
អូស្ដ្រាលីប្រកាសអាសន្នពីភ្លើងឆេះព្រៃទ្រង់ទ្រាយធំក្នុងប្រវត្ដិសាស្ដ្រ
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 09 មករា 2013ម៉ោង 14:52:04
មជ្ឈមណ្ឌលព្យាការណ៍ឧតុនិយម អូស្ដ្រាលីបានបង្កើនការប្រកាសអាសន្ន ពីភ្លើងឆេះព្រៃនឹងកើនឡើងជាទ្រង់ទ្រាយ ធំមិនធ្លាប់មានក្នុងប្រវត្ដិសាស្ដ្រនៅលើតំបន់ជាច្រើន ដោយសារតែតំបន់មួយចំនួនមានសីតុណ្ហភាពកើនឡើងដល់ទៅ ៥៤អង្សារសេ ។
ទឹកដីអូស្ដ្រាលីកំពុងតែប្រឈមនឹង កម្ដៅក្ដៅខ្លាំង ហើយរដ្ឋាភិបាលបាន ប្រកាសឱ្យត្រៀមលក្ខណៈទប់ទល់នឹងភ្លើង ឆេះព្រៃដែលអាចនឹងឆាបឆេះទ្រង់ទ្រាយ ធំបំផុតក្នុងប្រវត្ដិសាស្ដ្រ ។ ផ្ទះជាច្រើន បានឆាបឆេះជាបន្ដបន្ទាប់នាពេលកន្លង មក ហើយមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយម បញ្ជាក់ថា សីតុណ្ហភាពអាចនឹងកើនឡើងរហូតដល់ទៅ៥៤អង្សារសេខ្ពស់ បំផុតក្នុងប្រវត្ដិសាស្ដ្រ ។
តំបន់ដាច់ស្រយាលនៅភាគខាងត្បូង អូស្ដ្រាលី កម្ដៅកើនឡើងដល់ទៅ៥៤ អង្សារសេហើយនាថ្ងៃទី៨ មករា ចំណែក នៅទីក្រុងស៊ីដនី សីតុណ្ហភាពកើនឡើង ដល់ទៅ៤២អង្សារសេ ។ ក្នុងពេលជាមួយគ្នានោះមន្ដ្រីរដ្ឋាភិ បាលបានប្រកាសអាសន្នពីគ្រោះអគ្គិភ័យ នៅពេលដែលពលរដ្ឋជាង១០០នាក់បាត់ ខ្លួននៅឡើយដោយភ្លើងឆេះព្រៃក្នុងតំបន់ តាសម៉ានៀ ។
លោក Shane Fitzsimmons ប្រធាន ក្រុមពន្លត់អគ្គិភ័យនៅរដ្ឋ NSW បានឱ្យ ដឹងថា យើងបានត្រៀមលក្ខណៈ និងស្មារតី សម្រាប់ទប់ស្កាត់នឹងគ្រោះអគ្គិភ័យទ្រង់ ទ្រាយធំបំផុតក្នុងប្រវត្ដិសាស្ដ្រ ។ យើង កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក បំផុត ក៏ដូចជាការជម្លៀសពលរដ្ឋទៅ កាន់តំបន់សុវត្ថិភាពឱ្យបានទាន់ពេលវេលា ហើយការជម្លៀសនោះនឹងធ្វើឡើង តាំងពីពេលនេះទៅ ដោយកម្ដៅខ្លាំង នោះអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើត ឡើងគ្រប់ពេលវេលា និងការរាលដាល ប្រាកដជាឆាប់រហ័សមិនអាចការពារ ទាន់នោះឡើយ បើមិនជម្លៀសពលរដ្ឋ ឱ្យបានមុនទេនោះ ។
កន្លងមកប៉ូលិសអូស្ដ្រាលីបានធ្វើការរុករកនៅ តាមបណ្ដាទីក្រុងលើកោះ Tasmania នៅថ្ងៃទី៧មករា ដើម្បីស្វែង រកពលរដ្ឋប្រមាណ១០០នាក់ដែលបាត់ខ្លួន ក្រោយភ្លើងឆេះព្រៃនៅភាគខាងត្បូងកោះនេះ ។
សីតុណ្ហភាពនៅក្នុងកោះ Tasmania កើនឡើងដល់៤១,៨អង្សាសេ តាំងពីថ្ងៃទី ៤មករាមកទល់ពេលនេះអមដោយខ្យល់ ខ្លាំង និងភាពរាំងស្ងួតទាំងនោះបង្កឱ្យមាន បង្កឱ្យមានគ្រោះអគ្គិភ័យជាបន្ដបន្ទាប់ ។ ពលរដ្ឋប្រមាណ៣.០០០នាក់ត្រូវភៀស ខ្លួនទៅកាន់តំបន់សុវត្ថិភាព ហើយក្នុង ចំណោមអ្នកទាំងនោះបានស្នាក់នៅក្នុង ជំរំបណ្ដោះអាសន្ន ដែលរដ្ឋាភិបាលបង្កើតឡើង ។
លោក Scott Tinyard ស្នងការប៉ូលិស រដ្ឋ Tasmania បានឱ្យដឹងថា នៅមាន ពលរដ្ឋប្រមាណ១០០នាក់បានបាត់ខ្លួន ក្រោយភ្លើងឆេះព្រៃនោះ ហើយលោក ព្រួយបារម្ភខ្លាចអ្នកទាំងនោះបាត់បង់ជីវិត ដោយភ្លើងឆេះព្រៃ ។ លោកបន្ដទៀតថា “យើងខ្ញុំនឹងខិតខំស្វែងរកអ្នកដែលបាត់ ខ្លួនទាំងនោះ ទោះបីស្លាប់ឬរស់ក៏ដោយ”។
គ្រោះអគ្គិភ័យជាង៤០កន្លែងនៅតែ បន្ដឆាបឆេះ ហើយកាលពីថ្ងៃទី៦មករា ក្រុមពន្លត់អគ្គិភ័យបានប្រកាសអាសន្ន ដល់ពលរដ្ឋរស់នៅភូមិ Tarana ដោយ គ្រោះអគ្គិភ័យដែលនៅក្បែរនោះមិនទាន់ អាចពន្លត់បានជាស្ថាពរនៅឡើយ ។
នាយករដ្ឋមន្ដ្រីអូស្ដ្រាលី លោកស្រី Jolia Gilard បានទៅត្រួតពិនិត្យតំបន់ Dunalley ឆ្នេរសមុទ្រភាគខាងកើតកោះ Tasmania នាថ្ងៃទី៧មករា ។ ភ្លើងឆេះ ព្រៃបានបំផ្លាញផ្ទះ៦០ខ្នង ទីស្នាក់ការ ប៉ូលិស១កន្លែង សាលារៀនមួយកន្លែង នៅក្នុងស្រុកនោះ ។
ក្រសួងព្យាករណ៍ឧតុនិយមអូស្ដ្រាលី បានប្រកាសថា អាកាសធាតុក្ដៅនឹងបន្ដ កើនឡើងនៅតំបន់មួយចំនួនទៀត ក្នុង ប្រទេសអូស្ដ្រាលីនាពេលខាងមុខ ។ នេះ មិនមែនជាលើកទី១ឡើយដែលអូស្ដ្រាលី រងគ្រោះអគ្គិភ័យជាទ្រង់ទ្រាយធំដោយ សារអាកាសធាតុក្ដៅខ្លាំង ។ កាលពី៤ឆ្នាំ មុន ភ្លើងឆេះព្រៃនៅតំបន់ជនបទរដ្ឋ Victoria សម្លាប់មនុស្ស១៧០នាក់ ៕
