​បាត់​ខ្លួន​១០០​នាក់​ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ដ្រាលី​

ដោយ​ ៖ ម៉ែវ ​សាធី ថ្ងៃទី 07 មករា 2013ម៉ោង 13:35:47

​ប៉ូលិស​អូស្ដ្រាលី​បាន​ធ្វើការ​រុករក​នៅ​ តាម​បណ្ដា​ទីក្រុង​លើ​កោះ​ Tasmania​ នៅ​ថ្ងៃ​ទី​៧ ​មក​រា​ ដើម្បី​ស្វែងរក​ពលរដ្ឋ​ ប្រមាណ​១០០​នាក់​ដែល​បាត់​ខ្លួន​ក្រោយ​ ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ខាងត្បូង​កោះ​នេះ​។​

​សីតុណ្ហភាព​នៅ​ក្នុង​កោះ​ Tasmania​ កើនឡើង​ដល់​៤១,៨​អង្សា​សេ​ តាំងពី​ថ្ងៃ​ទី​ ៤​មក​រា​មក​ទល់​ពេល​នេះ​អម​ដោយ​ខ្យល់​ ខ្លាំង​ និង​ភាពរាំងស្ងួត​ទាំងនោះ​បង្ក​ឱ្យ​មាន​ បង្ក​ឱ្យ​មាន​គ្រោះ​អគ្គិភ័យ​ជា​បន្ដបន្ទាប់​ ។​ ពលរដ្ឋ​ប្រមាណ​៣.០០០​នាក់​ត្រូវ​ភៀស​ ខ្លួន​ទៅ​កាន់​តំបន់​សុវត្ថិភាព​ ហើយ​ក្នុង​ ចំណោម​អ្នក​ទាំងនោះ​បាន​ស្នាក់​នៅ​ក្នុង​ជំរុំ​បណ្ដោះអាសន្ន​ ដែល​រដ្ឋ​ភិ​បាល​បង្កើត​ឡើង​ ។​

​លោក​ Scott​ Tinyard​ ស្នងការ​ប៉ូលិស​ រដ្ឋ​ Tasmania​ បានឱ្យ​ដឹង​ថា​ នៅ​មាន​ ពលរដ្ឋ​ប្រមាណ​១០០​នាក់​បាន​បាត់​ខ្លួន​ ក្រោយ​ភ្លើង​ឆេះ​ព្រៃ​នោះ​ ហើយ​លោក​ ព្រួយបារម្ភ​ខ្លាច​អ្នក​ទាំងនោះ​បាត់បង់​ជីវិត​ ដោយ​ភ្លើង​ឆេះ​ព្រៃ​ ។​ លោក​បន្ដ​ទៀត​ថា​ “​យើងខ្ញុំ​នឹង​ខិតខំ​ស្វែងរក​អ្នក​ដែល​បាត់​ ខ្លួន​ទាំងនោះ​ ទោះបី​ស្លាប់​ឬ​រស់​ក៏​ដោយ​”​។​

​គ្រោះ​អគ្គិភ័យ​ជាង​៤០​កន្លែង​នៅ​តែ​ បន្ដ​ឆាបឆេះ​ ហើយ​កាលពី​ថ្ងៃ​ទី​៦​មក​រា​ ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ប្រកាស​អាសន្ន​ ដល់​ពលរដ្ឋ​រស់នៅ​ភូមិ​ Tarana​ ដោយ​ គ្រោះ​អគ្គិភ័យ​ដែល​នៅ​ក្បែរ​នោះ​មិន​ទាន់​ អាច​ពន្លត់​បានជា​ស្ថាពរ​នៅឡើយ​ ។​

​នាយក​រដ្ឋមន្ដ្រី​អូស្ដ្រាលី​ លោកស្រី​ Jolia​ Gilard​ បាន​ទៅ​ត្រួតពិនិត្យ​តំបន់​ Dunalley​ ឆ្នេរសមុទ្រ​ភាគ​ខាងកើត​កោះ​ Tasmania​ នា​ថ្ងៃ​ទី​៧​ មក​រា​ ។​ ភ្លើង​ឆេះ​ ព្រៃ​បាន​បំផ្លាញ​ផ្ទះ​៦០​ខ្នង​ ទីស្នាក់ការ​ ប៉ូលិស​១​កន្លែង​ សាលារៀន​មួយ​កន្លែង​ នៅ​ក្នុងស្រុក​នោះ​ ។​

​ក្រសួង​ព្យាករណ៍​ឧតុនិយម​អូស្ដ្រាលី​ បាន​ប្រកាស​ថា​ អាកាសធាតុ​ក្ដៅ​នឹង​បន្ដ​ កើនឡើង​នៅ​តំបន់​មួយ​ចំនួន​ទៀត​ ក្នុង​ ប្រទេស​អូស្ដ្រាលី​នា​ពេល​ខាង​មុខ​ ។​ នេះ​ មិនមែន​ជា​លើក​ទី​១​ឡើយ​ដែល​អូស្ដ្រាលី​ រង​គ្រោះ​អគ្គិភ័យ​ជា​ទ្រង់ទ្រាយ​ធំ​ដោយ​ សារ​អាកាសធាតុ​ក្ដៅ​ខ្លាំង​ ។​ កាលពី​៤​ឆ្នាំ​ មុន​ ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ជនបទ​រដ្ឋ​ Victoria​ សម្លាប់​មនុស្ស​១៧០​នាក់​ ៕