
ដេញចាប់ចោរឆក់ផ្អើលខណ្ឌចំការមនចាប់បានតែម៉ូតូ
ដោយ ៖ ឡូ សំអាត ថ្ងៃទី 11 មករា 2013ម៉ោង 16:29:32
ភ្នំពេញ ៖ ករណីភ្ញាក់ផ្អើលមួយបាន កើតឡើងនៅវេលាម៉ោង៨និង២០នាទី យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ នៅមុខ មន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត ក្នុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ខណៈដែលកងកម្លាំងព្រហ្មទណ្ឌខណ្ឌចំការមន សហការជាមួយនគរបាលមូលដ្ឋាន ដេញឡោមព័ទ្ធចាប់ក្រុមចោរដែលធ្វើ សកម្មភាពឆក់កាបូបពីស្ដ្រីម្នាក់ ។ ប៉ុន្ដែការឡោមព័ទ្ធខាងលើនេះចាប់បានតែម៉ូតូប៉ុណ្ណោះ ចំណែកចោររត់គេចខ្លួន បាត់ស្រមោល ។
ប្រភពព័ត៌មានមួយបានបង្ហើបឱ្យដឹងថា មុនពេលកើតហេតុនគរបាលមូល ដ្ឋាននៅក្នុងភូមិសាស្ដ្រខណ្ឌចំការមន បានដាក់ល្បាតក្នុងមូលដ្ឋានរបស់ខ្លួន ស្រាប់តែឃើញជនសង្ស័យ២នាក់ជិះម៉ូតូ ម៉ាកវ៉េវ គួរឱ្យសង្ស័យក៏នាំគ្នាដេញព័ទ្ធ ដើម្បីសាកសួរ ។ ខណៈនោះជនសង្ស័យ បានព្យាយាមជិះម៉ូតូរត់គេចបាត់រហូត មកដល់មុខមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត ពួកគេបានផ្ដួលម៉ូតូចោលរត់គេចខ្លួនចូល ទៅក្នុងលូបង្ហូរទឹកសំអុយបាត់ស្រមោល ។ ដោយក្នុងប្រតិបត្ដិការយ៉ាងកក្រើកក្នុង ខណ្ឌចំការមននេះ សមត្ថកិច្ចឃាត់ត្រឹម ម៉ូតូប៉ុណ្ណោះ ព្រោះក្រុមជនសង្ស័យរត់ រួចដោយស្រួល ។
ចំពោះម៉ូតូដែលក្រុមចោរជិះធ្វើ សកម្មភាពខាងលើនេះសមត្ថកិច្ចបាន ឆែកឆេររកឃើញកាបូបស្រីនៅក្នុងកែប ម៉ូតូមានអត្ដសញ្ញាណប័ណ្ណ និងលិខិត ឆ្លងដែន រួមជាមួយឧបករណ៍ប្រើប្រាស់ របស់ស្រីមួយចំនួនទៀត ។
បន្ទាប់ពីសមត្ថកិច្ចគិតថាឡោមព័ទ្ធ ចាប់ជនសង្ស័យមិនបាននោះក៏ដកកម្លាំង ដើរល្បាតក្នុងមូលដ្ឋានដោយបាននាំយក ម៉ូតូ១គ្រឿងរបស់ក្រុមជនសង្ស័យយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ចំការមនដើម្បីស្រាវជ្រាវតាមចាប់ខ្លួន ជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕
