យី​ឡាក់​ អរគុណ​សម្ដេច​តេ​ជោ​ដែល​ដោះ​លែង​ទណ្ឌិត​ថៃ​

ដោយ​ ៖ ហេង ​សូរិយា ថ្ងៃទី 12 មករា 2013ម៉ោង 10:22:45

​ភ្នំពេញ​ ៖​ គេហទំព័រ​ The​ Nation​ របស់​ប្រទេស​ថៃ​ដែល​បាន​ចេញផ្សាយ​ នៅ​ថ្ងៃ​ទី​១១​ ខែមករា​នេះ​បានឱ្យ​ដឹង​ថា​ លោកស្រី​យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ នាយក​រដ្ឋមន្ដ្រី​ថៃ​បាន​ថ្លែង​អំណរ​អរគុណ​ក្នុង​នាម​ឱ្យ​ប្រជាជន​ថៃ​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​យល់ព្រម​លើកលែង​ ទោស​ដល់​ស្ដ្រី​អ្នកទោស​ថៃ​ រ៉ាត់​ទ្រី​ ផៃ​ប៉ូ​ តា​ណា​ផៃ​ប៊ូ​ន​ និង​អ្នកទោស​បុរស​ថៃ​ វី​រ៉ា​ ស៊ុម​ខ្វាម​ឃី​ដ​ ដែល​នឹង​ត្រូវ​បន្ធូរបន្ថយ​ ទោស​ដើម្បី​អាច​ឈាន​ទៅ​ការ​លើក​លែង​ទោស​នា​ពេល​ខាង​មុខ​ ។​

​លោកស្រី​ យី​ង​ឡាក់​ បាន​បន្ថែម​ថា​ រដ្ឋាភិបាល​ថៃ​នឹង​បន្ដ​ជា​សម្ព័ន្ធមិត្ដ​ដ៏​ល្អ​ ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ។​ ក្នុង​នោះ​ដែល​ លោកស្រី​នាយក​រដ្ឋមន្ដ្រី​ថៃ​បាន​បញ្ជាក់​ថា​ មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​របស់​ លោកស្រី​បាន​ជូនដំណឹង​ដល់​សាច់ញាតិ​ អ្នកទោស​ថៃ​២​នាក់​នោះ​រួចរាល់​ហើយ​ ។​
​រដ្ឋមន្ដ្រី​ក្រសួងយុត្ដិធម៌​លោក​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ ជាតិ​បន្ធូរ​បន្ថយទោស​បាន​មាន​ប្រសាសន៍​ថា​ ទណ្ឌិត​ថៃ​ម្នាក់​ជា​ស្ដ្រី​ឈ្មោះ​ រ៉ាត់​ទ្រី​ ផៃ​ប៉ូ​តា​ណា​ផៃ​ប៊ូ​ន​ (Ratree​ Paiputana​ paiboon)​ នឹង​ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ ។​

​ចំណែកឯ​ទណ្ឌិត​ថៃ​ម្នាក់​ទៀត​ជា​បុរស​ ឈ្មោះ​ វី​រ៉ា ស៊ុមក្វា​ម​ឃី​ត​ (Veera​ Somkwamkid)​ មិន​ត្រូវ​បាន​ដោះ​លែង​ ឱ្យ​មាន​សេរីភាព​ទេ​ ប៉ុន្ដែ​ត្រូវ​បាន​បន្ធូរ​ បន្ថយទោស​៦​ខែ​ក្នុង​ចំណោម​ទោស​សរុប​ ៨​ឆ្នាំ​ ។​

​លោក​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ បាន​មាន​ ប្រសាសន៍​ប្រាប់​អ្នកកាសែត​ថា​ ការ​ដោះ​លែង​ និង​ការ​បន្ធូរ​បន្ថយទោស​នេះ​ គឺ​តាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​ កម្ពុជា​ ។​ លោក​ថ្លែង​យ៉ាងនេះ​ថា​ “​អាហ្នឹង​ គឺថា​សម្ដេច​តេ​ជោ​លោក​សុំ​ឱ្យ​ដោះ​ លែង​ទៅ​នៅ​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ បើ​និយាយ​ ឱ្យ​ចំ​ទៅ​ព្រះរាជ​ពិធី​គឺ​ចាប់ពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ ។​ នៅ​ថ្ងៃ​ទី​៤​ហ្នឹង​ជា​ថ្ងៃ​បូជា​ ប៉ុន្ដែ​ព្រះរាជ​ពិធី​រំកិល​ព្រះ​បរមសព​ចាប់ពី​ថ្ងៃ​ទី​១​ហើយ​”​ ។​

​ព្រះមហាក្សត្រ​ខ្មែរ​ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្ដម​ សីហ​មុនី​ នឹង​ ឡាយព្រះហស្ដលេខា​លើ​សំណើ​របស់​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​ មន្ដ្រី​ខាង​មុខ​នេះ​ ។​

​លោក​ វី​រ៉ា​ ស៊ុមខ្វាម​ឃី​ត​ ត្រូវ​បាន​ សាលាដំបូង​ក្រុងភ្នំពេញ​បាន​កាត់ទោស​កាលពី​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១១​កន្លង​ ទៅ​នេះ​ក្រោម​បទ​ចូល​ទីលាន​យោធា​ កម្ពុជា​ខុសច្បាប់​ក្នុង​បំណង​ទុច្ចរិត​ និង​ បទ​ប្រមូល​ព័ត៌មាន​សំងាត់​ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ​កម្ពុជា​ ។​ រីឯ​អ្នកស្រី​ រ៉ាត់​ទ្រី​ ផៃ​ប៉ូ​តា​ណា​ផៃ​ប៊ូ​ន​ ត្រូវ​បាន​សាលាដំបូង​ ក្រុងភ្នំពេញ​បាន​កាត់ទោស​ឱ្យ​ជាប់គុក​ ក្រោម​បទ​ចោទ​ដូច​គ្នា​ ៕