
នៅឆ្នាំ២០១២កម្ពុជាទទួលបានភ្ញៀវទេសចរអន្ដរជាតិគ្រប់ជាតិសាសន៍ជាង៣លាន៥សែននាក់
ដោយ ៖ ហេង សូរិយា ថ្ងៃទី 12 មករា 2013ម៉ោង 16:01:26
ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោកថោង ខុន បានលើកឡើងថា នៅឆ្នាំ២០១២កន្លងទៅនេះ កម្ពុជាទទួល បានភ្ញៀវទេសចរអន្ដរជាតិប្រមាណជាង ៣លាន៥សែននាក់ក្នុងអត្រាកំណើន២៥ភាគរយ ហើយសម្រាប់ឆ្នាំ២០១៣ យើង រំពឹងថានឹងទទួលបានកំណើនបន្ថែមរហូត ដល់ប្រហែល៣លាន៨សែននាក់ ។
ថ្លែងនៅក្នុងពិធីប្រគល់មេដាយឆ្នើមដល់សិស្សជ័យលាភីរបស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដែលបាន ចូលរួមក្នុងការប្រកួតជំនាញចម្អិនម្អូបអាស៊ានឆ្នាំ២០១២កន្លងមកនៅទីក្រុង ហ្សាការតា ប្រទសឥណ្ឌូណេស៊ី កាលពីរសៀល ថ្ងៃទី១០ ខែមករា នៅអង្គការ ដើម្បីភាពញញឹមនៃកុមារ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ការកើនឡើងអ្នកទេសចរអន្ដរជាតិ នេះ គឺដោយសារតែនៅឆ្នាំ២០១២កម្ពុជា ធ្វើជាប្រធានអាស៊ាន ហើយបានធ្វើ ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដទៃទៀត ដែលជាកត្ដាជំរុញការទាក់ទាញទេសចរ បានយ៉ាងច្រើន ជាពិសេសតាមរយៈការ ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជានិងក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សាយបានយ៉ាងទូលំទូលាយ និងប្រកប ដោយភាពស៊ីជម្រៅ ។
លោករដ្ឋមន្ដ្រី ថោង ខុន លើកឡើងថា ក្នុងចន្លោះពី២០ទៅ២៥ភាគរយ ក្នុងឆ្នាំ ២០១៣ យើងគិតថានឹងទទួលបានទេសចរ អន្ដរជាតិប្រហែលជា៣លាន៨សែននាក់ ហើយគោលដៅរបស់ក្រសួងអាចសម្រេច បាននៅឆ្នាំ២០១៤ ប្រហែលជា៤លាន២ សែននាក់ និងនៅឆ្នាំ២០១៥យើងអាច ទទួលបានប្រហែល៤លាន៥សែននាក់ ។
លោករដ្ឋមន្ដ្រីបានបន្ដថា ក្នុងក្របខ័ណ្ឌនៃគោលដៅយុទ្ធសាស្ដ្រអភិវឌ្ឍន៍ ធនធានមនុស្សក្រសួងទេសចរណ៍បាន លើកទឹកចិត្ដ និងគាំទ្រដល់ការអប់រំបណ្ដុះ បណ្ដាលវិស័យទេសចរណ៍ក្នុងគ្រប់រូបភាព និងកម្រិតតាមបណ្ដាសាកលវិទ្យាល័យ សាលាបណ្ដុះបណ្ដាលអង្គការ ឬស្ថាប័ន ជាតិនិងអន្ដរជាតិសំដៅលើកកម្ពស់ គុណភាពសេវាកម្មទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរឡើងដើម្បីទទួលបានឧត្ដម ភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ និង ក្នុងពិភពលោក ។
កញ្ញា អៀត សុខចាន់សុខ ដែលទទួលបានជ័យលាភីមេដាយសំរឹទ្ធិនៅ ក្នុងការប្រកួតជំនាញវិជ្ជាជីវៈអាស៊ានឆ្នាំ២០១២ តំណាងឱ្យកម្ពុជា និងជាអតីត សិស្សរៀនផ្នែកជំនាញចម្អិនម្អូបនៃ សាលាបណ្ដុះបណ្ដាលអង្គការដើម្បីភាពញញឹមនៃកុមារ បាននិយាយថា ការទទួលបានពានរង្វាន់នេះ គឺជាកិត្ដិយសដ៏ ធំធេងសម្រាប់ប្រទេសកម្ពុជាទាំងមូល ហើយកញ្ញាមានចិត្ដរីករាយដែលបាន ចូលរួមតំណាងឱ្យប្រទេសកម្ពុជា និង មានមោទនភាពយ៉ាងខ្លាំងក្នុងការទទួល បានជ័យលាភីក្នុងចំណោមបណ្ដាប្រទេស អាស៊ានទាំងអស់ ។
កញ្ញាបន្ដថា ការទទួលបានមេដាយ ផ្នែកចុងភៅនៃការប្រកួតអាស៊ាននេះ គឺពិតជាអស្ចារ្យសម្រាប់ខ្ញុំណាស់ ព្រោះ ថាវាជាលើកទី១ក្នុងការចូលរួមប្រកួត ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលសម្រាប់ នាង និងប្រទេសកម្ពុជាទាំងមូល ។
សូមបញ្ជាក់ថា ការប្រកួតជំនាញ វិជ្ជាជីវៈអាស៊ានឆ្នាំ២០១២ នៅទីក្រុង ហ្សារកាតា ប្រទសឥណ្ឌូណេស៊ី ដែល ប្រទេសកម្ពុជាបានជ្រើសរើសតំណាង សិស្ស២រូបទៅចូលរួមប្រកួតប្រជែង ដែលការប្រកួតនេះត្រូវបានរៀបចំឡើង រៀងរាល់២ឆ្នាំម្ដងក្នុងបណ្ដាប្រទេសជា សមាជិកអាស៊ាន លើវិញ្ញាសា២១ និង មានបេក្ខជនចូលរួមប្រកួត២៨០នាក់ មកពីប្រទេស១២ ៕
