កាម​រី​ឆ្លាម​ដឹកឈើ​ប្រណីត​បោល​លឿន​បែក​កង់​មុខ​បុក​រះ​ស្លាប់​មនុស្ស​៣​នាក់​​

ដោយ​ ៖ ស៊ាង ​ឡាយ|ថ្ងៃទី 11 មករា 2013 ម៉ោង 13:06:17

ខេត្តក្រចេះ​ ៖​ កា​មា​រី​ឆ្លាម​ដឹកឈើ​ប្រណីត​១​គ្រឿង​បែក​កង់​មុខ​ បុក​រះ​ពេញ​ផ្លូវ​ បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​២​នាក់​ស្លាប់​ និង​កន្លែង​លក់ទំនិញ​ក្បែរ​ចិញ្ចើម​ ផ្លូវ​ម្នាក់​ទៀត​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​នឹង​កន្លែង​កើត​ ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច ​ថ្ងៃ​ទី​១០​ ខែមករា​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ ត្រង់​ចំនុច​ភូមិ​ក្បាល​ត្រាច​ ឃុំ​ស្រែ​ចារ​ ស្រុក​ស្នួល​ខេត្តក្រចេះ​។​

​នគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​ បង្ក​ឡើង​ដោយ​រថយន្ត​១​គ្រឿង​ម៉ាក​កា​មា​រី​ឆ្លាម​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2C-1961​ បើកបរ​ដោយ​ឈ្មោះ​ ខាត់​ ភាព​ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាល​ស្នួល​ ឃុំ​​ស្នួល​ ស្រុក​ស្នួល​ ហើយ​នៅ​ក្នុង​រថយន្ត​បង្ក​ហេតុនេះ​មាន​ផ្ទុក​ទៅ​ដោយ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជា​ច្រើន​ដុំ​។​

​នគរបាល​ចរាចរណ៍​ស្រុក​ស្នួល​បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​កើតហេតុ​ខាងលើ​រថយន្ត​១​គ្រឿង​នេះ​បាន​បើកបរ​ ក្នុង​ល្បឿន​លឿន​និង​បាន​បែក​កង់​មុខ​ខាងឆ្វេង​ ក៏​បាន​រេ​ចង្កូត​ទៅ​បុក​ម៉​តូ​១​គ្រឿង​ម៉ាក​ណេ​វ​ ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​ បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ ចំ​ពីមុខ​ពេញ​ ទំហឹង​ បណ្តាល​ ឲ្យ​ជន​រង​គ្រោះជា​អ្នក​ជិះ​ម៉ូតូ​ពីរ​នាក់​ មាន​ ១.​ឈ្មោះ​ ហុង​ ត្រា​ អាយុ​១៦​ឆ្នាំ​ អ្នក​ឌុ​ប​ និង​ទី​២.​ឈ្មោះ​ យ៉ា​ន​ ស្ងួន​ អាយុ​១៩​ឆ្នាំ​ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ឃុំ​ទ​ន្លូ​ង​ ស្រុក​មេមត់​ ខេត្តកំពង់ចាម​ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ហើយ​រថយន្ត​ក៏​រេ​ចង្កូត​ក្រឡាប់​ ទៅ​បុក​តូប​លក់​ចាប់ហួយ​នៅ​ចិញ្ចើម​ផ្លូវ​ បណ្តាល​ឲ្យ​សង្កត់​លើ​បុរស​ម្នាក់​ឈ្មោះ​ ឆាយ​ ឈួ​ន​ អាយុ​៦០​ឆ្នាំ​ ជា​ម្ចាស់​ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ ភ្លាមៗ​នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អ​ណោ​ច​អធម​ ។​

​ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្កហេតុ​ ដែល​បាន​បុក​រះ​បណ្តាល​ឲ្យ​មាន​មនុស្ស​ចំនួន​បី​នាក់​ ស្លាប់​បន្តបន្ទាប់​គ្នា​នោះ​ ក៏​ត្រូវ​រង​របួសធ្ងន់​ដោយ​ ឈើ​កៀប​បុក​ជាប់​ក្នុង​រថយន្ត​ និង​ត្រូវ​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​នៅ​ប្រទេស​វៀតណាម​។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​មួយ​គ្រឿង​នេះ​ បាន​ដឹកឈើ​ប្រណីត​ប្រភេទ​ ធ្នង់​ចេញ​តំបន់​ភ្នំ​ព្រិច​ ក្នុង​ឃុំ​ស្វាយ​ជ្រះ​ ស្រុក​ស្នួល​ ដឹក​យក​ឆ្ពោះទៅ​លក់​នៅ​វៀតណាម​ តាម​ស្រុក​មេមត់​ ខេត្តកំពង់ចាម​ ។​

​កន្លង​មក​គេ​សង្កេត​ឃើញ​មាន​រថយន្ត​ដឹកឈើ​ជា​ច្រើន​គ្រឿង​តែងតែ​បង្ករ​គ្រោះថ្នាក់​ដល់​បងប្អូន​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​តាម​ដងផ្លូវ​ជា​ញឹកញាប់​។​
​ ក្រោយ​ពី​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ មើល​ដល់ទី​តាំង​កើតហេតុ​ និង​បាន​នាំ​ទាំង​រថយន្ត​ និង​ម៉ូតូ​ មក​រក្សា​ទុក​បណ្តោះអាសន្ន​ នៅ​អធិការ​នគរបាល​ស្រុក​ស្នួល​ ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​ច្បាប់ ​៕