
សម្តេចតេជោស្នើឲ្យឯកអគ្គរាជទូតថៃថ្មីរក្សាឲ្យបានការបើកច្រកព្រំដែន
ភ្នំពេញ ៖ លោក ទូឆាយុទ្ធ ផាកក្ឌី (Touchayut Pakdi) ឯកអគ្គរាជទូតថៃថ្មី ប្រចាំកម្ពុជា បានបញ្ជាក់អះអាងជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា បេសកកម្មរបស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជាពេលនេះ គឺមានតួនាទី ដើម្បីពង្រីកពង្រឹងទំនាក់ទំនង រវាង ប្រទេសទាំងពីរដែលមានស្រាប់ ហើយដែលកំពុងតែល្អនោះ ឲ្យមានការរីកចម្រើន កាន់តែប្រសើរឡើងថែមទៀត ។
ក្នុងជំនួបសំដែងការគួរសម ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព ព្រឹកថ្ងៃទី ៨ មករានេះ ឯកអគ្គរាជទូតថៃ ជំរាបសម្ដេចតេជោថា ក្នុងពេលដែលលោកបំពេញ បេសកកម្មនៅកម្ពុជានេះ លោកនឹងប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរ រក្សាបាន និងជំរុញឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ទាំងកិច្ច សហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត ។
ជាការឆ្លើយតប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្វាគមន៍ និង អបអរសាទរ ចំពោះលោក ទូឆៃយុទ្ធ ផាកក្ឌី ដែលត្រូវបានតែងតាំងជា ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយ សម្ដេចបានថ្លែងអំណរគុណផងដែរ ចំពោះការប្ដេជ្ញាចិត្តរបស់លោក ក្នុងការពង្រីកពង្រឹង ទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងលើវិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ផងនោះ ។
ជាមួយនេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ ដល់ឯកអគ្គរាជទូតថៃ ឲ្យខិតខំធ្វើយ៉ាងណារក្សាឲ្យ បាន នូវការបើកច្រកព្រំដែន រវាងប្រទេសទាំងពីរ ហើយគប្បីសហការគ្នា ប្រយុទ្ធប្រឆាំង អំពើឧក្រឹដ្ឋកម្មឆ្លងដែន និងការកាប់ឈើខុសច្បាប់ ដែលមានការកើតឡើងនៅតាម ព្រំដែន រវាង ប្រទេសទាំងពីរ ដែលកិច្ចការនេះ គឺជាកត្តាសំខាន់ ដើម្បីការពារធនធានធម្មជាតិ របស់យើង ។
ឆ្លៀតឱកាសនោះដែរ តាមរយៈឯកអគ្គរាជទូតថៃ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ ព្រះអង្គម្ចាស់ក្សត្រីយ៍ សុរិន ថន ដែលបានជួយកម្ពុជា ជាពិសេសលើវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស និងលើវិស័យសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងជម្ងឺគ្រុនចាញ់ ដែលកំពុងតែមានសកម្មភាពយ៉ាងសកម្មនៅខេត្តស្ទឹងត្រែង រតនគិរី និង មណ្ឌលគិរី ៕
