ឈើ​អារនិងសសរ​បង្កប់​ក្រោម​អុស​និង​ក្រដាស​អេ​ត​ចាយ​​បង្ក្រាប​ដោយ​មេព្រៃ​និង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​

ដោយ​ ៖ វិចិត្រា|ថ្ងៃទី 12 មករា 2013 ម៉ោង 11:23:15

​ខេត្ដកំពង់ស្ពឺ​ ៖​ រថយន្ដ​កូរ៉េ​១​គ្រឿង​ដែល​ផ្ទុក​ឈើ​អារ​ជា​ច្រើន​សន្លឹក​ ត្រូវ​បាន​កម្លាំង​មន្ដ្រី​ជំនាញ​ស្ទាក់​ចាប់​បាន​ ខណៈ​ដែល​ជន​ឆក់​ឱកាស​កំពុង​ព្យាយាម​បើករថយន្ដ​គេច​ពី​សមត្ថកិច្ច​ ។​ កា​ស្ទាក់​ឃាត់​បាន​ឡាន​ដឹកឈើ​នេះ ​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ភូមិ​តា​ម៉ុ​ល​ សង្កាត់​ច្បារមន​ ក្រុង​ច្បារមន​ ខេត្ដកំពង់ស្ពឺ​ ។​

​ប្រភព​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ដោយ​ទទួល​ព័ត៌មាន​ពី​កម្លាំង​សម្ងាត់​ថា​មាន​ឈ្មួញ​លួច​បង្កប់​ឈើ​អារ​ពីក្រោម​អុស​ ដោយ​មានការ​សង្ស័យ​ មន្ដ្រី​ជំនាញ​ មន្ដ្រី​ខ​ណ្ខ​រដ្ឋបាល​ព្រៃឈើ​កណ្តាល​ ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ​ និង​មន្ដ្រីសង្កាត់​រដ្ឋបាល​ ព្រៃឈើ​សំរោង​ទង​សហកា​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ប្រទះ​ឃើញ​រថយន្ត​ដែល​មាន​ភិនភាគ​ដូច​សេ​ក្តី​រាយ​ការ​ណ៏​ ខណៈ​ដែល​រថយន្ដ​នេះ​ព្យាយាម​បើក​រត់គេច​ពី​ការ​ដេញចាប់​យ៉ាង​ប្រកិត​របស់​សមត្ថកិច្ច​ ។​ ក្រោយ​ពេល​ឃាត់​បាន​សមត្ថកិច្ច​ចំរុះ​បាន​រក​ឃើញ​ថា​ ពិតជា​មាន​ឈើ​បង្កប់​ពីក្រោម​អុស​ដូច​សេចក្តី​រាយ​ការ​ណ៏​មែន​ ម្ចាស់​រថយន្ត​ពុំ​បាន​គេចខ្លួន​ទៅ​ណា​នោះ​ទេ​ ដោយ​ព្រម​ឲ្យ​ជំនាញ​ធ្វើការ​តាម​ច្បាប់​ ស្តី​ពី​ព្រៃឈើ​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ថា​ ក្រោយ​ដកហូត​វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​ផ្នែក​ រដ្ឋបាល​ព្រៃ​កំពង់ស្ពឺ​រួច​មក​ សមត្ថកិច្ច​បាន​ពិនិត្យ​ឃើញ​ថា​ ក្នុង​រថយន្ដ​មាន​ផ្ទុក​ដោយ​ឈើ​អារ​ ចំនួន​៥១​សន្លឹក​ ប្រវែង​២​ម៉ែត្រ​ កំរាស់​២​ហ៊ុន​ និង​សសរ​៥​ដើម​ ពេល​នេះ​ជំនាញ​កំពុង​តែ​ធ្វើការ​តាម​នីតិវិធី​។​

​ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ​ កម្លាំង​ចម្រុះ​ខាងលើ​ បាន​ស្ទាក់​ឃាត់​ឡាន​ដឹកឈើ​ប្រភេទ​ទួ​រី​ស​១គ្រឿង​ទៀត ​នៅ​ចំណុច​ខាងលើ​ ដោយ​រថយន្ត​នោះ​មាន​លួច​បង្កប់​សសរ​ជ្រុង​៨​ដើម​ ក្រោម​ក្រដាស​អេ​ត​ចាយ​ ។​ រថយន្ត​ដែល​ត្រូវ​ឃាត់​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​កណ្តុរ​ប្រមេះ​ ពាក់​ផ្លា​ក​លេខ​តាកែវ​2A-0678​ ពេល​នេះ​ជំនាញ​កំពុង​កសាង​ឯកសារ​ ដើម្បី​ឲ្យ​ម្ចាស់​ចូលខ្លួន​បង់​ពិន័យ​ចូល​ថវិការដ្ឋ​ ៕​