
រថយន្តដឹកកម្មកររោងចក្ររលត់ម៉ាស៊ីនពេលកំពុងឡើងចំណោត កម្មករជិះលើភ័យលោតចុះត្រូវកិនស្លាប់ម្នាក់
ដោយ ៖ ស្អាងជ័យ ថ្ងៃទី 11 មករា 2013ម៉ោង 13:25:12
ខេត្តកណ្តាល ៖ កម្មការិនីរោងចក្រកាត់ដេរម្នាក់បានស្លាប់យ៉ាងអណោចអធ័ម ដោយសារតែរថយន្តដឹកក្រុមកម្មករកិនពីលើ គ្រាដែលនារីរងគ្រោះលោតចុះពីលើរថយន្តរលត់ម៉ាស៊ីន ខណៈពេលបើកបរឡើងចំណោត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៤០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ លើកំណាត់ផ្លូវក្រាលបេតុងមួយខ្សែ ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា នារីរងគ្រោះដែលត្រូវរថយន្តកិនពីលើ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុមានឈ្មោះ លឿន សុខដា អាយុ២០ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរនៅក្នុងក្រុមហ៊ុន7NG មានទីលំនៅក្នុងភូមិព្រែកតាមែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកឯរថយន្តបង្កហេតុជាប្រភេទរថយន្តកូរ៉េដឹកទំនិញ ម៉ាកទីតាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ឃ-១៦៣២ ភព២ បើកបរដោយបុរសម្នាក់ឈ្មោះ ស៊ុយ អាក់ ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកតាមែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ។ ក្រោយពីកើតហេតុបានរត់គេចខ្លួតបាត់ពីកន្លែងកើតហេតុ ។
មន្ត្រីនគរបាលខាងលើបានបន្តថា នៅមុនពេលកើតហេតុ អ្នកបើកបររថយន្តខាងលើបានដឹកក្រុមកម្មករចំនួន៤០នាក់ ចេញពីរោងចក្រកាតដេរ ដែលមានទីតាំងស្ថិតក្នុងក្រុមហ៊ុន7NG ។ ក្រោយពីក្រុមកម្មករឡើងជិះលើរថយន្តហើយនោះអ្នកបើកបរ ក៍បានបើករថយន្តតាមបណ្តោយផ្លូវក្រាលបេតុង ដើម្បីដាក់កម្មនៅតាមផ្ទះរៀងៗខ្លួន ខណៈបើកមកដល់ចំណុចកើតហេតុ អ្នកបើកបររថយន្តបានបើកឡើងទៅលើផ្លូវជាតិលេខ៨ ។ ប្រភពដដែលបានបន្តទៀតថា គ្រាដែលអ្នកបើកបររថយន្តបើកឡើងជិតដល់លើផ្លូវជាតិទៅហើយនោះ ស្រាប់តែរថយន្តរលត់ម៉ាស៊ីន បណ្តាលឲ្យរថយន្តថយក្រោយធ្លាក់ចុះទៅផ្លូវបេតុងវិញ ខណៈនោះក្រុមកម្មករមានការភ័យខ្លាចក៍នាំគ្នាលោតចុះពីលើរថយន្តគ្រប់ៗគ្នា ដោយឡែកនារីរងគ្រោះលោតទៅទាក់ជាមួយដែកទ្រុងរថយន្ត ធ្វើឲ្យខ្ទាតចូលទៅក្រោមរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
លោក កឹម សុគន្ធ អធិការនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា មូលហេតុដែលធ្វើ ឲ្យរថយន្តរលត់ម៉ាស៊ីននោះ មកពីម្ចាស់រថយន្តបានផ្ទុកមនុស្សច្រើននាក់ពេក ហើយទំនងជាអ្នកបើកបររថយន្តមិនបានសាងលេខជាមុន ពេលបើកឡើងផ្លូវដែលមានចំណោតខ្លាំង ទើបបណ្តាលឲ្យរថយន្តរលត់ម៉ាស៊ីន ធ្វើឲ្យកម្មករមានការភ័យខ្លាច នាំគ្នាលោតចុះពីលើរថយន្ត។ លោកអធិការបានបញ្ជាក់ថា ចំពោះរថយន្តបង្កហេតុខាងលើត្រូវបានសមត្ថកិច្ចនគរបាលជំនាញនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឯសពនារីរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
