ឃាត់ខ្លួន​ជនសង្ស័យ​ទី​២​ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​កប់​ក្នុង​ភក់​

ដោយ​ ៖ ស្រីពៅ|ថ្ងៃទី 11 មករា 2013 ម៉ោង 11:11:00

​ខេត្តកំពង់ធំ​ ៖​ ដោយ​អនុវត្ត​តាម​ដីកានាំ​ខ្លួន ​របស់​លោក​ព្រះរាជអាជ្ញា​អម​សលា​ដំបូង​ខេត្ត​ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​បក្ខពួក​ជា​ច្រើន​នាក់​ទៀត ​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​នគរបាល​ស្រុក​បារាយណ៍​ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១០ ​ខែមករា ​ឆ្នាំ​២០១៣​ បន្ទាប់​ពី​មានការ​ចង្អុលបង្ហាញ​ពី​បក្ខពួក​ និង​ សង្ស័យ​ថា​ មាន​ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​នារី​មិន​គ្រប់ទឹក​ម្នាក់​ កាលពី​ថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ នៅ​ចំណុច​ខាងលិច​ព្រៃ​ចំការ​ចន្ទី​ ក្នុងភូមិ​សាស្ត្រ​ ឃុំ​ត្នោត​ជុំ​ ស្រុក​បារាយ​ណ៏​ ខេត្តកំពង់ធំ​ ។​

​ពាក់ព័ន្ធ​ករណី​នេះ​លោក​អនុ​សេនី​យ៏​ឯក​ ស្រី​ ចាន់​ ស៊ី​ណា​ អធិការរង​នគរបាល​ស្រុក​បារាយ​ណ៏​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​លន់​ ឈឺ​ន​ ហៅ​ខ្មៅ​ អាយុ​១៧​ឆ្នាំ​ ទីលំនៅ​ភូមិ​សំរោង​ ឃុំ​ចុង​ដូង​ ស្រុក​បារាយ​ណ៏​ត្រូវ​បាន​សម​ ត្ថ​កិច្ច​ឃាត់ខ្លួន​តាម​ដីកានាំខ្លួន​របស់​លោក​ចៅក្រម​សាកសួរ​ អម​សាលាដំបូង​ខេត្ត​ ក្រោយ​ពី​មានការ​ចង្អុលបង្ហាញ​ពី​សង្ស័យ​ជា​បក្ខពួក​ម្នាក់​ ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៤ ​ខែមករា​ ឆ្នាំ​២០១៣​ និង​សង្ស័យ​ថា ​មាន​ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​ស្ត្រី​ម្នាក់​ឈ្មោះ​ ឈុំ​ ស័ន​ អាយុ​២៤​ឆ្នាំ​ ទីលំនៅ​ភូមិ​បន្ទាយ​ចាស់​ ឃុំ​ត្នោត​ជុំ​ ស្រុក​បារាយ​ណ៏​កាលពី​ថ្ងៃ​ទី​០៨​ខែវិច្ឆិកា​ឆ្នាំ​២០១២​ ។​

សូម​បញ្ជាក់​ថា​ ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​ខាងលើ​នេះ ​កាលពី​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ២០១៣​ ជនសង្ស័យ​ម្នាក់​ឈ្មោះ​ តាំង​ ច​ន្នី​ អាយុ​១៧​ឆ្នាំ​ ដែល​ជា​បក្ខពួក​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​បារាយ​ណ៏​ ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រួច​ហើយ​ ។​

​គួរ​រំលឹក​ថា​ សាកសព​ស្ត្រី​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ កាលពី​វេលា​ម៉ោង​១១​នាទី​ព្រឹក ​ថ្ងៃ​ទី​២៨ ​ខែវិច្ឆិកា​ ឆ្នាំ​២០១២ ​នៅ​តំបន់​ខាងលិច​ព្រៃ​ចំការ​ចន្ទី​តា​អេ​ន​ ភូមិ​សា​ស្ត្រ​ឃុំ​ត្នោត​ជុំ​ ចម្ងាយ​ជាង​២​គីឡូ​ត​ម៉ែត្រ​ពី​ភូមិ​បន្ទាយ​ចាស់​ ឃុំ​ត្នោត​ជុំ​ ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ​ បន្ទាប់​ពី​ក្រុម​គ្រួសារ​អះអាង​ថា​ស្ត្រី​ខាងលើ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៧ ​ខែវិច្ឆិកា ​ឆ្នាំ​២០១២​ ។​

​ក្នុង​ហេតុការណ៍​ខា​លើ​នេះ​ក្រុម​គ្រួ​សារ បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា​ កាលពី​ ព្រឹក​ថ្ងៃ​ទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១២​ ម្ដាយ​នារី​រង​ប្រាប់​នារី​រង​គ្រោះ​ និង​កូនប្រុស​ថា​គាត់​ចង់​ហូប​អំបុក​ ម្យ៉ាង​ជិត​បុណ្យ​អកអំបុក​ផង​ ហើយ​ក៏​បាន​ប្រើ​នារី​រង​គ្រោះ​ និង​កូនប្រុស​ ឲ្យ​ទៅ​រក​ច្រូតស្រូវ​នៅ​ជិត​កន្លែង​កើតហេតុ​ ដើម្បី​យក​មក​ដាល់អំបុក​ ។​ ប្អូនប្រុស​នារី​រង​ គ្រោះ​បាន​បន្ត​ថា​ ពេល​ម្ដាយ​ប្រើ​នារី​រង​គ្រោះ​ក៏​បាន​ដើរទៅ​មុន​ ហើយ​ខ្លួន​ក៏​ដេញគោ​ឲ្យ​ ទៅ​ស៊ី​ស្មៅ​ តាម​ក្រោយ​ ។​ ក្រោយ​ចេញ​ផុត​ពី​ភូមិ​បាន​បន្តិច​ ខ្លួន​ក៏​បានឮ​ស​ឡេ​ង​បងស្រី​ស្រែក​ ហៅ​តែ​ខ្លួន​មិន​ចាប់អារម្មណ៍​ ក៏​បន្ត​ចង​គោ​និង​ច្រូតស្រូវ​តែ​ម្នាក់ឯង​ រហូត​ដល់​ព្រលប់​ ទើប​នាំ​គ្នា​ដើរ​ក​ តែ​មិនឃើញ​ ។​ លុះ​ព្រឹក​ឡើង​ក៏​បាន​ប្រទះ​ឃើញ​នារី​រង​គ្រោះ​ដេក​ ស្លាប់​ក្នុង​ភក់​ថ្លុក​ក្របី​ក្រោម​ដើម​ចន្ទី​ ក្នុង​រាង​កាយ​អាក្រាត​ ។​ ដែល​រូបភាព​នេះ​ត្រូវ​បាន​សមត្ថកិច្ច​សង្ស័យ​ថា​ ជន​រង​គ្រោះ​ត្រូវ​បាន​ជនសង្ស័យ​ចាប់រំលោភ​សម្លាប់​ ដោយសារ​ជា​ មនុស្ស​ស្គាល់គ្នា​ទើប​គេ​សម្លាប់​បំ​បិត​ភស្តុ​តាង​ ។​

​សមត្ថកិច្ច​បាន​បន្ត​ថា​ ក្រោយ​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​សារភាព​និង​ បង្ហាញ​ពី​សកម្មភាព​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កន្លង​មក​ ។​ ដោយ​មាន​ភស្តុ​តាង​គ្រាប់​គ្រាន់​ ក្នុង​ដៃ​ជនសង្ស័យ​ឈ្មោះ​ លន់​ ឈឺ​ន​ ហៅ​ខ្មៅ​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ នៅ​រសៀល​ថ្ងៃ​ទី​០៤ ​ខែមករា​ ឆ្នាំ២០១៣​ ៕