស័យ ទាំងខាងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងការបរទេសនៅក្នុងដំណើរអភិវឌ្ឍន៍របស់ខ្លួន។ កម្ពុជារក្សាបាននូវស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ ការពារបានរឹងមាំនូវអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខ និងសុវត្ថិភាពសង្គម នៅក្នុងពេល និងក្រោយពេលមានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោក ព្រមទាំងវិបត្តិព្រំដែនកម្ពុជា-ថៃ និងគ្រោះទឹកជំនន់។ ដោយឡែកក្នុង ឆ្នាំ ២០១២ កន្លងមកនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រមាណ ៧% អាស្រ័យដោយផ្នែកកសិកម្ម ឧស្សាហកម្មកាត់ដេរ និងផ្នែកសេវាកម្មទេសចរណ៍បានបន្តកើនឡើងគួរឱ្យកត់សម្គាល់ ហើយតាមការព្យាករណ៍កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០១៣ នេះក៏នឹងអាចសម្រេចបាន ៧% ដែលជាកំណើនមានកម្រិតខ្ពស់បង្គួរនៅក្នុងតំបន់ ។ លើមូលដ្ឋានស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចជាមធ្យមបានខ្ពស់ដូច្នេះ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ បានកើនឡើងពី ៧៦០ដុល្លារ ក្នុងឆ្នាំ ២០០៨ ដល់ជិត ១០០០ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១២ ហើយរំពឹងថានឹងកើនដល់ជាង ១០០០ដុល្លារ នៅឆ្នាំ ២០១៣ ដែលនឹងធ្វើឱ្យកម្ពុជាឈានឡើងជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងរយៈពេលមិនយូរខាងមុខនេះ។ អត្រាភាពក្រីក្របានធ្លាក់ចុះពី ២២,៩% ក្នុងឆ្នាំ ២០០៩ មកនៅត្រឹមរង្វង់ ២០% នៅឆ្នាំ ២០១២ ហើយរំពឹងថានឹងចុះមកនៅត្រឹមប្រមាណ ១៩% នៅឆ្នាំ ២០១៣ ។ តាមរយៈលទ្ធផលដ៏ល្អនេះ កម្ពុជាត្រូវបានវាយតម្លៃថា ជាប្រទេសដែលស្ថិតក្នុងចំណាក់ថ្នាក់ទី១៥ ដែលទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោក ក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយ ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលនឹងអាចសម្រេចបានគោលដៅ អភិវឌ្ឍន៍សហស្សវត្ស និងជាប្រទេសមានចំណាត់ថ្នាក់ទី១ នៅអាស៊ីប៉ាស៊ីហ្វីក ដែលសម្រេចបាននូវវឌ្ឍនភាពល្អប្រសើរក្នុងការកែលម្អសូចនាករផ្នែក សង្គមកិច្ច។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០១២ រាជរដ្ឋាភិបាលបានបន្តជំរុញអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់ កំណែទម្រង់ស៊ីជម្រៅរបស់ខ្លួន ជាពិសេសការលុបឡូត៍នេសាទទឹកសាបនៅទូទាំងប្រទេស ដើម្បីប្រគល់ជូនប្រជាជនធ្វើការនេសាទជាលក្ខណៈគ្រួសារ និងអភិរក្សជលផល ការផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីបន្ថែមទៀត ព្រមទាំងការអនុវត្តន៍នយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី ដើម្បីវាស់វែង និងផ្តល់កម្មសិទ្ធិដីធ្លី លំនៅឋាន និងដីស្រែចំការ ជូនប្រជាជនទូទៅ និងកសិករជាអ្នកកាន់កាប់ប្រើប្រាស់ដីជាក់ស្តែង ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ ២លានហិកតា និងមានប្រជាជនជិត ៥០ម៉ឺនគ្រួសារ ដែលត្រូវទទួលបានប័ណ្ណកម្មសិទ្ធិ។ កំណែទម្រង់ធំៗទាំងពីរនេះមានចរិតប្រជាធិបតេយ្យប្រជាជនយ៉ាង ជ្រាលជ្រៅ ដែលបានបង្ហាញឱ្យឃើញច្បាស់នូវនយោបាយ និងការអនុវត្តន៍របស់គណបក្សប្រជាជនកម្ពុជា ដើម្បីផលប្រយោជន៍របស់ប្រជាជន។
ក្នុងដំណើរការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អ្នកមានសុភវិនិច្ឆ័យគ្រប់រូបសុទ្ធតែបានឃើញច្បាស់ថា សេរីភាពខាងនយោបាយ សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ នីតិរដ្ឋ ការប្រឆាំងអំពើពុករលួយ សេវាសាធារណៈ ការធ្វើសកម្មភាពរបស់គណបក្សនានា និងការបោះឆ្នោតជាដើម ត្រូវបានការពារ ពង្រឹង និងបន្តលើកកម្ពស់ជានិច្ច ។ ជាពិសេស កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ដោយជោគជ័យប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលបានបង្ហាញច្បាស់ថា លទ្ធិប្រជាធិបតេយ្យកំពុងត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរនៅកម្ពុជា។ ព្រមជាមួយនេះ កិត្តិយស កិត្តិនាមរបស់កម្ពុជាក៏កាន់តែត្រូវបានលើកកម្ពស់លើឆាកអន្តរ ជាតិ។ កម្ពុជាបានបន្តជំរុញសមាហរណកម្មជាមួយសហគមន៍អន្តរជាតិ បានបង្កីនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ប្រទេស ដោយបាននាំមកនូវការគាំទ្រ និងជំនួយឧបត្ថម្ភយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍ ។ ក្នុងឆ្នាំ ២០១២ នេះ ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជាបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ីបូព៌ា កិច្ចសន្ទនាអាស៊ានជាសកលដែលជាលើកទី ១ ក្នុងប្រវត្តិរបស់អាស៊ាន និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានពាក់ព័ន្ធផ្សេងទៀត ព្រមទាំងកិច្ចប្រជុំសំខាន់ៗជាច្រើន ទាំងក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិប្រកបដោយជោគជ័យ ដែលឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់កម្ពុជាក្នុងការចូលរួមដោះ ស្រាយកិច្ចការតំបន់ ក៏ដូចពិភពលោក ។ នៅក្នុងឆ្នាំ ២០១៣ ខាងមុខនេះ ក្នុងឋានៈជាប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក កម្ពុជាត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ច ប្រជុំគណៈកម្មាធិការនេះ ។ កម្ពុជាក៏បានចូលរួមយ៉ាងសកម្មក្នុងការបំពេញបេសកកម្មថែរក្សា សន្តិភាពនៅប្រទេសមួយចំនួនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ រាល់សមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះ ពិតជាសម្រេចបានអាស្រ័យដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពរបស់ស្ថាប័នកំពូលៗរបស់ជាតិ ជាពិសេសការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តន៍របៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ចនៃកម្មវិធីនយោបាយរបស់ខ្លួន ជាសមិទ្ធផលដែលបានមកពីកម្លាំងសាមគ្គីរបស់ប្រជាជាតិយើងទាំងមូល ពីការចូលរួមដ៏សកម្មរបស់សង្គមស៊ីវិល និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ព្រមទាំងការជួយឧបត្ថម្ភគាំទ្រដ៏ស្មោះសរពីសំណាក់បណ្តាប្រទេសជា មិត្តជិតឆ្ងាយ និងដៃគូអភិវឌ្ឍន៍ទាំងឡាយនៅគ្រប់ទិសទី។ ទាំងអស់នេះ គឺជាកត្តានៃជ័យជំនះរបស់យើង ដែលយើងត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកបន្តទៅទៀត។
អង្គមីទ្ទិញ ជនរួមជាតិជាទីគោរពស្នេហា ! ប្រជាជនកម្ពុជាបានឈានចូលឆ្នាំថ្មីសកល ឆ្នាំ ២០១៣ ជាមួយនឹងក្តីសង្ឃឹមចំពោះជោគជ័យធំៗថ្មីៗទៀត ក្នុងដំណើរការកសាង អភិវឌ្ឍមាតុភូមិរបស់ខ្លួន ជាពិសេសការចូលរួមប្រកបដោយវិចារណញ្ញាណដ៏ខ្ពង់ខ្ពស់ក្នុងដំណើរ ការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៨ ខែ កក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ដែលជាព្រឹត្តិការណ៍នយោបាយធំបំផុត និងមានអត្ថន័យដ៏ធំធេង ចំពោះការបន្តអភិវឌ្ឍសង្គមកម្ពុជាទៅមុខទៀតប្រកបដោយចីរភាព។
ក្នុងឱកាសនេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំព្រះករុណាខ្ញុំសូមសម្តែងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះជនរួមជាតិនៅគ្រប់ទិសទីគ្រប់ស្រទាប់ គ្រប់មជ្ឈដ្ឋាន គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដែលជានិច្ចកាលបានផ្តល់យុត្តិធម៌ និងការគាំទ្រយ៉ាងធំធេង ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល ក្នុងរយៈពេល ៣៤ឆ្នាំកន្លងមកនេះ។ ជាពិសេស បានគាំទ្រគណបក្សឱ្យទទួលបានជ័យជំនះជាបន្តបន្ទាប់ក្នុងការបោះ ឆ្នោត ទាំងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ទាំងសកល និងអសកល ទោះបីជាក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិមួយចំនួននៅតែប្រកាន់ជំហរប្រទូសរ៉ាយជាមួយគណ បក្សប្រជាជនកម្ពុជា ហើយបានព្យាយាមរកគ្រប់វិធី ដើម្បីមួលបង្កាច់សកម្មភាពដ៏ត្រឹមត្រូវរបស់គណបក្ស និងបំផ្លាញទំនាក់ទំនងដ៏ស្អិតរមួតរវាងគណបក្ស និងប្រជាជនយ៉ាងណាក្តី។ គណបក្សសូមសន្យាជាឧឡារិកថា ក្នុងជំហានទៅមុខទៀត គណបក្សនៅតែប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង ឧត្តមគតិ និងប្រពៃណីដ៏ថ្លៃថ្លារបស់ខ្លួន ដើម្បីការពារ និងលើកស្ទួយនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជាជន ហើយមិនអនុញ្ញាតឱ្យមានអ្វីអាចមកបញ្ឈប់ដំណើរឈានទៅមុខរបស់ កម្ពុជាបានឡើយ។
ក្នុងស្មារតីនេះ គណបក្សប្រជាជនកម្ពុជាខិតខំថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឱ្យបានកាន់តែរឹងមាំឡើង ដែលធានានូវបរិស្ថានអនុគ្រោះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។ គណបក្សនឹងជំរុញការអនុវត្តន៍ឱ្យបានសម្រេចនូវច្បាប់ស្តីពីហិរញ្ញ វត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៣ ដែលជាឧបករណ៍គោលនយោបាយដ៏សំខាន់បំផុត ក្នុងការអនុវត្តន៍បញ្ចប់នូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ បច្ចុប្បន្នកម្មឆ្នាំ ២០០៩-២០១៣ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ សំដៅឈានទៅសម្រេចឱ្យបាននូវរបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ចនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៤ នេះ។
គណបក្សប្រជាជនកម្ពុជា បន្តជំរុញរាល់សកម្មភាពដើម្បីការពារ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងបរិការណ៍នៃកម្ពុជាឱ្យបានកាន់តែ ប្រសើរឡើងជានិច្ច ។ ការជាក់ស្តែងបានបង្ហាញថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា មិនមែនកើតឡើង និងរីកចម្រើនដោយសារតែពាក្យសម្តី ឬរបាយការណ៍របស់មជ្ឈដ្ឋានណានោះឡើយ ។ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាបានចាប់ផ្តើមជាមួយនឹងការរស់ឡើងវិញ របស់ប្រជាជន បន្ទាប់ពីបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ហើយត្រូវបានការពារ ពង្រឹង និងពង្រីកឥតឈប់ឈរ ក្នុងដំណើរការកសាង និងការពារមាតុភូមិរយៈពេល ៣៤ឆ្នាំមកនេះ។ ជ័យជំនះ ៧មករា បាននាំមកនូវសិទ្ធិជាសារវន្តបំផុតរបស់មនុស្សមកជូនប្រជាជន គឺសិទ្ធិមានជីវិតរស់នៅ ហើយផ្តើមចេញពីសិទ្ធិជាសារវន្តនេះហើយ ដែលមានសិទ្ធិទទួលបានចំណីអាហារ ទទួលបានការអប់រំ ទទួលបានការព្យាបាល សិទ្ធិបញ្ចេញមតិ សិទ្ធិបង្កើតគណបក្ស បង្កើតអង្គការ និងសមាគមនានា ៘ ហេតុនេះ អ្នកនយោបាយ ក៏ដូចមជ្ឈដ្ឋានទាំងឡាយ គប្បីមើលឱ្យឃើញការពិតនៃការរីកចម្រើន លើកទឹកចិត្តចំពោះលទ្ធផលនៃដំណើរការនេះនៅកម្ពុជា ផ្តល់មតិយោបល់ប្រកបដោយស្មារតីស្ថាបនាពិតប្រាកដ ហើយមិនត្រូវប្រមាថចំពោះអធិបតេយ្យរបស់កម្ពុជា និងតម្លៃដ៏ខ្ពង់ខ្ពស់នៃការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានកើតចេញពីឆន្ទៈរបស់ប្រជាជនតាមរយៈការបោះឆ្នោតនោះឡើយ។
គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងនូវការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការបន្ត ជំរុញការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយប្រទេសជិតខាងរហូតបាន សម្រេច ផ្អែកលើមូលដ្ឋានរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ច្បាប់អន្តរជាតិ និងលិខិតុបករណ៍នានា ដែលត្រូវបានអន្តរជាតិទទួលស្គាល់ ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនមួយមានស្ថិរភាពជានិរន្តរ៍ ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
ព្រមជាមួយនេះ គណបក្សសូមបញ្ជាក់នូវការប្តេជ្ញាចិត្តដាច់ខាតក្នុងការដោះស្រាយ បញ្ហាប្រឈមទាំងឡាយ ដែលនៅតែបន្តជះឥទ្ធិពលអវិជ្ជមានមកលើដំណើរឈានទៅមុខរបស់ជាតិ យើង តាមរយៈការបន្តជំរុញទៅមុខ មិនថយក្រោយនូវដំណើរការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅនានា រួមមាន កំណែទម្រង់រដ្ឋបាលសាធារណៈ ការប្រឆាំងអំពើពុករលួយ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ដីធ្លី កំណែទម្រង់ជលផល និងកំណែទម្រង់ ផ្សេងៗទៀត ដើម្បីធានាអភិបាលកិច្ចល្អ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព ការពង្រឹងយុត្តិធម៌ សមធម៌ ក្នុងសង្គម និងការលើកស្ទួយបានឥតឈប់ឈរនូវជីវភាពប្រជាជនទាំងសម្ភារៈ និងស្មារតី។
ក្នុងន័យនេះដែរ គណបក្សនឹងនៅតែបន្តប្រកាន់យកនយោបាយមិនយកពន្ធលើដីធ្លីកសិកម្ម របស់កសិករ ដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ ការរក្សាទុកដែននេសាទទឹកសាបទាំងអស់សម្រាប់ប្រជាជនធ្វើនេសាទជា លក្ខណៈគ្រួសារ និងជាកន្លែងអភិរក្សជលផល ព្រមទាំងបន្តជំរុញការអនុវត្តន៍នយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី និងការផ្តល់សម្បទានដីសង្គមកិច្ចជូនប្រជាជនដែលគ្មានដីពិត ប្រាកដសម្រាប់សង់លំនៅស្ថាន និងបង្កបង្កើនផល។ គណបក្សសូមអំពាវនាវដល់ប្រជាជនដែលបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លី ហើយ សូមថែរក្សាឱ្យបានគង់វង្សយូរអង្វែង សូមកុំលក់ដូរ សូមយកទៅប្រើប្រាស់ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានកាន់តែល្អ ប្រសើរឡើង ទន្ទឹមនេះសូមកុំទន្ទ្រានយកដីរដ្ឋបន្តទៀត និងសូមអំពាវនាវដល់ប្រជានេសាទ សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ឬធ្វើសកម្មភាពផ្សេងៗ ដែលច្បាប់ហាមឃាត់ ដើម្បីការពារនិរន្តរភាពនៃធនធានមច្ឆជាតិរបស់យើង ។
គណបក្សប្រជាជនកម្ពុជាសូមគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការត្រៀមរៀបចំរាល់ការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី ៥ ឱ្យប្រព្រឹត្តទៅយ៉ាងល្អ ស្របទៅតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ និងបទប្បញ្ញត្តិនៃច្បាប់ជាធរមាន ជាមួយនឹងការធានានូវបរិយាកាសនយោបាយអព្យាក្រឹត សេរី ប្រជាធិបតេយ្យ និងសុវត្ថិភាព។ គណបក្សប្រជាជនកម្ពុជា ដែលបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងដំណើរឆ្ពោះទៅកាន់ការបោះ ឆ្នោតនេះ នឹងបន្តធ្វើកិច្ចសហប្រត្តិបត្តិការជិតស្និទ្ធ ជាមួយបណ្តាស្ថាប័នជាតិ អាជ្ញាធរគ្រប់ថ្នាក់ បណ្តាគណបក្សនយោបាយ និងមជ្ឈដ្ឋាននានា សំដៅចូលរួមធានាឱ្យការបោះឆ្នោតបានប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈរបស់ប្រជាជន ដោយឈរលើមូលដ្ឋានគោរពម៉ឺងម៉ាត់តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ នៃការបោះឆ្នោត។
នៅក្នុងឱកាសនេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមបញ្ជាក់យ៉ាងឧឡារិកជាថ្មីទៀត នូវការគាំទ្របេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី ៥ និងនីតិកាលបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះ ខ្ញុំសូមប្រកាសជូនសាធារណមតិជាតិ និងអន្តរជាតិឱ្យបានជ្រាបថា គណបក្សប្រជាជនកម្ពុជា នឹងបើកមហាសន្និបាតតំណាងទូទាំងប្រទេស ដើម្បីបូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ កន្លងមក និងអនុម័តកម្មវិធីនយោបាយដើម្បីកសាង និងការពារមាតុភូមិរយៈពេល ៥ឆ្នាំ បន្តទៀត ឆ្នាំ ២០១៣-២០១៨ សម្រាប់ចូលរួមនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៥ ខាងមុខនេះ។
អង្គមីទ្ទិញ ជនរួមជាតិជាទីគោរពស្នេហា ! រយៈពេល ៣៤ឆ្នាំ កន្លងមកនេះ យើងបានធ្វើដំណើរយ៉ាងវែងលើផ្លូវមួយប្រកបដោយសេរីភាព កិត្តិយស និងក្តីសង្ឃឹម មិនថាត្រូវជួបនឹងឧបសគ្គតូចធំបែបណាឡើយ។ នៅគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈ យើងបានបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត និងសមត្ថភាពរបស់យើង ដោយឈរលើជំហរតស៊ូប្រយុទ្ធ លះបង់យ៉ាងអង់អាចក្លាហាន និងក្នុងស្មារតីកសាងប្រកបដោយមោទនភាព។ ស្មារតី ៧ មករា បានបំភ្លឺផ្លូវយើងឱ្យឆ្លងកាត់រាល់ឧបសគ្គទាំងនោះដោយជោគជ័យ ធ្វើឱ្យយើងអាចឈានទៅមុខមួយជំហានម្តងៗ ប្រែក្លាយទឹកដីមាតុភូមិយើងពីគំនរផេះផង់ឱ្យមានជីវិតរស់ឡើងវិញ មានការរីកចម្រើន រហូតមានអ្វីៗគ្រប់យ៉ាងដូចបច្ចុប្បន្ន។ ប្រការនេះបានបញ្ជាក់ច្បាស់ថា ស្មារតី ៧ មករា ជាប្រភពនៃជ័យជំនះ ហើយបានរស់នៅជានិច្ចក្នុងជីវិត និងការងាររបស់យើង ។ ហេតុនេះ យើងទាំងអស់គ្នាត្រូវបន្តថែរក្សាពូនជ្រំស្មារតីនេះឱ្យស្ថិត ស្ថេរ គង់វង្ស និងភ្លឺចែងចាំងជានិច្ច ដើម្បីជោគជ័យរបស់យើងតទៅមុខទៀត នៅលើមាគ៌ា “ សន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ” ។ សូមឱ្យស្មារតី ៧មករា ស្ថិតស្ថេរជាអមតៈក្នុងដួងវិញ្ញាណរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្រប់ៗជំនាន់តរៀងទៅ។
ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះវត្តមានរបស់សម្តេច ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងសមាជិក សមាជិកាទាំងអស់នៃអង្គមីទ្ទិញ ដែលបានញ៉ាំងឱ្យពិធីនេះបានប្រព្រឹត្តទៅយ៉ាងឧឡារិក។ សូមថ្វាយ និងប្រគេនពរសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះរាជាគណៈ និង ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមប្រសិទ្ធិពរសម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃអង្គមិទ្ទិញ និងជនរួមជាតិទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ សូមអរព្រះគុណ សូមអរគុណ !
