
លោកស័ក្ដិ៥នៅបណ្ឌិត្យសភានគរបាលកម្ពុជាផឹកស្រវឹងបាញ់មេឃ២គ្រាប់ស្ដារកាណុង
ដោយ ៖ សណ្តោស ថ្ងៃទី 11 មករា 2013ម៉ោង 14:23:00
ខេត្ដកណ្ដាល ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី រសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ ខណៈដែលលោកស័ក្ដិ៥ម្នាក់បម្រើការងារនៅក្នុងអង្គ ភាពបណ្ឌិត្យសភានគរបាលកម្ពុជា ស៊ីផឹកស្រវឹង ទាញកាំភ្លើងបាញ់មេឃចំនួន២គ្រាប់ រួចហើយ ប្រាប់គេឯងថា នេះជារឿងស្ដារកាណុង មិនមានបញ្ហាអ្វីទេ ។
សាក្សីដែលបានឃើញហេតុការណ៍ខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ មន្ដ្រីនគរបាលមួយក្រុម បាននាំគ្នាចូលទៅផឹកស៊ីនៅក្នុងអាហារដ្ឋានមួយកន្លែង ឋិតនៅខាង ក្រោយបណ្ឌិត្យសភានគរបាលកម្ពុជានោះតែម្ដង ឋិតនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។ លុះដល់ម៉ោង៤និង៣០នាទី គេបានឃើញលោកស័ក្ដិ៥ឈ្មោះ “ ញ៉ក់ ” ចេញទៅ នោមនៅខាងក្រៅហាង រួចហើយមិនដឹងជាមានមូលហេតុអ្វី ក៏ដកកាំភ្លើងកា៥៤បាញ់ឡើងលើ ចំនួន២គ្រាប់ ធ្វើឱ្យភ្ញាក់ផ្អើល ទើបឃើញមិត្ដភក្ដិបានទៅសួរនាំថា ហេតុអ្វីក៏បាញ់បែបនេះ ។
សាក្សីបានបន្ដថា លោកស័ក្ដិ៥បានឆ្លើយតបទៅមន្ដ្រីនគរបាលទាំងនោះថា មិនអីទេ គឺជារឿង បាញ់ស្ដារកាណុង រួចហើយក៏ដើរសំដៅចូលទៅក្នុងបណ្ឌិត្យសភានគរបាលកម្ពុជា ។
ប្រជាពលរដ្ឋបានរិះគន់យ៉ាងខ្លាំង ខណៈដែលនាយនគរបាលពាក់ស័ក្ដិ៥បាត់បង់នូវសេចក្ដីថ្លៃ ថ្នូរ និងខុសវិន័យនគរបាលជាតិ បំពានច្បាប់ បាញ់បោះសេរី ធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងសំណូមពរផងដែរដល់សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាថ្នាក់លើ មេត្ដាចាត់វិធានការទៅលើនាយ ន គរបាលរូបនេះ ព្រោះមានអង្គភាពធ្វើការស្រាប់ ក៏ដូចជាមានអត្ដសញ្ញាណច្បាស់លាស់ ជៀសវាង ការអនុវត្ដច្បាប់ធ្វើបានតែទៅលើប្រជាពលរដ្ឋ ឬមន្ដ្រីស្លូតត្រង់នោះ ៕
