កាម​រី​គូទស្វិត​បើក​លឿន​ដល់ផ្លូវកោង​ជ្រុល​ចង្កូត​បុក​មនុស្ស​បាក់​.​ក​ស្លាប់​

ដោយ​ ៖ ឦសាន ថ្ងៃទី 12 មករា 2013ម៉ោង 10:41:18

​ខេត្តមណ្ឌលគិរី​ ៖​ ក្មេង​ស្រី​វ័យ​ជំ​ទង​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​ភ្លាមៗ​ ដោយសារ​រថយន្ត​កាម​រី​គូទ​ស្វិត​បើក​លឿន​ រេ​ចង្កូត​ជ្រុល​ទៅ​បុក​ជន​រង​គ្រោះ​នៅ​ខាងឆ្វេង​ដៃ​កំពុង​ជិះ​ម៉ូតូ​ ចេញពី​តូប​លក់ទំនិញ​ កាល​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ផ្លូវកោងលូ​បាក់​ ស្ថិត​ក្នុងភូមិ​អូរ​អាម​ ឃុំ​ស្រែ​ខ្ទុ​ម​ ស្រុក​កែវ​សីមា​ ។​

​សាក្សី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​បង្ក​ម៉ាក​កាម​រី​គូទ​ស្វិត​ ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ​ ង​.៩២៥០.​ភព​២​ បើកបរ​មាន​គ្នា​៣​នាក់​ បើក​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន​ ពេល​មក​ដល់​ផ្លូវ​កោង​បាន​ជាន់​ហ្វ្រាំង​ ហើយ​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ ជ្រុល​ទៅ​បុក​ក្មេង​ស្រី​រង​គ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​ចេញពី​ទិញ​ទំនិញ​ ផ្លោង​ជាង​១០​ម៉ែត្រ​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​បាក់​.​ក​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ហើយ​រថយន្ត​ជ្រុល​ទៅ​ធ្លាក់​ប្រឡាយ​ តែ​អ្នកបើកបរ​មិន​បណ្តាល​ឲ្យ​រង​របួស​ទេ​ បាន​នាំ​គ្នា​បើកទ្វារ​ឡាន​រត់គេច​ខ្លួន​បាត់​អស់​។​

​លោក​វរសេនីយ៍ត្រី​ ស៊ុន​ ប៊ុ​ន​ធឿ​ន​ អធិការ​នគរបាល​ស្រុក​កែវ​សីមា​ បាន​ឲ្យ​ដឹង​ថា​ ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ​ នូវ​ គៀន​ ហៅ​ម៉ា​ប់​ ភេទ​ស្រី​អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​អាម​ ឃុំ​ស្រែ​ខ្ទុ​ម​ ស្រុក​កែវ​សីមា​ ជា​សិស្សសាលា​បាន​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​ ដោយសារ​មាន​របួស​ធ្ងន់ធ្ងរ​ត្រង់​ករ​(​បាក់​ករ​)​។​  

​បច្ចុប្បន្ន​រថយន្ត​នឹង​ម៉ូតូ​សមត្ថកិច្ច​ជំនាញ​​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាលស្រុក ​ដើម្បី​ស្រាវ​ជ្រាវ​រក​អ្នកបើកបរ​បង្ក​ កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ ។​ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​