សម្តេច​តេ​ជោ​ស្នើ​ឲ្យ​ឯកអគ្គរាជទូត​ថៃ​ថ្មី​រក្សា​ឲ្យ​បានការ​បើក​ច្រកព្រំដែន​

ដោយ​ ៖ ថ្ងៃទី 08 មករា 2013ម៉ោង 14:06:43

​ភ្នំពេញ​ ៖​ លោក​ ទូ​ឆា​យុទ្ធ​ ផាក​ក្ឌី​ (Touchayut​ Pakdi)​ ឯកអគ្គរាជទូត​ថៃ​ថ្មី​ ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​អះអាង​ជូន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ថា​ បេសកកម្ម​របស់​លោក​ មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ពេល​នេះ​ គឺ​មាន​តួនាទី​ ដើម្បី​ពង្រីកពង្រឹង​ទំនាក់ទំនង​ រវាង​ ប្រទេស​ទាំង​ពីរ​ដែល​មាន​ស្រាប់​ ហើយ​ដែល​កំពុង​តែ​ល្អ​នោះ​ ឲ្យ​មានការ​រីក​ចម្រើន​ កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​ ។​

​ក្នុង​ជំនួប​សំដែង​ការ​គួរសម​ ចំពោះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ នៅ​វិមាន​សន្តិភាព​ ព្រឹក​ថ្ងៃ​ទី​ ៨​ មក​រា​នេះ​ ឯកអគ្គរាជទូត​ថៃ​ ជំរាប​សម្ដេច​តេ​ជោ​ថា​ ក្នុង​ពេល​ដែល​លោក​បំពេញ​ បេសកកម្ម​នៅ​កម្ពុជា​នេះ​ លោក​នឹង​ប្រឹងប្រែង​ ឲ្យ​អស់ពី​សមត្ថភាព​ ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​ រវាង​ប្រទេស​ទាំង​ពីរ​ រក្សា​បាន​ និង​ជំរុញ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​ ទាំង​កិច្ច​ សហប្រតិបត្តិការ​ លើ​វិស័យ​ពាណិជ្ជកម្ម​ ទេសចរណ៍​ និង​វិស័យ​ផ្សេងៗ​ទៀត​ ។​

​ជា​ការ​ឆ្លើយ​តប​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​ស្វាគមន៍​ និង​ អបអរសាទរ​ ចំពោះ​លោក​ ទូ​ឆៃ​យុទ្ធ​ ផាក​ក្ឌី​ ដែល​ត្រូវ​បាន​តែងតាំង​ជា​ ឯកអគ្គរាជទូត​ វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ នៃ​ព្រះរាជាណាចក្រ​ថៃ​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ សម្ដេច​បាន​ថ្លែងអំណរគុណ​ផង​ដែរ​ ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ ក្នុង​ការ​ពង្រីកពង្រឹង​ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ទាំង​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​វិស័យ​ទេសចរណ៍​ផង​នោះ​ ។

ជាមួយ​នេះ​ ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ សម្ដេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ បាន​ផ្ដល់​អនុសាសន៍​ ដល់​ឯកអគ្គរាជទូត​ថៃ​ ឲ្យ​ខិតខំ​ធ្វើ​យ៉ាងណា​រក្សា​ឲ្យ​ បាន​ នូវ​ការ​បើក​ច្រកព្រំដែន​ រវាង​ប្រទេស​ទាំង​ពីរ​ ហើយ​គប្បី​សហការ​គ្នា​ ប្រយុទ្ធ​ប្រឆាំង​ អំពើ​ឧក្រឹដ្ឋ​កម្ម​ឆ្លង​ដែន​ និង​ការ​កាប់​ឈើ​ខុសច្បាប់​ ដែល​មានការ​កើតឡើង​នៅ​តាម​ ព្រំដែន​ រវាង​ ប្រទេស​ទាំង​ពីរ​ ដែល​កិច្ចការ​នេះ​ គឺជា​កត្តា​សំខាន់​ ដើម្បី​ការពារ​ធនធានធម្មជាតិ​ របស់​យើង​ ។​

​ឆ្លៀតឱកាស​នោះ​ដែរ​ តាម​រយៈ​ឯកអគ្គរាជទូត​ថៃ​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​យ៍​ សុ​រិ​ន​ ថន​ ដែល​បាន​ជួយ​កម្ពុជា​ ជា​ពិសេស​លើ​វិស័យ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ និង​លើ​វិស័យ​សុខាភិបាល​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជម្ងឺគ្រុនចាញ់​ ដែល​កំពុង​តែ​មាន​សកម្មភាព​យ៉ាង​សកម្ម​នៅ​ខេត្តស្ទឹងត្រែង​ រតនគិរី​ និង​ មណ្ឌលគិរី​ ៕