​ឡាន​ដឹកឈើ​ប្រភេទ​លេខ​១​ត្រូវ​បាន​បង្ក្រាប​ដោយ​មេព្រៃ​និង​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​

ដោយ​ ៖ វិចិត្រា|ថ្ងៃទី 12 មករា 2013 ម៉ោង 10:00:59

​ខេត្ដកំពង់ស្ពឺ​ ៖​ រថយន្ដ​ទួ​រី​ស​១​គ្រឿង​ដែល​ផ្ទុក​ ឈើ​ប្រណីត​ជា​ច្រើន​ដុំ​ ត្រូវ​បាន​កម្លាំង​មន្ដ្រី​ ជំនាញ​ស្ទាក់​ចាប់​បាន​ ខណៈ​ដែល​ជន​ឆក់​ឱកាស​កំពុង​ព្យាយាម​បើករថយន្ដ​គេច​ពី​សមត្ថកិច្ច​ ។​ កា​ស្ទាក់​ឃាត់​បាន​ឡាន​ដឹកឈើ​នេះ​កាលពី​ វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ខាងកើត​បន្ទាយ​ទាហាន​ស្រែ​ខ្លុង​ ស្ថិត​ក្នុង​ឃុំ​អូរ​ ស្រុក​ភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ​ ។​

​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ដោយ​ទទួល​ព័ត៌មាន​ពី​បណ្តាញសម្ងាត់​ថា​ មាន​ឈ្មួញ​លួច​បង្កប់​ឈើ​ពីក្រោម​កៅអីអង្គុយ​ ធ្វើ​ដំណើរ​ពី​ខេត្តកោះកុង​ចូល​មក​កាន់​ទឹកដី​ខេត្តកំពង់ស្ពឺ​ ឆ្ពោះ​ចូល​ទីក្រុង​ភ្នំពេញ​ ។​ ម្យ៉ាង​ដោយ​មានការ​សង្ស័យ​រថយន្ដ​ខាងលើ​ មន្ដ្រី​ជំនាញ​ មន្ដ្រី​ផ្នែក​ និង​មន្ដ្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​គី​រី​វ័​ន្ត​ សហកា​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​ នៅ​លើ​ផ្លូវជាតិ​លេខ​៤​ ក៏​បាន​ប្រទះ​ឃើញ​រថយន្ត​ពាក់​ស្លាក​ លេខ​ភ្នំពេញ​ 2U-4101​ នៅ​ចំណុច​ឃុំ​អូរ​ ស្រុក​ភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ​ ខណៈ​ដែល​រថយន្ដ​នេះ​ព្យាយាម​បើក​រត់គេច​ពី​ការ​ដេញចាប់​យ៉ាង​ប្រកិត​របស់​សមត្ថកិច្ច​ ។​ ក្រោយ​ពេល​ឃាត់​បាន​ម្ចាស់​រថយន្ត​ពុំ​បាន​គេចខ្លួន​ទៅ​ណា​នោះ​ទេ​ ដោយ​បាន​យល់ព្រម​ឲ្យ​ជំនាញ​ធ្វើការ​តាម​ច្បាប់​ ស្តី​ពី​ព្រៃឈើ​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ថា​ ក្រោយ​ដកហូត​វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​គី​រី​វន្ត​រួច​មក​ សមត្ថកិច្ច​បាន​ពិនិត្យ​ឃើញ​ថា​ ក្នុង​រថយន្ដ​មាន​ផ្ទុក​ដោយ​ឈើ​ប្រភេទ​លេខ​១​ចំនួន​១២​ដុំ​ ប្រវែង​២​ម៉ែត្រ​ មុខកាត់​៨​ហ៊ុន​ ពេល​នេះ​ជំនាញ​កំពុង​ចាត់ការ​តាម​នីតិវិធី​។​

សូម​បញ្ជាក់​ថា​ ដើមឆ្នាំ​២០១៣​នេះ​ ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​សេដ្ឋ​ សហការ​ជាមួយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​គី​រី​វ័​ន្ត​ បង្ក្រាប​បាន​បទល្មើស​ព្រៃឈើ​បានជា​បន្តបន្ទាប់​ ខណៈ​ពេល​ដែល​ឈ្មួ្ម​ញ​មាន​បំណង​ដឹក​យក​ទៅ​លក់​នៅ​ឯ​ភ្នំពេញ​ ៕​