
គ្រោះធម្មជាតិបាក់ដីសង្កត់ស្លាប់និងបាត់ខ្លួនជិត៥០នាក់នៅចិន
ដោយ ៖ ថាច់ យ៉ាត ថ្ងៃទី 12 មករា 2013ម៉ោង 10:56:23
ផ្ទះពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលភាគខាងត្បូងប្រទេសចិនប្រមាណ៧ខ្នងបានទទួលរងការបាក់ដីសង្កត់ពីលើបណ្ដាលឱ្យពលរដ្ឋ៤៣នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និង៣នាក់ទៀតនៅបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ ។
ប្រធានបក្សកុម្មុយនីស្ដចិនលោក ស៊ី ជីនពីន ប្រធានាធិបតីដែលទើបឡើងកាន់តំណែង និងអនុប្រធានបក្សកុម្មុយនីស្ដលោក Li Keqiang ព្រមជាមួយលោក Wen Jiabao បានបញ្ជាឱ្យយកចិត្ដទុកដាក់ក្នុងកម្រិតខ្ពស់ជួយដល់ជនរងគ្រោះទាំងនោះ ។
យោងតាមប្រភពព័ត៌មានស៊ីនហួ បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងកាលពីថ្ងៃទី១១ខែមករា ឆ្នាំ២០១៣ ស្ថិតនៅភូមិGaopo ខេត្ដយូណាន ប្រទេសចិនសម្លាប់មនុស្ស៤៣នាក់ និងបាត់ខ្លួន៣នាក់ ។ ក្រុមជួយសង្គ្រោះប្រមាណ១.០០០នាក់ និងគ្រឿងចក្រជាច្រើនគ្រឿង ទៀតត្រូវបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីប្រតិបត្ដិការជីកកកាយដីរាវរកជនរងគ្រោះ ខណៈដែលរថយន្ដសាម៉ុយជាច្រើនគ្រឿងបន្ដដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យយ៉ាងទ្រហឹងអឺងកង ។
លោក Sun Anfa ប្រធានក្រុមជួយសង្គ្រោះបានថ្លែងប្រាប់ប្រភពគេហទំព័រស៊ីនហួថា ផ្ទាំងដីប្រវែង៣០០ម៉ែត្រ ទទឹង៨០ម៉ែត្រ និងកម្រាស់៣០ម៉ែត្រ បានបាក់ធ្លាក់ចុះមកសង្កត់ផ្ទះសម្បែង និងពលរដ្ឋក្មេង ចាស់ ប្រុសស្រីគួរឱ្យ អាណោចអាធ័មបំផុត ។ អ្នកខ្លះរត់រួចខ្លួន ប៉ុន្ដែអ្នកខ្លះទៀតរត់មិនទាន់ក៏ត្រូវរបួសហើយបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
លោក Sun Anfa បានបន្ដទៀតថា ប្រតិបត្ដិការជួយសង្គ្រោះមានការលំបាកជាខ្លាំងដោយសារតែផ្ទាំងដីនេះ មានទំហំធំរាប់ពាន់ម៉ែត្រគូបឯណោះ ហើយម្យ៉ាងវិញទៀតអាកាសធាតុនៅតំបន់នេះមិនអំណោចផលល្អ ពីព្រោះភ្លៀងនិងអ័ព្ទនៅបន្ដធ្លាក់ធ្វើឱ្យត្រជាក់រងារជាខ្លាំង ។
បុរសឈ្មោះZhou Benju អ្នករស់នៅកន្លែងកើតហេតុបាននិយាយទឹកភ្នែកហូរប្រាប់ថា “សាច់ញាតិរបស់ខ្ញុំទាំងអស់រូមមាន ជីតាខ្ញុំ, ឪពុកម្ដាយ, បង ប្រុស, ឪពុកមាខ្ញុំ និងគ្រួសាររបស់គាត់បានស្លាប់ទាំងអស់គ្នានៅក្នុងហេតុការណ៍ ដ៏រន្ធត់នេះ” ។
អ្នកភូមិម្នាក់ទៀតដែលមានសំណាងរួចផុតពីក្ដីស្លាប់ឈ្មោះ Li Yongju បាន ប្រាប់ថា “យើងបានខិតខំរុញច្រានអូស អ្នកភូមិជាច្រើននាក់ចេញពីផ្ទាំងដីដែលបាក់សង្កត់នេះ, ប៉ុន្ដែគួរឱ្យសោកស្ដាយអ្នកដែលរងរបួសធ្ងន់បានលាចាកលោកនៅក្បែរនោះតែម្ដង” ។
របាយការណ៍ក្រុមផែនដីវិទ្យាបានប្រកាសថា មូលហេតុបណ្ដាលឱ្យបាក់ដីនោះគឺដោយសារភ្លៀងនិងព្រិលធ្លាក់ខ្លាំងនៅប៉ុន្មានថ្ងៃជាប់ៗគ្នា ៕
