
ប្រូឌិនសលចាប់ដៃគូលក់ប័ណ្ណធានារ៉ាប់រងអាយុជីវិតជាមួយអេស៊ីលីដា
ដោយ ៖ វឌ្ឍនា ថ្ងៃទី 10 មករា 2013ម៉ោង 11:22:00
ភ្នំពេញ ៖ សាជីវកម្មព្រូដិនសល(PRUDENTAIL)ប្រចាំតំបន់អាស៊ី ដែលជាផ្នែកមួយនៃក្រុមហ៊ុនប្រូឌិនសលភីអិលស៊ី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានប្រកាសចាប់ផ្តើមប្រតិបត្តិការធានារ៉ាប់រងអាយុជីវិតនៅប្រទេសកម្ពុជា ។ តាមរយៈក្រុមហ៊ុនប្រូឌិនសល(ខេមបូឌា) ឡាយហ្វ៍ អឹសួរិនស៍ ភីអិលស៊ី នឹងចាប់ផ្តើមលក់បណ្ណធានារ៉ាប់រងអាយុជីវិតជូនពលរដ្ឋកម្ពុជា ជាមួយនឹងការប្រកាសបង្កើតភាពជាដៃគូចែកចាយរួមគ្នាជាមួយធនាគារអេស៊ីលីដាភីអិលស៊ី ។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣ នៅសណ្ឋាគារ Inter Continental ដោយមានការចូលរួមពី សំណាក់តំណាងស្ថាប័នទាំងពីរ និងអ្នកសារព័ត៌មានជាច្រើនរូបទៀត ។
បុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុនប្រូឌិនសល នឹងប្រចាំការនៅតាមបណ្តាញសាខាធនាគារទាំង២៣៨ ប្រយោជន៍ផ្តល់យោបល់អំពីការធានារ៉ាប់រងអាយុជីវិតដល់អតិថិជន។
អគ្គនាយកប្រតិបត្តិការរបស់សាជីវកម្មប្រូឌិនសលប្រចាំតំបន់អាស៊ី លោក Barry Stowe បានថ្លែងថា វិស័យធានារ៉ាប់រងអាយុជីវិត គឺជាសសរស្តម្ភដសំខាន់មួយសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ។ លោកបញ្ជាក់ដែរថា ជាមួយនឹងបទពិសោធន៍ជាង១៦០ឆ្នាំ និងមានអតិថិជនជាង២៦លាននាក់នៅជុំវិញពិភពលោក និងគ្របដណ្តប់ទីផ្សារ១៣ប្រទេសនៅតំបន់អាស៊ី នឹងចាប់ផ្តើមប្រតិបត្តិការលក់របស់ខ្លួននៅកម្ពុជា ដោយសារមើលឃើញពីសក្កដានុពល, កំណើនប្រជាជន, កំណើនប្រាក់សន្សំនៃប្រជាជនថ្នាក់កណ្តាលមានកាន់តែច្រើន ។ លោកជឿជាក់ថា ភាពជាដៃគូជាមួយធនាគារនាំមុខគេនេះ នឹងជួយដល់ពលរដ្ឋកម្ពុជាក្នុងការការពារក្រុមគ្រួសាររបស់គេ និងកសាងអនាគតមួយដែលមានស្ថានភាពហិរញ្ញវត្ថុយ៉ាងរឹងមាំ ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា មានប្រសាសន៍ថា ភាពជាដៃគូនេះ គឺជាការបោះជំហានទៅមុខមួយទៀតរបស់ធនាគារអេស៊ីលីដា ក្នុងកិច្ចខិតខំអភិវឌ្ឍន៍វិស័យសេវាកម្មហិរញ្ញវត្ថុ ។ លោកបណ្ឌិតបន្តទៀតថា ធានាគាអេស៊ីលីដា មានមោទនភាពក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន ដែលមានវិជ្ជាជីវៈច្បាស់លាស់កម្រិតអន្តរជាតិ ដើម្បីតម្រូវការអតិថិជន សមនឹងឈ្មោះថា “ធនាគារដែលលោកអ្នកជឿទុកចិត្ត” ក្រោមពាក្យស្លោក ”ធនាគារសម្រាប់ប្រជាជន” ។
លោក Pankaj Banerjee នាយកគ្រប់គ្រងទូទៅរបសក្រុមហ៊ុនប្រូឌិនសលកម្ពុជា បានបញ្ជាក់ថា ការចាប់ដៃគូជាមួយធនាគារអេស៊ីលីដានេះ យើងនឹងអាចប្រើប្រាស់នូវបទពិសោធន៍ជាង៩០ឆ្នាំនៅអាស៊ី រួមនឹងចំណេះដឹងគ្មានគូប្រៀបរបស់ធនាគារអេស៊ីលីដាអំពីទីផ្សារក្នុងស្រុក ដើម្បីបង្កើតនូវសេវាកម្មដែលសមស្របទៅនឹងតម្រូវការផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា ហើយលោកជឿជាក់ថា កិច្ចសហប្រតិបតិ្តការនេះនឹងទទួលបានជោគជ័យ។
នាឱកាសនេះក៏មានការប្រគល់ប័ណ្ណធានារ៉ាប់រងអាយុជីវិតដំបូងគេ ដល់អតិថនទីមួយរបស់ប្រូឌិនសល និងជាអតិថិជនរបស់ធនាគារអេស៊ីលីដាផងដែរ ៕
