ដេញចាប់​ចោរឆក់​ផ្អើល​ខណ្ឌចំការមន​ចាប់​បាន​តែ​ម៉ូតូ​

ដោយ​ ៖ ឡូ​ សំអាត ថ្ងៃទី 11 មករា 2013ម៉ោង 16:29:32

​ភ្នំពេញ​ ៖​ ករណី​ភ្ញាក់ផ្អើល​មួយ​បាន​ កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​ យប់​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៣​ នៅ​មុខ​ មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​សូ​វៀត​ ក្នុង​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ ខណៈ​ដែល​កងកម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​ សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ ដេញ​ឡោម​ព័ទ្ធ​ចាប់​ក្រុម​ចោរ​ដែល​ធ្វើ​ សកម្មភាព​ឆក់​កាបូប​ពី​ស្ដ្រី​ម្នាក់​ ។​ ប៉ុន្ដែ​ការ​ឡោម​ព័ទ្ធ​ខាងលើ​នេះ​ចាប់​បាន​តែ​ម៉ូតូ​ប៉ុណ្ណោះ​ ចំណែក​ចោរ​រត់គេច​ខ្លួន​ បាត់​ស្រមោល​ ។​

​ប្រភព​ព័ត៌មាន​មួយ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​នគរបាល​មូល​ ដ្ឋា​ន​នៅ​ក្នុងភូមិ​សាស្ដ្រ​ខណ្ឌចំការមន​ បាន​ដាក់​ល្បាត​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ស្រាប់តែ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ ម៉ាក​វ៉េវ​ គួរ​ឱ្យ​សង្ស័យ​ក៏​នាំ​គ្នា​ដេញ​ព័ទ្ធ​ ដើម្បី​សាកសួរ​ ។​ ខណៈនោះ​ជនសង្ស័យ​ បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​បាត់​រហូត​ មក​ដល់​មុខ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​សូ​វៀត​ ពួក​គេ​បាន​ផ្ដួល​ម៉ូតូ​ចោល​រត់គេច​ខ្លួន​ចូល​ ទៅ​ក្នុង​លូ​បង្ហូរទឹក​សំអុយ​បាត់​ស្រមោល​ ។​ ដោយ​ក្នុង​ប្រតិបត្ដិការ​យ៉ាង​កក្រើក​ក្នុង​ ខណ្ឌចំការមន​នេះ​ សមត្ថកិច្ច​ឃាត់​ត្រឹម​ ម៉ូតូ​ប៉ុណ្ណោះ​ ព្រោះ​ក្រុម​ជនសង្ស័យ​រត់​ រួច​ដោយ​ស្រួល​ ។​

​ចំពោះ​ម៉ូតូ​ដែល​ក្រុម​ចោរ​ជិះ​ធ្វើ​ សកម្មភាព​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ ឆែកឆេរ​រក​ឃើញ​កាបូប​ស្រី​នៅ​ក្នុង​កែប​ ម៉ូតូ​មាន​អត្ដសញ្ញាណប័ណ្ណ​ និង​លិខិត​ ឆ្លង​ដែន​ រួម​ជាមួយ​ឧបករណ៍​ប្រើប្រាស់​ របស់​ស្រី​មួយ​ចំនួន​ទៀត​ ។

​បន្ទាប់​ពី​សមត្ថកិច្ច​គិត​ថា​ឡោម​ព័ទ្ធ​ ចាប់​ជនសង្ស័យ​មិន​បាន​នោះ​ក៏​ដក​កម្លាំង​ ដើរ​ល្បាត​ក្នុង​មូលដ្ឋាន​ដោយ​បាន​នាំ​យក​ ម៉ូតូ​១​គ្រឿង​របស់​ក្រុម​ជនសង្ស័យ​យក​ទៅ​ រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ ចំការមន​ដើម្បី​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ ៕