​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​អរគុណ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច

ដោយ​ ៖ ហេង ​សូរិយា ថ្ងៃទី 12 មករា 2013ម៉ោង 11:04:04

​ភ្នំពេញ​ ៖​ សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ៍​សាល​ ជា​ ស៊ី​ម​ ប្រធាន​គណបក្ស​ប្រជា​ ជន​កម្ពុជា​កាលពី​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​ ២០១៣​ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ ផ្ញើ​ជូន​លោក​ កែវ​ ពុទ្ធរស្មី​ មគ្គុទ្ទេសក៍​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ដើម្បី​ថ្លែង​អំណរ​ គុណ​ចំពោះ​ការ​ប្រកាស​គាំទ្រ​បេក្ខភាព​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ធ្វើ​ជានា​យក​ រដ្ឋមន្ដ្រី​សម្រាប់​អាណត្ដិ​ទី​៥​បន្ដ​ទៀត​ ។​

​លិខិត​របស់​សម្ដេច​ ជា​ ស៊ី​ម​ បាន​បរិយាយ​ថា​ សម្ដេច​និង​សម្ដេច​ ហ៊ុន​ សែន​ បាន​ទទួល​រួច​ហើយ​លិខិត​ចុះ​ថ្ងៃ​ ទី​៨​ ខែមករា​ ឆ្នាំ​២០១៣​ របស់​លោក​ កែវ​ ពុទ្ធរស្មី​ មគ្គុទ្ទេសក៍​គណបក្ស​ហ្វ៊ុ​ន​ ស៊ិ​ន​ប៉ិច​ ដែល​បាន​អបអរ​សារ​ទរ​ដល់​ ទិវា​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៤​ នៃ​ទិវា​ជ័យជម្នះ​៧​មក​រា​ ។​

​លិខិត​របស់​សម្ដេច​ ជា​ ស៊ី​ម​ បាន​បន្ដ​ថា​ សម្ដេច​ និង​សម្ដេច​ ហ៊ុន​ សែន​ សូម​ថ្លែងអំណរគុណ​ចំពោះ​គណបក្ស​ ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ដែល​បាន​វាយតម្លៃ​ខ្ពស់​ នូវ​សុរ​ន្ទ​កថា​ របស់​សម្ដេច​ ហេង​ សំ​រិ​ន​ និង​បាន​គាំទ្រ​បេក្ខភាព​សម្ដេច​ ហ៊ុន​ សែន​ ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​សម្រាប់​អាណត្ដិ​ទី​៥​។​ ​ចំពោះ​បញ្ហា​ទំនាក់ទំនង​រវាង​គណ​ បក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​ហ្វ៊ុ​ន​ ស៊ិ​ន​ប៉ិច​នោះ​សម្ដេច​ ជា​ ស៊ី​ម​ បាន​វាយ​ តម្លៃ​ខ្ពស់​ និង​ជូនពរ​ឱ្យ​ចំណងទាក់ទង​នៃ​ កិច្ច​សហប្រតិបត្ដិការ​រវាង​គណបក្ស​ ទាំង​ពីរ​កាន់តែ​ត្រូវ​បាន​ពង្រឹង​និង​ពង្រីក​ ដើម្បី​ជា​ឧត្ដម​ប្រយោជន៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តទៅ​ទៀត​មុខ​ទៅ​ ។​

​នៅ​ក្នុង​អង្គ​មី​ទ្ទិញ​រំឭក​ខួប​ទី​៣៤​ឆ្នាំ​ នៃ​ទិវា​ជ័យជម្នះ​ ៧​ មក​រា​ កាលពី​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​ សម្ដេច​ ហេង​ សំ​រិ​ន​ ប្រធានកិត្ដិយស​គណបក្ស​ ប្រជាជន​កម្ពុជា​បាន​ប្រកាស​ថា​ ក្នុង​នាម​ គណបក្ស​ប្រជាជន​កម្ពុជា​ សម្ដេច​បញ្ជាក់​ ជា​ថ្មី​ទៀត​នូវ​ការ​គាំទ្រ​បេក្ខភាព​សម្ដេច​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ដ្រី​សម្រាប់​ នីតិកាល​ទី​៥​និង​នីតិកាល​បន្ដបន្ទាប់​ទៀត​។​

​គួរ​បញ្ជាក់​ថា​ គណបក្ស​ប្រជាជន​ កម្ពុជា​និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ គឺជា​ ដៃគូរ​សហការ​គ្នា​នៅ​ក្នុង​ជួរ​រាជរ​ដ្ឋា​ ភិ​បាល​នា​ពេល​បច្ចុប្បន្ន​នេះ​ ៕