
ទណ្ឌិត៤០០-៥០០នាក់ត្រូវបន្ធូរបន្ថយនិងលើកលែងទោស ប៉ុន្ដែសម រង្ស៊ី និងម៉ម សូណង់ដូ គ្មានឈ្មោះក្នុងបញ្ជី
ដោយ ៖ ប្រាថ្នា ថ្ងៃទី 11 មករា 2013ម៉ោង 17:51:17
ភ្នំពេញ ៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌បានមានប្រសាសន៍ប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯក្រសួងយុត្ដិធម៌យុត្ដិធម៌កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ម្សិលមិញនេះថា នៅក្នុងព្រះរាជពិធីដង្ហែព្រះបរមរតនកោដ្ឋ និងថ្វាយព្រះភ្លើងព្រះបរមសពរបស់ព្រះមហាវិរក្សត្រ ក្រសួងយុត្ដិធម៌បានរៀប ចំស្នើសុំព្រះរាជក្រឹត្យពីព្រះករុណាព្រះ មហាក្សត្រនៃប្រទេសកម្ពុជាដើម្បីបន្ធូរបន្ថយទោសព្រមទាំងលើកលែងទោស ដល់ទណ្ឌិតពី៤០០ទៅ៥០០នាក់ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ខាងមុខនេះ ខណៈ ដែលអ្នកទាំងនោះកំពុងអនុវត្ដទោសបាន២ភាគ៣ក្នុងពន្ធនាគារនានាដែលតុលាការបានសម្រេចរួចហើយ ។
លោករដ្ឋមន្ដ្រីបានឱ្យដឹងទៀតថា តាមគម្រោងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី សុំឱ្យ ក្រសួងយុត្ដិធម៌រៀបចំការបន្ធូរបន្ថយនិងលើកលែងទោសទណ្ឌិតទាំងនោះក្នុង ពេលដង្ហែព្រះបរមសព ថ្ងៃទី១ ខែកុម្ភៈ ឆ្នា២០១៣ ។
ដោយឡែកចំពោះទណ្ឌិត ដែលមានវ័យចាស់ៗមានជំងឺធ្ងន់ និង ស្ដ្រីដែលមានកូនកំពុងជាប់នៅក្នុងពន្ធ នាគារនោះពួកគាត់និងផ្ដល់អាទិភាពក្នុងនាមមនុស្សធម៌ គឺត្រូវបានបន្ធូរបន្ថយ ទោសនិងដោះលែងពីពន្ធនាគារផងដែរ។ ទណ្ឌិតដែលគ្រោងនឹងបន្ធូរបន្ថយទោស និងលើកលែងទោសត្រូវដោះលែងពីពន្ធនាគារនៅថ្ងៃដង្ហែព្រះបរមសពនោះ អាចនឹងមានចំនួនពី៤០០ទៅ៥០០នាក់។
លោករដ្ឋមន្ដ្រីបានបញ្ជាក់ថា តាមធម្មតា ក្នុងមួយឆ្នាំយើងដោះលែងពីរដង គឺនៅក្នុងពិធីបុណ្យអុំទូកនិងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ។ ប៉ុន្ដែនេះវាជាករណី ពិសេស មួយដែលសម្ដេចតេជាលោកគិតថា ដើម្បីចូលរួមក្នុងពិធីបុណ្យព្រះបរសព ព្រះបរមរតនកោដ្ឋ ។ លោករដ្ឋមន្ដ្រី អង្គ វង្សវឌ្ឍានា បានមានប្រសាសន៍ ទៀតថា បើតាមគម្រោង ទណ្ឌិតនឹងត្រូវ ដោះលែងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ ចំថ្ងៃដង្ហែព្រះសពតែម្ដង ហើយអ្នកទាំង នេះនឹងត្រូវបានអនុញ្ញាតឱ្យទៅចូលរួម ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះសពព្រះមហាវីរក្សត្រនាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០១៣ ។ ករណីនេះក្រសួងមហាផ្ទៃជា អ្នកទទួលខុសត្រូវនាំពួកគាត់ទៅចូលរួមក្នុងពិធីនោះ ហើយបន្ទាប់ពីពិធីថ្វាយព្រះ ភ្លើងចប់ ព្រះករុណា ព្រះមហាក្សត្រនឹង ឡាយព្រះហស្ថលេខាលើកលែងទោស និងដោះលែងនៅក្នុងពេលនោះតែម្ដង។ ដោយឡែកចំពោះករណីលោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ វិញលោក អង្គ វង្សវឌ្ឍានាប្រាប់ថា នៅពុំទាន់ចប់នីតិវិធី នៅឡើយទេ ព្រោះលោក ម៉ម សូណង់ដូ នៅធ្វើការប្ដឹងតវ៉ាតទៅមុខទៀតឯលោក សម រង្ស៊ី អត់មានការលើកលែងទោស ឬបន្ធូរបន្ថយទោសក្នុងថ្ងៃនោះទេ ព្រោះ លោក សម រង្ស៊ី មិនទាន់ជាប់ពន្ធនាគារ ទទួលទោសបានពីរភាគបីដូចគេឯង ៕
