
ឈើអារនិងសសរបង្កប់ក្រោមអុសនិងក្រដាសអេតចាយបង្ក្រាបដោយមេព្រៃនិងអាវុធហត្ថផ្ទៃប្រទេស
ដោយ ៖ វិចិត្រា ថ្ងៃទី 12 មករា 2013ម៉ោង 11:23:15
ខេត្ដកំពង់ស្ពឺ ៖ រថយន្ដកូរ៉េ១គ្រឿងដែលផ្ទុកឈើអារជាច្រើនសន្លឹក ត្រូវបានកម្លាំងមន្ដ្រីជំនាញស្ទាក់ចាប់បាន ខណៈដែលជនឆក់ឱកាសកំពុងព្យាយាមបើករថយន្ដគេចពីសមត្ថកិច្ច ។ កាស្ទាក់ឃាត់បានឡានដឹកឈើនេះ កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ នៅចំណុចភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។
ប្រភពសមត្ថកិច្ចបានឱ្យដឹងថា ដោយទទួលព័ត៌មានពីកម្លាំងសម្ងាត់ថាមានឈ្មួញលួចបង្កប់ឈើអារពីក្រោមអុស ដោយមានការសង្ស័យ មន្ដ្រីជំនាញ មន្ដ្រីខណ្ខរដ្ឋបាលព្រៃឈើកណ្តាល ផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងមន្ដ្រីសង្កាត់រដ្ឋបាល ព្រៃឈើសំរោងទងសហកាជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រទះឃើញរថយន្តដែលមានភិនភាគដូចសេក្តីរាយការណ៏ ខណៈដែលរថយន្ដនេះព្យាយាមបើករត់គេចពីការដេញចាប់យ៉ាងប្រកិតរបស់សមត្ថកិច្ច ។ ក្រោយពេលឃាត់បានសមត្ថកិច្ចចំរុះបានរកឃើញថា ពិតជាមានឈើបង្កប់ពីក្រោមអុសដូចសេចក្តីរាយការណ៏មែន ម្ចាស់រថយន្តពុំបានគេចខ្លួនទៅណានោះទេ ដោយព្រមឲ្យជំនាញធ្វើការតាមច្បាប់ ស្តីពីព្រៃឈើ ។
ប្រភពដដែលបានបន្ដថា ក្រោយដកហូតវត្ថុតាងយកមករក្សាទុកនៅផ្នែក រដ្ឋបាលព្រៃកំពង់ស្ពឺរួចមក សមត្ថកិច្ចបានពិនិត្យឃើញថា ក្នុងរថយន្ដមានផ្ទុកដោយឈើអារ ចំនួន៥១សន្លឹក ប្រវែង២ម៉ែត្រ កំរាស់២ហ៊ុន និងសសរ៥ដើម ពេលនេះជំនាញកំពុងតែធ្វើការតាមនីតិវិធី។
ក្នុងថ្ងៃដដែលនោះដែរ កម្លាំងចម្រុះខាងលើ បានស្ទាក់ឃាត់ឡានដឹកឈើប្រភេទទួរីស១គ្រឿងទៀត នៅចំណុចខាងលើ ដោយរថយន្តនោះមានលួចបង្កប់សសរជ្រុង៨ដើម ក្រោមក្រដាសអេតចាយ ។ រថយន្តដែលត្រូវឃាត់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌កណ្តុរប្រមេះ ពាក់ផ្លាកលេខតាកែវ2A-0678 ពេលនេះជំនាញកំពុងកសាងឯកសារ ដើម្បីឲ្យម្ចាស់ចូលខ្លួនបង់ពិន័យចូលថវិការដ្ឋ ៕
