
ឃាត់ខ្លួនជនសង្ស័យទី២ពាក់ព័ន្ធករណីរំលោភសម្លាប់កប់ក្នុងភក់
ដោយ ៖ ស្រីពៅ ថ្ងៃទី 11 មករា 2013ម៉ោង 11:11:00
ខេត្តកំពង់ធំ ៖ ដោយអនុវត្តតាមដីកានាំខ្លួន របស់លោកព្រះរាជអាជ្ញាអមសលាដំបូងខេត្តជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលស្រុកបារាយណ៍ ឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ បន្ទាប់ពីមានការចង្អុលបង្ហាញពីបក្ខពួក និង សង្ស័យថា មានជាប់ពាក់ព័ន្ធករណីរំលោភសម្លាប់នារីមិនគ្រប់ទឹកម្នាក់ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១២ នៅចំណុចខាងលិចព្រៃចំការចន្ទី ក្នុងភូមិសាស្ត្រ ឃុំត្នោតជុំ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។
ពាក់ព័ន្ធករណីនេះលោកអនុសេនីយ៏ឯក ស្រី ចាន់ ស៊ីណា អធិការរងនគរបាលស្រុកបារាយណ៏ បានឲ្យដឹងថា ជនសង្ស័យឈ្មោះលន់ ឈឺន ហៅខ្មៅ អាយុ១៧ឆ្នាំ ទីលំនៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៏ត្រូវបានសម ត្ថកិច្ចឃាត់ខ្លួនតាមដីកានាំខ្លួនរបស់លោកចៅក្រមសាកសួរ អមសាលាដំបូងខេត្ត ក្រោយពីមានការចង្អុលបង្ហាញពីសង្ស័យជាបក្ខពួកម្នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួនកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៣ និងសង្ស័យថា មានជាប់ពាក់ព័ន្ធករណីរំលោភសម្លាប់ស្ត្រីម្នាក់ឈ្មោះ ឈុំ ស័ន អាយុ២៤ឆ្នាំ ទីលំនៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៏កាលពីថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០១២ ។
សូមបញ្ជាក់ថា ពាក់ព័ន្ធករណីរំលោភសម្លាប់ខាងលើនេះ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៣ ជនសង្ស័យម្នាក់ឈ្មោះ តាំង ចន្នី អាយុ១៧ឆ្នាំ ដែលជាបក្ខពួកត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកបារាយណ៏ ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរួចហើយ ។
គួររំលឹកថា សាកសពស្ត្រីម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញ កាលពីវេលាម៉ោង១១នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២ នៅតំបន់ខាងលិចព្រៃចំការចន្ទីតាអេន ភូមិសាស្ត្រឃុំត្នោតជុំ ចម្ងាយជាង២គីឡូតម៉ែត្រពីភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បន្ទាប់ពីក្រុមគ្រួសារអះអាងថាស្ត្រីខាងលើបានបាត់ខ្លួនកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ ។
ក្នុងហេតុការណ៍ខាលើនេះក្រុមគ្រួសារ បានអះអាងប្រាប់សមត្ថកិច្ចថា កាលពី ព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១២ ម្ដាយនារីរងប្រាប់នារីរងគ្រោះ និងកូនប្រុសថាគាត់ចង់ហូបអំបុក ម្យ៉ាងជិតបុណ្យអកអំបុកផង ហើយក៏បានប្រើនារីរងគ្រោះ និងកូនប្រុស ឲ្យទៅរកច្រូតស្រូវនៅជិតកន្លែងកើតហេតុ ដើម្បីយកមកដាល់អំបុក ។ ប្អូនប្រុសនារីរង គ្រោះបានបន្តថា ពេលម្ដាយប្រើនារីរងគ្រោះក៏បានដើរទៅមុន ហើយខ្លួនក៏ដេញគោឲ្យ ទៅស៊ីស្មៅ តាមក្រោយ ។ ក្រោយចេញផុតពីភូមិបានបន្តិច ខ្លួនក៏បានឮសឡេងបងស្រីស្រែក ហៅតែខ្លួនមិនចាប់អារម្មណ៍ ក៏បន្តចងគោនិងច្រូតស្រូវតែម្នាក់ឯង រហូតដល់ព្រលប់ ទើបនាំគ្នាដើរក តែមិនឃើញ ។ លុះព្រឹកឡើងក៏បានប្រទះឃើញនារីរងគ្រោះដេក ស្លាប់ក្នុងភក់ថ្លុកក្របីក្រោមដើមចន្ទី ក្នុងរាងកាយអាក្រាត ។ ដែលរូបភាពនេះត្រូវបានសមត្ថកិច្ចសង្ស័យថា ជនរងគ្រោះត្រូវបានជនសង្ស័យចាប់រំលោភសម្លាប់ ដោយសារជា មនុស្សស្គាល់គ្នាទើបគេសម្លាប់បំបិតភស្តុតាង ។
សមត្ថកិច្ចបានបន្តថា ក្រោយធ្វើការសាកសួរជនសង្ស័យបានសារភាពនិង បង្ហាញពីសកម្មភាពដែលខ្លួនបានប្រព្រឹត្តកន្លងមក ។ ដោយមានភស្តុតាងគ្រាប់គ្រាន់ ក្នុងដៃជនសង្ស័យឈ្មោះ លន់ ឈឺន ហៅខ្មៅ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៣ ៕
